
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7825 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697996 នាក់
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើននៅលើបណ្តាញសង្គម TikTok នឹងអាចរកចំណូលបានហើយ ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកានៅកម្ពុជា។
ថ្លែង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះលោករដ្ឋមន្ត្រីប្រៃសណីយ៍បានបញ្ជាក់បន្ថែមថា កាលពីពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។ ពេលខាងមុខ ក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបានផងដែរ។
លោកលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូលផងដែរ។
លោក ជា វ៉ាន់ដេត បានឲ្យដឹងថា «បើគិតត្រឹមឆ្នាំ២០២៥នេះ ថ្នាល TikTok មានអ្នកប្រើប្រាស់ប្រមាណ ១.៩៣ពាន់លាននាក់ នៅទូទាំងពិភពលោក និងប្រមាណ១៦៥លាននាក់ នៅអាស៊ីអាគ្នេយ៍ ដោយក្នុងនោះ នៅកម្ពុជាយើងមានអ្នកប្រើប្រាស់ប្រមាណ ១០លាននាក់»។ក្រុមហ៊ុន TikTok គឺជាក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីនៅលើពិភពលោកមួយ ដែលកំពុងមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រើប្រាស់ ក្នុងការផលិតទម្រង់មាតិកាជាវីដេអូខ្លីៗ (Short Form Video) តាមរយៈកម្មវិធីទូរសព្ទ ហើយចែករំលែកគ្នា ទៅកាន់អ្នកមើលជាច្រើននៅលើ TikTok។
លោក ជា វ៉ាន់ដេត បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកអំពីឧត្តមានុវត្តន៍ នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok រួមមាន៖ គោលការណ៍ណែនាំសហគមន៍ ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។