
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4383 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016550 នាក់
ប្រទេសម៉ាឡេស៊ី៖ មេដឹកនាំអាស៊ាន នៅថ្ងៃអង្គារ ទី២៧ ខែឧសភា បានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលប្រទេសសមាជិក អាចនឹងសម្រេចបានជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធគយ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសសមាជិកផ្សេងទៀតឡើយ។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter។តើនេះជាការប្រតិកម្មរបស់អាមជាមួយប្រទេសអាមេរិកក្នុងរដ្ឋការលោកដូណាល់ត្រាំដែលដាក់ចេញនូវពន្ធគយធ្ងន់ធ្ងរលើបណ្តាប្រទេសអាស៊ានដើម្បីទប់ស្កាត់ការហូរចូលទំនិញចិននៅក្រុមមូលហេតុអតុល្យភាពនៃជញ្ជីងពាណិជ្ចកម្ម?។
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានមានប្រសាសន៍ថា មានការឯកភាពគ្នាក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងកូឡាឡាំពួថា កិច្ចព្រមព្រៀងណាមួយជាមួយក្រុងវ៉ាស៊ីនតោន ត្រូវតែធានាថាផលប្រយោជន៍ក្នុងតំបន់ទាំងមូលត្រូវបានការពារ។ លោកបានបញ្ជាក់ថា លោកបានសរសេរទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្នើសុំកិច្ចពិភាក្សាអាស៊ាន-អាមេរិក ហើយថា «យើងត្រូវតែការពារផលប្រយោជន៍របស់ប្រជាជន ៦៥០ ឬ ៦៦០លាននាក់របស់យើង»។
នៅក្នុងកិច្ចប្រជុំអាស៊ាននេះដែរ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) បានលើកទឹកចិត្តដល់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឈូងសមុទ្រ ឱ្យកាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងបើកទូលាយបន្ថែមទៀតចំពោះដំណើរការសេដ្ឋកិច្ច មិនថាជាពាណិជ្ជកម្ម និងការវិនិយោគក៏ដោយ។ លោកលី បានថ្លែងយ៉ាងដូច្នេះអំឡុងស្ថិតក្នុងពិធីពិសារភោជនាហារពេលល្ងាច នៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាកិច្ចប្រជុំដែលមានវត្តមានរបស់បណ្ដាមេដឹកនាំនានាក្នុងតំបន់អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ។
ការអត្ថាធិប្បាយរបស់លោកលី កើតឡើងនៅស្របពេលពាណិជ្ជកម្មពិភពលោក កំពុងតែស្ថិតនៅក្រោមសម្ពាធជាខ្លាំង នៅពេលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន នាំឱ្យប្រទេសទាំងពីរដំឡើងពន្ធលើគ្នាទៅវិញទៅមក។ ទោះបីជានៅពេលបន្តបន្ទាប់មកទៀត មានការកាត់បន្ថយពន្ធជាច្រើនតាមរយៈការចរចាក៏ដោយ ក៏ភាពតានតឹងហូរហែមកនេះ បានបង្កើតនូវឥទ្ធិពលអវិជ្ជមានរយៈពេលវែងដល់សេដ្ឋកិច្ចពិភពលោក ។
ក្នុងពេលដែលចិនមានបញ្ហាប្រឈមដោយសារកាដាក់ពន្ធពីអាមេរិក លោកនាយករដ្ឋមន្ត្រីលី (Li) បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្តប្រសើរឡើងវិញហើយចាប់តាំងពីដើមឆ្នាំនេះ ស្របពេលការនាំចេញនៅតែមានភាពរឹងមាំ ទោះបីជាស្ថិតនៅក្រោមសម្ពាធពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ ។
លោកក៏បានលើកឡើងដែរថា រដ្ឋាភិបាលចិន គ្រោងនឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលដល់កម្រិតកំណត់ត្រាមួយនៅក្នុងឆ្នាំនេះ ដោយផ្នែកមួយនៃការចំណាយនេះ នឹងផ្ដោតលើការលើកទឹកចិត្តសម្រាប់អតិថិជន ដើម្បីជំរុញតម្រូវការប្រើប្រាស់នៅក្នុងប្រទេស ។
សូមបញ្ជាក់ថាប្រព័ន្ធឃោសនារបស់ប្រទេសម៉ាឡេស៊ីបានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធទី២៨ឧសភាថា នៅក្នុងជំនួបកំពូលរវាងចិន ក្រុមប្រឹក្សាសហបត្តិការប្រទេសឈូងសមុទ្រ ហើយនិងអាស៊ាន ត្រូវគេចាត់ទុកថា ជាកិច្ចប្រជុំកំពូលលក្ខណៈប្រវត្តិសាស្ត្រមួយក្នុងក្របខណ្ឌអាស៊ាន ដែលមានប្រទេសម៉ាឡេស៊ីធ្វើជាអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៥។ប្រព័ន្ធផ្សព្វផ្សាយរបស់សិង្ហបុរីវិញ បានលើកឡើងដែរថា កិច្ចប្រជុំនេះត្រូវគេហៅថា មួយបូកមួយ បូកមួយ ធំជាងបី(‘1+1+1 greater than 3’) ក្នុងន័យសំដៅទៅលើការបង្កើតម៉ូដែលសហប្រតិបត្តិការសកលលោកថ្មីរវាងប្លុកពិភពអារ៉ាប់ ចិន និងអាស៊ានដែលទាំង៣ នេះ មានលក្ខណៈវិសាលភាពគ្របដណ្តប់ធំជាង៣ទៅទៀត។
ក្រុមសហការគ្នាទាំង៣ នេះ ត្រូវគេចាត់ទុកថា ជាជំនួបបើកផ្លូវប្រវត្តិសាស្ត្រលើកដំបូង ខណៈមេដឹកនាំទាំងអស់នោះបានធ្វើការអំពាវនាវសូមឱ្យមានពង្រីកនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់បន្តទៀត បើទោះបីជាធ្លាប់មានការខ្វែងយោបល់គ្នាលើដំណាក់កាលអភិវឌ្ឍន៍ និងសាវតារអរិយធម៌ សាសនាផ្សេងៗគ្នាក៏ដោយ។កិច្ចសហការទាំង៣ភាគី ត្រូវគេមើលឃើញថា ជាការបង្កើតឱ្យមានឡើងនូវម៉ូដែលប្រភេទថ្មី ក្នុងគោលដៅដើម្បីបើករណសិរ្សរួមគ្នាប្រឆាំងទៅនឹងភាពស្មុគ្រស្មាញ និងមិនប្រាកដប្រជានៅក្នុងបរិបទសកលលោក(ពិសេសអាមេរិកតែម្តង)។
ជាក់ស្តែងការលេចចេញឡើងនូវកិច្ចសហប្រតិបត្តិការត្រីភាគីនេះសោតទៀតបានកើតមានឡើងគាប់ជួនគ្នានៃប្រទេសជាដៃគូរបស់ខ្លួន ចាប់ផ្តើមរងគ្រោះចេញពីការគំរាមកំហែងលើតារាងពន្ធគយដែលដាក់ចេញដោយសហរដ្ឋអាម៉េរិក។
ទាំងប្រទេសចិន និងប្រទេសស្ថិតនៅក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់ឈូងសមុទ្រ រួមមានប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ហ្គាតា គុយវ៉េត បារ៉ែន និងប្រទេសអូម៉ង់ បានក្លាយទៅជាដៃគូថ្មីជាមួយនឹងអាស៊ាន។លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៥ បានជំរុញឱ្យកើតមានឡើងនូវជំនួបកំពូលត្រីភាគីនេះឡើង ដោយលោកបានហៅថា ជាសករាជថ្មី នៅក្នុងក្របខណ្ឌកិច្ចសន្ទនា និងសហប្រតិបត្តិការ។
លោកបន្តទៀតថា ខ្ញុំសង្ឃឹមថា ជំនួបកំពូលត្រីភាគីនេះ អាចនឹងឈររឹងមាំឆ្ពោះទៅរកការបង្កើតនូវទំព័រធ្វើដំណើរថ្មីរបស់អាស៊ាន ហើយក៏ជាការបង្ហាញឱ្យឃើញនេះជាអ្វីដែលអាស៊ានសម្រេចបាន ដោយបានចែករំលែកនូវគោលបំណង និងការគោរពគ្នាទៅវិញទៅមក។លោកនាយករដ្ឋមន្ត្រីចិន លី ឈៀង បានលើកឡើងកាលពីថ្ងៃចន្ទថា ប្រទេសចិនកំពុងតែរំពឹងរកនូវការពង្រឹងនិងពង្រីកសហប្រតិបត្តិការនៅក្នុងអាស៊ាន និងរដ្ឋស្ថិតនៅតាមឈូងសមុទ្រ ក្នុងគោលដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ី។
លោកនាយករដ្ឋមន្ត្រីចិនដដែលរូបនេះ បានបន្ទតាមនូវសុន្ទរកថាបើកកិច្ចរបស់លោកថែមទៀតថា ដៃគូថ្មី អាចនឹងបង្កើតឱ្យមានឡើងនូវស៊េរីម៉ូដែលសហប្រតិបត្តិការ និងការអភិវឌ្ឍសកល នៅក្នុងសករាជនេះ។ដោយយោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ តារាងពាណិជ្ជកម្មទំនិញរបស់ក្រុមប្រទេសអារ៉ាប់នៅតាមឈូងសមុទ្រ(GCC) ដែលមានជាមួយនឹងប្រទេសចិនបានកើនឡើងដល់ជិត២៩៨ពាន់លានដុល្លារអាម៉េរិក ស្របពេលដែលប្លុកពិភពអារ៉ាប់បានអះអាងថា ក្រុមប្រទេសរបស់ខ្លួនបាននាំប្រេងឥន្ធនៈឆៅចេញទៅកាន់ប្រទេសចិនមានទំហំគិតជាភាគរយប្រមាណជា៣៦%។
ដោយឡែកនៅក្នុងដំណាលគ្នានេះដែរ ពាណិជ្ជកម្មរវាងអាស៊ាន និងក្រុមប្រទេសពិភពអារ៉ាប់វិញ បានស្ថិតនៅលើជញ្ជឹងពាណិជ្ជកម្មប្រមាណជា ១៣០.៧ពាន់លានដុល្លារអាម៉េរិក ដែលគេចាត់ទុកថា ជាដៃគូពាណិជ្ជកម្មអាស៊ានលំដាប់ទី៧។រីឯប្រទេសចិន ក៏នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានមានទំហំទឹកប្រាក់ប្រមាណជា៦៩៦.៧ពាន់លានដុល្លារអាម៉េរិក និងទទួលការវិនិយោគបរទេសដោយត្រង់ប្រមាណជា១៧.៣ពាន់លានដុល្លារអាម៉េរិកកាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។
កិច្ចប្រជុំកំពូលអាស៊ាននេះ ប្រព្រឹត្តទៅចំពេលមានភាពប្រែប្រួលទីផ្សារសកល និងភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយគោលនយោបាយពន្ធរបស់លោក ត្រាំ។ ជាការឆ្លើយតប ប្លុកអាស៊ានដែលមានសមាជិក ១០ប្រទេស បានចេញផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដោយទទួលស្គាល់ថា «ការធ្វើធុរកិច្ចដូចធម្មតានឹងមិនគ្រប់គ្រាន់ទេ»។
ទន្ទឹមនឹងកិច្ចប្រជុំផ្ទៃក្នុង នៅថ្ងៃអង្គារនេះ មេដឹកនាំអាស៊ានក៏បានបើកកិច្ចប្រជុំសេដ្ឋកិច្ចជាមួយបណ្តាប្រទេសឈូងសមុទ្រ (GCC) និងប្រទេសចិន ដែលតំណាងដោយនាយករដ្ឋមន្ត្រី លោក Li Qiang ផងដែរ។
គួរបញ្ជាក់ថា ការឯកភាពផ្ទៃក្នុងរបស់អាស៊ាន និងកិច្ចពិភាក្សាជាមួយដៃគូខាងក្រៅ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះ ក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ចរួម និងរក្សាគោលការណ៍ពាណិជ្ជកម្មសេរី ចំពេលមានសម្ពាធពីគោលនយោបាយគាំពារនិយម៕