
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1939 នាក់
ម្សិលមិញ 8930 នាក់
សរុប 19699193 នាក់
អាល្លឺម៉ង់៖ បេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បាននិយាយថា អឺរ៉ុបនឹងមិនមានកៅអីអង្គុយ នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនកម្រងសំណួរទៅកាន់បណ្តាប្រទេសអឺរ៉ុប ដើម្បីសាកសួរថា តើពួកគេអាចចូលរួមចំណែកអ្វីខ្លះ ក្នុងការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្ព័ន្ធមិត្តនៅអឺរ៉ុប តាមរយៈការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដោយមិនបានប្រឹក្សាយោបល់ជាមួយពួកគេ ឬជាមួយទីក្រុងកៀវជាមុន ហើយប្រកាសនូវការចាប់ផ្តើមភ្លាមៗ នៃដំណើរការពិភាក្សាស្វែងរកសន្តិភាព សម្រាប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ ទង្វើរបស់អាមេរិក បានធ្វើឱ្យមានការភ័យព្រួយថា អឺរ៉ុបប្រហែលជានឹងមិនត្រូវឱ្យចូលរួមពាក់ព័ន្ធ ក្នុងកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលនឹងប៉ះពាល់ដល់សន្តិសុខរបស់ពួកគេផ្ទាល់ ជាពិសេសប្រសិនបើវាត្រូវបានមើលឃើញថា ហាក់ផ្តល់ផលចំណេញខ្លាំងដល់ខាងរុស្ស៉ី។
បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg បាននិយាយក្នុងសន្និសីទសន្តិសុខអន្តរជាតិ នៅទីក្រុង Munich ថា សហរដ្ឋអាមេរិកនឹងដើរតួនាទី ជាអន្តរការីក្នុងកិច្ចចរចា ដោយមានអ៊ុយក្រែននិងរុស្ស៉ី គឺជាភាគីជម្លោះ។ នៅពេលត្រូវបានសាកសួរ អំពីលទ្ធភាពនៃវត្តមានរបស់អឺរ៉ុបនៅតុចរចា លោក Kellogg បានឆ្លើយតបថា វានឹងមិនអាចកើតឡើងឡើយ។ ប៉ុន្តែក្រោយមក លោក Kellogg បានព្យាយាមបន្សាបក្តីបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបវិញ ដោយបញ្ជាក់ថា វាមិនមែនមានន័យថា ផលប្រយោជន៍របស់ពួកគេ នឹងមិនត្រូវបានគិតគូរ ប្រើប្រាស់ ឬអភិវឌ្ឍ នោះឡើយ។ ក្រុមមេដឹកនាំអឺរ៉ុប បានចេញមុខនិយាយថា ពួកគេនឹងមិនទទួលយកឡើយ ចំពោះការមិនត្រូវបានឱ្យចូលរួមក្នុងកិច្ចចរចា.។
ក្រៅពីនេះរដ្ឋបាលអាមេរិកថែមទាំងបដិសេធចំៗមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអូតង់ និងបដិសេធមិនបញ្ជូនកម្លាំងទ័ពអាមេរិកមកធានាគ្រប់គ្រងបទឈប់បាញ់ជាយថាហេតុណាមួយរវាងអ៊ុយក្រែននិងរុស្ស៊ីទៀត។ នេះបើតាមអនុប្រធានាធិបតីអាមេរិក លោក J.D. Vance បញ្ជាក់នៅ ក្នុងសន្និសីទសន្តិសុខក្រុងម៉ុយនិក។នៅ ក្នុងសុន្ទរកថានៅសន្និសីទអន្តរជាតិស្តីពីសន្តិសុខក្រុងម៉ុយនិច លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏បានបង្ហើរពាក្យសម្តីប្រាប់ថ្នាក់ដឹកនាំអាមេរិក ថា កុំឲ្យឃុបឃិតចរចាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឬកុំលួចចរចាពីក្រោយខ្នងអ៊ុយក្រែនឲ្យសោះ។ លោកប្រមុខរដ្ឋអ៊ុយក្រែន អះអាងជាដាច់ខាត ថានឹងមិនទទួលយកកិច្ចចរចាដែលគេលួចធ្វើពីក្រោយខ្នងលោកឡើយ។ មិនតែប៉ុណ្ណោះ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អំពាវនាវឲ្យអឺរ៉ុបជួយប្រកូកប្រកាសក្នុងន័យសេចក្តីយ៉ាងដូច្នេះដែរ។
ជំហររបស់អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទក្រុងម៉ុយនិច ក៏ស្រដៀងគ្នានឹងជំហររបស់ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែរ។ ចំពោះបារាំងនិងអាល្លឺម៉ង់ សន្តិភាពសម្រាប់អ៊ុយក្រែន ពុំមែនជាសន្តិភាពដែលមានលក្ខណៈចាប់បង្ខំឲ្យទទួលយកនោះទេ។ ការចរចាបញ្ចប់សង្គ្រាមទៀតសោត ក៏ចាំបាច់ត្រូវតែមានវត្តមានអ៊ុយក្រែន ហើយអ៊ុយក្រែនជាអ្នកសម្រេច។ ពោលគឺមិនអាចចរចាសន្តិភាពឲ្យអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែនសោះឡើយ។
ដោយឡែក ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីសន្តិសុខ ក៏មានដែរ ការប៉ះទង្គិចពាក្យសម្តីគ្នាដោយប្រយោល រវាងអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ នេះក៏ព្រោះតែអនុប្រធានាធិបតី JD Vance បានអញ្ជើញស្កាត់ទៅជួបប្រមុខមេដឹកនាំបក្សសម្ព័ន្ធស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់ (AfD) ដែលបានបង្ហាញឲ្យឃើញរូបភាពថា ក្រុមនយោបាយនេះជាតំណាងស្របច្បាប់ និងត្រូវឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភាអាល្លឺម៉ង់ ដែលរៀបចំធ្វើនៅ១សប្តាហ៍ទៀត។ ពោលគឺបន្ថែមលើកការអំពាវនាវរបស់រដ្ឋមន្ត្រីអាមេរិក Elon Musk ដែលបានប្រកាសគាំទ្របក្សស្តាំនិយមជ្រុលអាល្លឺម៉ង់ ហើយជំរុញឲ្យថ្នាក់ដឹកនាំអាល្លឺម៉ង់រួមសហការជាមួយបក្សស្តាំនិយមជ្រុល ដែលធ្លាប់មានឫសគល់ពីក្រុមណាហ្ស៊ីផ្តាច់ការ។ ទង្វើរបស់ថ្នាក់ដឹកនាំអាមេរិកផ្ទួនៗយ៉ាងដូច្នេះ បានធ្វើឲ្យអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ មិនសប្បាយចិត្ត ហើយបដិសេធមិនធ្វើការជាមួយក្រុមបក្សស្តាំនិយមជ្រុលនោះឡើយ ដោយសំអាងផ្អែកទៅលើប្រវត្តិរងគ្រោះព្រោះតែមនោគមវិជ្ជាស្តាំនិយមជ្រុល។ទោះជាខ្វែងគំនិតគ្នាបន្តិចចំពោះបញ្ហានយោបាយក្តី ក៏រដ្ឋាភិបាលក្រុងប៊ែរឡាំងនៅតែអះអាងថានឹងបន្តទិញអាវុធពីសហរដ្ឋអាមេរិកដដែលទេ។មាន័យថាអឺរ៉ុបមិនអាចអត់អាមេរិកបានឡើយ។
នៅប្រទេសអង់គ្លេសវិញកាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវតែដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO ហើយធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជួយធានាអនាគតរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។លោក Starmer ដែលនឹងត្រូវធ្វើដំណើរទៅជួប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន ក្នុងពេលឆាប់ៗ បានបន្ថែមថា ចក្រភពអង់គ្លេសនឹងធ្វើការ ដើម្បីធានាថា សហរដ្ឋអាមេរិកនិងអឺរ៉ុប នឹងនៅតែបន្តរួបរួមគ្នា ដោយលោកបានសង្កត់ធ្ងន់ថា «នាពេលនេះ យើងមិនអាចអនុញ្ញាតឱ្យភាពប្រេះឆាណាមួយ នៅក្នុងសម្ព័ន្ធភាព បង្វែរការចាប់អារម្មណ៍ ពីសត្រូវរួមខាងក្រៅ ដែលពួកយើងកំពុងប្រឈមឡើយ»។
ការអត្ថាធិប្បាយរបស់លោក Starmer កើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានកាលពីថ្ងៃសុក្រសប្តាហ៍នេះថា អឺរ៉ុបចាំបាច់ត្រូវបង្កើន ការចំណាយលើវិស័យការពារជាតិ ព្រោះមិនអាចនៅតែគិតថា វត្តមានកងទ័ពរបស់អាមេរិក នៅលើទ្វីបនេះ នឹងបន្តជារៀងរហូតនោះទេ។ ទន្ទឹមគ្នា ក្រុមមេដឹកនាំអឺរ៉ុប ក៏កំពុងស្ទុះស្ទាព្យាយាមរិះរកមធ្យោបាយ ដើម្បីមានឱកាសចូលរួមក្នុងកិច្ចចរចាណាមួយ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន ផងដែរ។
សន្និសិទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃសុក្រទី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈនេះ ដោយមានការចូលរួមពីមេដឹកនាំសំខាន់ៗរបស់អឹរ៉ុប អង្គការណាតូ និងមេដឹកនាំនៃប្រទេសជាច្រើនទៀត ។ទោះមានជំហរផ្ទុយគ្នាខាងលើពិសេសសម្តីបេសកជនពិសេសអាមេរិករឿងមិនឲ្យអឺរ៉ុបមានតួនាទីចរាចរបង្កឲ្យប្រទេសអឺរ៉ុបខឹងសម្បារក៏ដោយក៏បើតាមCNN បានស្រង់សម្តីអនុប្រធានាធិបតី Vance ដូចនិយាយថា «អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក NATO គឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ … ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដថា NATO ពិតជាត្រូវបានបង្កើតឡើងសម្រាប់ពេលអនាគត ហើយផ្នែកមួយនៃការធានាថា NATO ធ្វើការចែករំលែកបន្ទុកតិចតួចបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ដូច្នេះសហរដ្ឋអាមេរិកអាចផ្តោតលើបញ្ហាប្រឈមមួយចំនួនរបស់យើងនៅក្នុងតំបន់អាស៊ីបូព៌ា»។
អនុប្រធានាធិបតី Vance ត្រូវបានស្រង់សម្តី ដោយ CNN ដូចនិយាយថា៖«ពិតណាស់ យើងនឹងនិយាយអំពី NATO ជាពិសេសបំណងប្រាថ្នារបស់ប្រធានាធិបតីចង់ឃើញ NATO ចំណាយធនធានបន្តិចបន្ថែមទៀតលើវិស័យការពារជាតិ។ យើងនឹងនិយាយជាការពិតណាស់អំពីជម្លោះអ៊ុយក្រែន-រុស្ស៊ីនិងរបៀបនាំវាទៅរកការចរចា ហើយខ្ញុំប្រាកដថា យើងនឹងនិយាយអំពីផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការផងដែរ»។