
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5914 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696085 នាក់
ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋយើង នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស មានចំនួនកើនឡើង តែទោះជាយ៉ាងណាក៏មានប្រជាពលរដ្ឋមួយចំនួនទៅទទួលសេវាពិនិត្យព្យាបាលនៅក្រៅប្រទេស។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងក្នុងស្និសីទកាសែតនាព្រឹកថ្ងៃទី១១កញ្ញាថា «ការពិនិត្យ និងព្យាលបាលជំងឺរបស់ប្រជាពលរដ្ឋយើង នៅតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែកទូទាំងប្រទេស គឺមានការកើនឡើង។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣កន្លងទៅ យើងបានធ្វើការប៉ាន់ប្រមាណនៃអ្នកដែលចេញទៅទទួលសេវាសុខាភិបាលឱ្យខ្ពស់បំផុត ប្រមាណជាង២០-២៥ម៉ឺននាក់ ស្មើនឹង ១.៥% តែប្រៀបធៀបនឹងអ្នកជំងឺដែលទទួលពិនិត្យព្យាបាលនៅក្នុងស្រុកយើងវិញមានចំនួនប្រមាណជា ១៣លាន ៤សែន ៤ម៉ឺននាក់ ស្មើនឹង ៩៨.៥%»។
លោកឈាងរ៉ាការពារខ្លួនថា«សម្រាប់ការទៅទទួលសេវាសុខាភិបាលនៅបរទេសនេះ ប្រទេសជឿលឿនខ្លះក៏មានចំនួនច្រើន ឬតិចជាងនេះ គឺអាស្រ័យទៅតាមសកម្មភាពរបស់ប្រទេសនីមួយៗ ដូចជានៅសិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ បារាំង អ៊ីតាលី ក៏មានអ្នកចេញទៅព្យាបាលនៅក្រៅប្រទេសដែរ ព្រោះជាការជ្រើសរើសរបស់ពួកគាត់ ។លើសពីនោះក៏មានអតិថិជនពីក្រៅប្រទេសនោះ មកទទួលសេវាសុខាភិបាលនៅកម្ពុជាយើងផងដែរ»។ នេះតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ។
ទោះយ៉ាងណា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជារូបនេះដដែលមិនភ្លេចបញ្ជាក់ថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងសេវាសុខាភិបាលកម្ពុជាឲ្យកាន់តែល្អ និងមានគុណភាពសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ ទាក់ទិននឹងការទទួលបានសេវាថ្នាំបង្ការត្រូវបានលោកឈាង រ៉ាប្រាប់ឲ្យដឹងថា ក្នុងអំឡុងជំងឺឆ្លងរាតត្បាតកូវីដ១៩ ការទទួលសេវាចាក់ថ្នាំបង្ការជំងឺផ្សេងៗនៅតាមមណ្ឌលសុខភាពទូទាំងប្រទេសនៅតែមានសកម្មភាព និងថា ប្រជាពលរដ្ឋប្រមាណជាង ៩០% នៅទូទាំងប្រទេសបានចាក់ថ្នាំបង្ការ។លោកឈាង រ៉ាបានបន្ថែមថា ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តពង្រីកសេវាសុខាភិបាលសាធារណៈ និងសមត្ថភាពរបស់គ្រូពេទ្យទៅដល់ពលរដ្ឋដែលរស់នៅតាមសហគមន៍មូលដ្ឋាន៕