
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9888 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700059 នាក់
អង់គ្លេស៖ បន្ទាប់ពីគណបក្សពលករឈ្នះឆ្នោត នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ (Rishi Sunak) គណបក្សអភិរក្សនិយមដែលទទួលរងនូវភាពបរាជ័យ បានធ្វើដំណើរមកដល់ព្រះបរមរាជវាំង Buckingham កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ Charles ទី៣ ក្នុងគោលបំណងដើម្បីថ្វាយលិខិតលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ បន្ទាប់ពីគណបក្សពលកររបស់លោក គែរ ស្តារម័រ (Keir Starmer) បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី មិនធ្លាប់មានក្នុងការបោះឆ្នោតនាពេលកន្លងមកទាល់តែសោះ ។
លោក ស៊ូណាក់ (Sunak) បានធ្វើដំណើរជាមួយលោកស្រី Akshata Murty ដែលត្រូវជាភរិយា ទៅកាន់ព្រះបរមរាជវាំង Buckingham ដោយអ្នកទាំងពីរ ទទួលបានការស្វាគមន៍ដោយលោក Clive Alderton សមាជិកប្រតិបត្តិជាន់ខ្ពស់នៃព្រះមហាក្សត្រ និងម្ចាស់ក្សត្រីអង់គ្លេស ។បន្ទាប់ពីលោក Sunak នៅក្នុងថ្ងៃដដែលនេះ លោក Starmer ក៏បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ Charles ទី៣ ដើម្បីទទួលយកសំណើត្រាស់បង្គាប់ដោយព្រះមហាក្សត្រ ឱ្យនាយករដ្ឋមន្ត្រីថ្មីធ្វើការបង្កើតរដ្ឋាភិបាលបន្ទាប់របស់ចក្រភពអង់គ្លេសផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ព្រះបរមរាជវាំង Buckingham បានបញ្ជាក់ថា ព្រះអង្គ Charles ទី៣ បានត្រាស់បង្គាប់ឱ្យលោក Starmer ធ្វើការបង្កើតរដ្ឋាភិបាលថ្មី ។
ថ្លែងទៅកាន់អ្នកគាំទ្រ នៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី 10 Downing Street នាយករដ្ឋមន្ត្រីថ្មី លោក Keir Starmer បានប្តេជ្ញាចិត្តក្នុងការចាត់វិធានការជាក់ស្តែង និងដោះស្រាយបញ្ហារបស់ចក្រភពអង់គ្លេស មិនមែនត្រឹមតែសន្យាខ្យល់នោះទេ ។ ប៉ុន្តែលោកក៏បានក្រើនរំឮកទៅកាន់ម្ចាស់ឆ្នោតដែរថា រាល់ការកែលម្អ តែងតែត្រូវការពេលវេលាដូចគ្នា ហើយនៅក្នុងន័យនេះ លោកចង់បញ្ជាក់ថា មិនមែនរាល់ពេលយើងចង់បាន យើងនឹងទទួលបានលទ្ធផលភ្លាមៗនោះទេ ។
ជ័យជម្នះរបស់គណបក្សពលករ បានបញ្ចប់អំណាចរយៈពេល១៤ឆ្នាំ របស់រដ្ឋាភិបាលមកពីគណបក្សអភិរក្សនិយម ជាចន្លោះពេលវេលាមួយដែលគេអាចកត់សម្គាល់បានតាមរយៈការបែកបាក់គ្នា អស្ថិរភាពនយោបាយ និងសម្ពាធផ្នែកសេដ្ឋកិច្ចនាពេលថ្មីៗនេះ។គណបក្សពលករបានទទួលសំឡេងគាំទ្រដល់ទៅប្រមាណ៤១០អាសនៈ ក្នុងសភាដែលមានអាសនៈសរុប៦៥០កៅអី។ ការបោះឆ្នោតលើកនេះក៏បាននាំគណបក្សស្តាំនិយមជ្រុល ប្រឆាំងនឹងអន្តោប្រវេសន៍ របស់លោកណាយចឺល ហ្វឺរ៉ាស្ហ Nigel Farage ឱ្យបានចូលអង្គុយក្នុងអាសនៈសភាជាលើកទីមួយ ចំនួនប្រមាណ១៣កៅអី។ តែបរាជ័យដ៏ជូរចត់បំផុតធ្លាក់ទៅលើគណបក្សកាន់អំណាច។ គណបក្សអភិរក្សនិយម បានទទួលអាសនៈតិចជាងការបោះឆ្នោតលើកមុនជិតបីដង ពោលគឺតែ១៣១កៅអីប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក រីស្ហ៊ី ស៊ូណាក់ បានទទួលស្គាល់បរាជ័យ និងទូរស័ព្ទទៅអបអរជ័យជំនះរបស់លោក គៀរស្តាមឺ ដែលនឹងក្លាយជាប្រមុខរដ្ឋាភិបាលអង់គ្លេសថ្មី។
លោក គៀរ ស្តារមឺ វ័យ៦១ឆ្នាំ ទើបចូលប្រលូកក្នុងឆាកនយោបាយ ក្លាយជាសមាជិកសភាបក្សប្រឆាំង កាលពី៩ឆ្នាំមុននិងជាប្រមុខបក្សពលករ នៅឆ្នាំ២០២០នេះប៉ុណ្ណោះ។ ពោលគឺក្រោយពីបក្សពលករ ដែលមាននិន្នាការឆ្វេងនិយមខ្លាំង កំពុងដាំក្បាលចុះ ចាញ់ឆ្នោតជាបន្តបន្ទាប់ងើបមិនរួច។កើតនៅទីក្រុងឡុងដ៍ មានឪពុកជាសិប្បករ ម្តាយជាគិលានុបដ្ឋាក លោក គៀរ ស្តារមឺ ជាសិស្សពូកែ និងបានសិក្សាច្បាប់នៅមហាវិទ្យាល័យOxford មុននឹងក្លាយជាមេធាវីជំនាញផ្នែកសិទ្ធិមនុស្ស ដ៏ល្បីល្បាញ ការពារក្តីឱ្យសហជីព សកម្មជនបរិស្ថាន ហើយប្រយុទ្ធប្រឆាំងនឹងការដាក់ទោសប្រហារជីវិត។ បើ
តាមអ្នកកាសែតជំនាញខាងសរសេរជីវប្រវត្តិ លោក ស្តារមឺទើបសម្រេចចិត្តចូលប្រលូកនយោបាយ ដោយពន្យល់ថាមកពីមិនអាចទ្រាំមើលនយោបាយរឹតត្បិតរបស់រដ្ឋាភិបាលនៃបក្សអភិរក្សនិយម។
មានចរិតមានៈខ្លាំង ហើយមិនសូវមានអំណោយទានមែន ប៉ុន្តែលោកស្តារមឺជាមនុស្សច្បាស់លាស់ដាច់ខាត និងសកម្មធ្វើការច្រើន។ ហើយជោគជ័យដ៏ត្រចះត្រចង់របស់បក្សពលករពេលនេះជាគុណបំណាច់នៃការងាររបស់លោក។ តាំងពីបានក្លាយជាប្រធានគណបក្សពលករមក លោកស្តារមឺ បានរុះរើ កែតម្រង់ផែនការនយោបាយ សេដ្ឋកិច្ចរបស់បក្ស ឱ្យមានលក្ខណៈឆ្វេងកណ្តាលនិយម ដោយមិនញញើតនឹងកៀរអ្នកឆ្វេងនិយមជ្រុលឬអ្នកគ្មានទស្សនៈស្រប ចេញឡើយ។ ជាអ្នកសង្គមនិយមមែន ប៉ុន្តែកម្មវិធីនយោបាយរបស់លោកការពារក្រុមហ៊ុនសហគ្រាសខ្លាំងណាស់។ នៅក្នុងពេលឃោសនា លោកបានសន្យា គិតគូរលើកតម្កើងនយោបាយសេវាសាធារណៈ គិតដល់ប្រយោជន៍ជាតិមុននឹងប្រយោជន៍បក្ស ក្នុងឆន្ទៈតែមួយ គឺ ការប្តូរផ្លាស់។
នៅពេលបានទទួលការតែងតាំងជាផ្លូវការជានាយករដ្ឋមន្ត្រីថ្មី លោក គៀរ ស្តារមឺ ត្រូវចូលប្រលូកនឹងកិច្ចការបរទេសភ្លាម ព្រោះមានសំណុំរឿងអន្តរជាតិជាច្រើនកំពុងរង់ចាំ។ អនាគតនាយករដ្ឋមន្ត្រីត្រូវទៅចូលរួមជំនួបកំពូលអូតង់លើកទី៧៥ នៅក្រុងវ៉ាស៊ីនតោនប៉ុន្តែការប្តូរផ្លាស់ដ៏ចម្បងក្នុងនយោបាយការបរទេសអង់គ្លេស គឺទំនាក់ទំនងជាមួយសហភាពអឺរ៉ុបតែម្តង។ ប្រមុខរដ្ឋាភិបាលអង់គ្លេសថ្មីថ្មោង ត្រូវរៀបចំបើកជំនួបប្រជុំសហគមន៍នយោបាយអឺរ៉ុបនៅសប្តាហ៍ក្រោយ។
លោក ស្តារមឺ ក៏ដូចជាបក្សពលករ មានជំហរប្រឆាំងនឹងBrexit ប៉ុន្តែអ្វីៗហួសពេលទៅហើយ។ អង់គ្លេសមិនអាចបកក្រោយត្រលប់មកចូលជាសមាជិក និងទីផ្សាររួមសហភាពអឺរ៉ុបវិញទេ តែប្រមុខដឹកនាំថ្មីនេះ នឹងបង្ខិតអង់គ្លេសឱ្យចូលមកកៀកស្និទ្ធនឹងសហភាពអឺរ៉ុប។អង់គ្លេសមានទំនាក់ទំនងការទូត យោធា និងសេដ្ឋកិច្ច ស្អិតល្មួតណាស់ ជាមួយសហរដ្ឋអាមេរិក តែស្រមោលលោកដូណាល់ត្រាំ កំពុងអន្ទោលត្រលប់មកវិញ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាលឆ្វេងនិយមអង់គ្លេសនិងអាមេរិក មានលក្ខណៈពិសេសខ្លាំង។
ទាក់ទងនឹងសំណុំរឿងអ៊ុយក្រែននិងហ្កាហ្សាវិញ។ លោក ស្តារមឺសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងក្របខ័ណ្ឌនៃដំណើរស្វែងរកសន្តិភាពដោយឈរលើគោលការណ៍បង្កើតរដ្ឋពីររស់ទន្ទឹមគ្នា តែលោកមិនបានបញ្ជាក់លម្អិតអ្វីទាំងអស់។ រដ្ឋាភិបាលពលករអង់គ្លេសនឹងរក្សាជំហរនយោបាយគាំទ្រអ៊ុយក្រែនយ៉ាងមុះមុតដដែល ដោយបន្តផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌ មូលនិធិ និងការបំពាក់បំប៉នទាហាន ព្រមទាំងទៅជួបលោកហ្សេឡេនស្គីក្នុងពេលដ៏ឆាប់ៗបំផុត។រុស្ស៊ីតាមរយៈអ្នកនាំពាក្យលោកប៉េស្កូវឲ្យដឹងថារុស្ស៊ីមិនផ្ញើសារស្វាគមន៍នាយករដ្ឋមន្ត្រីថ្មីនោះទេ៕ប្រភព៖ Reuters