វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7654 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995012 នាក់
ប្រទេសចិន៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា កិច្ចសហប្រតិបត្តិការចិន-អាល្លឺម៉ង់មិនមែនជា «ហានិភ័យ» ប៉ុន្តែជាការធានាដល់ទំនាក់ទំនងប្រកបដោយស្ថិរភាព និងឱកាសសម្រាប់អនាគត ចំពេលមានការត្អូញត្អែរពីសហភាពអឺរ៉ុបទៅលើទំនិញចិនដែលកំពុងហូរហៀរលើទីផ្សាររបស់ប្លុក។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ ២០២៤បានឲ្យដឹងថា៖លោក ស៊ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅក្នុងទីក្រុងប៉េកាំថា ខ្សែច្រវាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់របស់ចិន-អាល្លឺម៉ង់ មានទំនាក់ទំនងស៉ីជម្រៅ ហើយទីផ្សារពួកគេគឺពឹងផ្អែកគ្នាខ្លាំង។
លោក ស៉ី បានគូសបញ្ជាក់ថា «យើងត្រូវតែមើល និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ពីទស្សនវិស័យរយៈពេលវែង និងជាយុទ្ធសាស្ត្រ។ អាល្លឺម៉ង់-ចិន ក៏គួរតែប្រុងប្រយ័ត្នផងដែរចំពោះកើនឡើងនូវលទ្ធិគាំពារនិយម សម្លឹងមើលបញ្ហានៃសមត្ថភាពផលិតម្មប្រកបដោយវត្ថុបំណង តាមទស្សនទីផ្សារ និងជាសកល»។ប្រធានាធិបតីចិននិយាយបែបនេះពេលជួប លោក Scholz ដែលបានធ្វើទស្សនកិច្ចលើកដំបូងនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកផ្តើមអនុវត្តយុទ្ធសាស្ត្រ «កាត់បន្ថយហានិភ័យ» ដើម្បីចៀសវាងការពឹងផ្អែកខ្លាំងពេកលើអ្នកផ្គត់ផ្គង់ចិន។ ដំណើរទស្សនកិច្ចនេះ ក៏ស្របគ្នានឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ជុំវិញការគំរាមកំហែងពីទំនញចិនចំពោះអាជីវកម្មអឺរ៉ុប រួមទាំងរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបៃតងផ្សេងទៀត ដែលកំពុងហូរហៀរនៅលើទីផ្សាររបស់ប្លុក.។
តាំងពីឡើងកន់កាប់អំណាចរដ្ឋនៅចុងឆ្នាំ២០២១មក នេះជាលើកទី២ហើយដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ អញ្ជើញបំពេញទស្សនកិច្ចនៅស្រុកចិន។ ជើងមុន លោកបានទស្សនកិច្ចតែក្រុងចិន១ប៉ុណ្ណោះ ព្រោះមានបញ្ហារឹតត្បិតជំងឺកូវីដ១៩។ លើកនេះ ថ្នាក់ដឹកនាំអាល្លឺម៉ង់ នឹងគ្រោងបំពេញទស្សនកិច្ច ចំនួន ៣ ថ្ងៃ នៅ ៣ខេត្តក្រុង។ ផ្តើមជាដំបូង ថ្ងៃអាទិត្យ ទី១៤មេសា នៅ ចុងជីង ខេត្តដ៏ធំនៅប៉ែកនិរតី ហើយបន្ទាប់មក ក្រុងសៀងហៃ ចម្ងាយប្រមាណ ១ ៤០០ គីឡូម៉ែត្រ ពីព្រំដែនខាងកើតប្រទេសចិន ដើម្បីធ្វើទស្សនកិច្ចនៅបណ្តារោងចក្រឧស្សាហកម្មជាច្រើនកន្លែង មុននឹងអញ្ជើញបន្តដំណើរទៅរដ្ឋធានីប៉េកាំង នៅថ្ងៃអង្គារ ដើម្បីជួបសំណេះសំណាលជាមួយនឹងប្រធានាធិបតីចិន ស៊ី ជីនពីង ហើយនិងសមភាគី លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង។
អមដំណើរលោក អូឡាហ្វ ស្ហុលស៍ មានរដ្ឋមន្ត្រីជាច្រើននាក់ ដូចជារដ្ឋមន្ត្រីបរិស្ថាន ដឹកជញ្ជូន និងកសិកម្ម រួមនិងម្ចាស់ក្រុមហ៊ុនសហគ្រាសអាល្លឺម៉ង់ គ្រាក់ៗ។ អធិការបតីអាល្លឺម៉ង់ បានប្រកាសតាំងពីថ្ងៃសុក្រ ទី១២មេសា មុនចេញដំណើរឆ្ពោះទៅចិន ថា ប្រទេសចិនជាដៃគូសហការរកស៊ីពាណិជ្ជកម្ម ដ៏ធំ សំខាន់ខ្លាំងណាស់សម្រាប់ប្រទេសអាល្លឺម៉ង់។ទស្សនកិច្ចកិច្ចរបស់ថ្នាក់ដឹកនាំអាល្លឺម៉ង់នៅចិន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅរដ្ឋធានីប៉េកាំង។ រយៈពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងបស្ចិមលោក បានចោទចង្អុរមុខចិនអំពីការប្រកួតប្រជែងមិនស្មោះត្រង់ ជុំវិញការឧបត្ថម្ភធនក្នុងវិស័យឧស្សាហកម្ម ហើយនិងការផលិតរថយន្តអគ្គិសនីច្រើនជ្រុលហួសចំណុះដែលអាចនឹងបង្កវិបត្តិសកល។
ការរិះគន់ចោទមួយទៀត ជុំវិញការរើសរើងនិងការលំបាកក្រុមហ៊ុនបរទេស ក្នុងការជ្រៀតចូលទីផ្សារក្នុងស្រុកចិន។ សមាគមធុរកិច្ចអាល្លឺម៉ង់នៅចិន រំពឹងសង្ឃឹមថា លោក អូឡាហ្វ ស្ហុលស៍ យកសំណុំរឿងទុក្ខព្រួយទាំងនេះ ទៅជជែកពិភាក្សារកដំណោះស្រាយជាមួយថ្នាក់ដឹកនាំចិន ដ្បិតថា ក្រុមហ៊ុនអាល្លឺម៉ង់២ភាគ៣ទៅហើយ នៅចិន កំពុងតែត្អូញត្អែរ។ ជុំវិញវិនិយោគទុនបរទេសនៅចិន អ្នកវិភាគមើលឃើញថា អាល្លឺម៉ង់ អាចនឹងដើរតួវិនិយោគទុន ដោយមានសភាពងាយស្រួលជាងក្រុមហ៊ុនសហរដ្ឋអាមេរិកនិងជប៉ុន។រដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងដែរថា វត្តមានរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ នៅស្រុកចិន ក៏ដើម្បីជួយនិយាយបញ្ចុះបញ្ចូលចិន ផ្លុំត្រចៀកថ្នាក់ដឹកនាំរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ដ្បិតថា ចិននិងរុស្ស៊ី មានចំណងទាក់ទងយ៉ាងស្និទ្ធល្មួត ដូច្នេះ អាល្លឺម៉ង់ រំពឹងលើឥទ្ធិពលក្រុងប៉េកាំង ដើម្បីផ្ញើសារទៅម៉ូស្គូ។ ក្នុងបរិបទភូមិសាស្ត្រនយោបាយ ចិនមិនដែលរិះគន់ថ្កោលទោសរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយចិនមិនញញើតនឹងគំរាមវាយសង្គ្រប់ដោយកម្លាំងបាយ បង្រួបបង្រួម យកកោះតៃវ៉ាន់។
ទាក់ទងដំណើរទស្សនៈកិច្ចនៅថ្ងៃអង្គារ៍នេះនេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអំណរគុណដល់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz សម្រាប់ កិច្ចប្រឹងប្រែងផ្នែកការទូតរបស់លោកនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាសង្គ្រាមជាង ២៥ខែរបស់រុស្ស៉ី ហើយថាចិនអាចដើរតួនាទី ក្នុងការស្វែងរកសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។អំឡុងពេលជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជាង៣ម៉ោង នៅឯទីក្រុងប៉េកាំង លោក Scholz បានស្នើឱ្យលោកដាក់សម្ពាធលើរុស្ស៉ី ដោយការធ្វើដូច្នេះ លោក ពូទីន អាចឈានទៅការបិទបញ្ចប់សង្គ្រាមដ៏គួរឱ្យភ័យខ្លាចនេះបាន។ នៅក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Olaf Scholz អធិការបតីនៃប្រទេសអាល្លឺម៉ង់ សម្រាប់ភាពជាអ្នកដឹកនាំ និងការប្រាស្រ័យទាក់ទងជាអន្តរជាតិដ៏សមរម្យរបស់លោក។ ជាសញ្ញាដែលយើងបានឮពីប៉េកាំង ចិនពិតជាអាចជួយស្ដារសន្តិភាពសម្រាប់អ៊ុយក្រែន និងស្ថិរភាពក្នុងទំនាក់ទំនងអន្តរជាតិ»។
គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឱ្យទទួលបានការគាំទ្រពីចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី សម្រាប់កិច្ចប្រជុំសន្តិភាពដែលគ្រោងធ្វើឡើង នៅឯប្រទេសស្វីស ក្នុងខែមិថុនា។ យ៉ាងនេះក្តី លោក ស៉ី ជីនពីង ត្រូវបានគេមើលឃើញថាទំនងជាបដិសេធការចូលរួមកិច្ចប្រជុំនោះ ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយសន្តិវិធី គួរតែត្រូវបានទទួលស្គាល់ដោយភាគីទាំងពីរ និងការចូលរួមដោយស្មើភាពពីគ្រប់ភាគីទាំងអស់៕