វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7823 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995181 នាក់
ភ្នំពេញ៖ករណីក្រុមហ៊ុនវិនិយោគCIC Capital PLCប្រម៉ូលលុយប្រជាពលរដ្ឋក្រោមលេសទិញដីដាក់យកការប្រាក់ហើយចុងក្រោយបានផ្ទុះចេញនូវការសង្សយ័ថាបោកប្រាស់បន្ទាប់ពីលែងបង់ការប្រាក់ឲ្យអតិថិជនក្លាយជាការជជែកគ្នាក្តៅគគុកតាមបណ្តាញសង្គម។មុនដំបូងរឿងនេះសមត្តកិច្ចចាប់អ្នករិះគន់ម្នាក់ដាក់គុកព្រោះតែរិះគន់អតីតប្រធានអង្គការតម្លាភាពកម្ពុជាបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថាជាអ្នកនៅពីក្រោយការបោកប្រាស់នេះ។
កាលពីថ្ងៃទី១៥មករា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen បានសរសេរថា លោក ព្រាប កុល ត្រូវបានគេសង្ស័យជាអ្នកទទួលខុសត្រូវធំបំផុត និងជាមេគំនិតនៃប្រតិបត្តិការ យកលុយចេញពីក្រុមហ៊ុន CIC ប្រមាណ ៨០លានដុល្លារ ក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ១៣០លានដុល្លា។ ២ថ្ងៃក្រោយមក លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចេញមុខបដិសេធការចោទប្រកាន់នេះ និងឲ្យម្ចាស់ហ្វេសប៊ុក Chivann Pen សុំទោសជាសាធារណៈ។ តែម្ចាស់គណនីរូបនេះបានអះអាងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធក្នុងការកិបកេងលុយជាង៨០លានដុល្លារដោយ លោក ព្រាប កុល។ប៉ុន្មានថ្ងៃក្រោយមក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen ដែលមានឈ្មោះពិត យ៉ង់ ប៉ាក់ ត្រូវបានចាប់ខ្លួន គឺបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង តាមពាក្យបណ្តឹងរបស់លោក ព្រាប កុល ហើយពេលនេះជនជាប់ចោទកំពុងស្ថិតក្នុងការឃុំខ្លួនរង់ចាំសវនាការ.។
ស្ងាត់បានមួយរយៈប៉ុណ្ណោះក៏លេចចេញសកម្មជនហ្វេសប៊ុកម្នាក់ឈ្មោះកន្និដ្ឋាស្សូចេញមុខពីអាមេរិករិះគន់លោកគឹមសុខហេងគ្រូជោគជ័យដែលជាស្ថាបនិកក្រុមហ៊ុនម្នាក់ក្នុងចំណោម៣១៣នាក់ថាជាអ្នកបោកបញ្ឆោតប្រជាពលរដ្ឋ!។ករណីនេះគ្រូជោគជ័យគឹមសុខហេងចេញមកបដិសេធដោយកុហកថាក្រុមហ៊ុនវិនិយោគCIC Capital coltdមិនមែនជាក្រុមហ៊ុនឯកជនដែលមានគាត់ម្នាក់ដែរទេតែជាក្រុមហ៊ុនសហគមន៍បង្កឲ្យមានការជជែកគ្នាក្តៅកាន់តែច្រើនក្នុងបណ្តាញសង្គម។ជាងនេះទៅទៀតគឺលោបណ្ឌិតគួចម៉េងលីអតីតស្ថាបនិកទី១៣បានចេញមកទាមទាឲ្យមានការស៊ើបអង្កេតដោយអះអាងថាគាត់ក៏ខាតបងលុយអស់៣០ម៉ឺនដុល្លារផងដែរដោយសារក្រុមហ៊ុននេះ។នៅក្នុងសំណេរទាំងភាសាខ្មែរ និងភាសាអង់គ្លេសនៅលើហ្វេសប៊ុក នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវ ដោយកាត់ទោសតាមផ្លូវច្បាប់។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី អះអាងថា ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ខណៈ ឧក្រិដ្ឋជននៅតែមានសេរីភាព ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ។លោក គួច ម៉េងលី យល់ថា ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គម ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា និងថាការវិនិយោគផ្ទាល់ពីបរទេសក៏រងផលប៉ះពាល់កាន់តែខ្លាំង។
ប្រការនេះធ្វើឲ្យសំណុំរឿងកាន់តែក្តៅចាត់ទុកថាជាណុំរឿងបោកប្រាស់ឆ្នាំ២០២៤បន្ទាប់ពីសំរឿងអតីតលោកស្រីឧកញ៉ាឡេងចន្ទ័ណាដែលត្រូវបានចាប់ឃុំខ្លួនជាមួយបក្ខពួកកំប៉ិកកំប៉ុកករណីបោកលុយពលរដ្ឋបានប្រមាណ៣០០លានដុល្លារហើយលុយបានបាត់បង់អស់ដោយមិនមានប្រាប់ពីមូលហេតុ។ ឡូវចូលដល់ករណីក្រុមហ៊ុនវិនិយោគCIC Capital coltdដែលប៉ាន់ស្មានថាប្រមូលលុយបាន៩០លានដុល្លារអាមេរិកផ្អើលពាសពេញស្រុកខ្មែរទាមទារឲ្យមានការស្រាវជ្រាវនិងឃាត់ខ្លួនក្បាលម៉ាស៊ីនក្រុមហ៊ុនដើម្បីពិនិត្យរកមើលថាតើលុយរាប់លានត្រូវប្រើប្រាស់បែបណាដើម្បីមានតម្លាភាព។ប្រការនេះធ្វើឲ្យក្រុមហុនបារម្ភហើយបានរត់ទៅរកនិយត្ត័ករមូលប្បត្តិជាតិចេញលិខិតមួយហាមមិនឲ្យមានការធ្វើសវនកម្មគឺត្រូវទៅរកគេវិញបើចង់សើរើបង្កឲ្យមានការក្តៅក្រហាយកាន់តែខ្លាំងតាមបណ្តាញសង្គមរហូតជ្រាបដល់អាជ្ញាធរមានសមត្តកិច្ចរបស់រាជរដ្ឋាភិបាល។
មុនគេគឺគណៈមេធាវីកម្ពុជាបានចេញសេចក្តីប្រកាសថាគេបង្កើតក្រុមមេធាវីដើម្បីចាំជួយជនរងគ្រោះពីការឆបោកនេះតែមិនប្រាកដថានឹងជួយនោះដែរបើមានមន្ត្រីរដ្ឋាភិបាលចេញការពារ?!។ ក្នុងសេចក្តីប្រកាសរបស់និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា និយ័តករមូលបត្រកម្ពុជាបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដោយតម្រូវឱ្យក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។សេចក្តីប្រកាសរបស់និយ័តករមូលបត្រកម្ពុជាបានបន្តទៀតថា ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន មកទល់ថ្ងៃនេះទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ហើយនិយ័តករមូលបត្រកម្ពុជាក៏កំពុងរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។
បន្ទាប់មកក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរងលោកទូចសុខៈបានចេញមកប្រាប់ថាសមត្តកិច្ចមិនអាចចាប់អ្នកបានឡើយបើមិនមានពាក្យបណ្តឹងបើទោបីរឿងហ្នឹងអាចជាបទល្មើសព្រហ្មទណ្ឌដែលអាជ្ញាធរត្រូវមានសមត្តកិច្ចក៏ដោយ។លោកទូចសុខៈប្រាប់ប្រជាពលរដ្ឋជាជនរងគ្រោះឲ្យដាក់ពាក្យប្តឹង។ដូចគ្នានេះដែរខាងក្រសួងយុត្តធម៍តាមរយៈអ្នកនាំពាក្យលោកជិនម៉ាលីនក៏ចេញមុខមកការពារក្រុមហុនតាមការលើកពីនីតិវិធីច្បាប់ដូចជាថាវាមិនដូចរឿងក្រុមហ៊ុនឡេងចន្ទ័ណាជាដើមដែលមានន័យថាក្រុមហ៊ុនវិនិយោគនេះមានចុះបញ្ជីរត្រឹមត្រូវតែលោកមិនពន្យល់ថាហេតុអីធ្វើឲ្យបាត់លុយប្រជាពលរដ្ឋដែលដាក់ទុនជាមួយនោះទេ។ទាក់ទងសំណុំរឿងនេះ ប្រភពដដែលបានបន្តថា ស្ថាប័នមានសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំនិងបានធ្វើការជាជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះជាព័ត៌មានមិនពិត ដែលថាអាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។
ជាដំណោះស្រាយតាមផ្លូវច្បាប់ ប្រភពសមត្ថកិច្ចនៃក្រសួងយុត្តិធម៌បានលើកឡើងថា អាជ្ញាធរនិងអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេសត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក។ប៉ុន្តែបើតាមដឹងក្រុមហ៊ុនបានដោះស្រាយឲ្យវិញតែ៣០ភាគរយតែប៉ុណ្ណោះហើយត្រូវប្រើពេលសងច្រើនឆ្នាំទៀតដែលជាប្រកាសមិនអាចទទួលយកបាន។
ឡូវនេះដល់ពេលក្រុមហ៊ុនវិនិយោគCIC Capital coltdចេញមុខមកម្តងដោយបញ្ជាក់ថាករណីរបស់ខ្លួនមិនមែនជាសំណុំរឿងបោកប្រាស់នោះឡើយ ប៉ុន្ដែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់!?។តើពាក្យប៉ុនណឹងអាចការពារក្រុមហុនដូចឧកញ៉ាឡេងណាវ៉ាត្រាមិនគោរពកិច្ចសន្យាប្រគល់ផ្ទះឲ្យប្រជាពលរដ្ឋជាអតិថិជនខ្លួនបានដែរ?។ការពិតបើពិនិត្យសមាសភាពស្ថាបនិកក្រុមហ៊ុនវិនិយោគCIC Capital coltdសុទ្ធតែជាបុគ្គលល្បីឈ្មោះក្នុងសង្គមរហូតសកម្មជនហ្វេសប៊ុកម្នាក់ទៀតគឺលោកផែងវណ្ណៈនិយាយថាក្រុមហ៊ុននេះមានបង្អែកក្រាស់ណាស់ដែលទាមទាស្វែងរកឯកសារគ្រប់គ្រាន់សិន?។បើចឹងតើត្រូវបោះបង់ចោលបណ្តោយឲ្យសកម្មភាពបោកប្រាស់កំរឹតឧកញ៉ាបន្តមាននិរន្តរភាពក្នុងសង្គមខ្មែរ?។
អគ្គស្នងការនគរបាលជាតិធនាគារជាតិត្រូវតែដឹងថាតើលុយក្រុមហ៊ុនឡេងចន្ទណានិងក្រុមហ៊ុនវិនិយោគCIC Capital coltdចេញទៅក្រៅប្រទេសអស់ប៉ុន្មាន? ប្រើប្រាស់លើអ្វីខ្លះត្រឹមត្រូវឬទេ។ព្រោះបើមិនលាងរឿងហ្នឹងឲ្យស្អាតទេកេរ្ត៍ឈ្មោះប្រទេសខ្មែរនឹងខូចដូចលោកឧកញ៉ាគួចម៉េងលីទស្សន៍ទាយចឹង។តាមសេចក្ដីបំភ្លឺរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៥ ខែមីនា បានឱ្យដឹងថា « ចាប់ពីថ្ងៃទី០២ ខែវិច្ឋិកា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបាទលែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌាន អ៉ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investor Corporation Plc.(CIC)ទៀតហើយ»។
គួរឱ្យដឹងថា ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន លោក គួច ម៉េងលី បានទម្លាយឱ្យដឹងថា លោកបានចាញ់បោកក្រុមហ៊ុនរកស៊ីវិនិយោគ CIC Plc ក្នុងទំហំទឹកប្រាក់ចំនួនជិត៣០ម៉ឺនដុល្លារ។ តាមលិខិតបំភ្លឺសាធារណៈដែលចេញនៅថ្ងៃទី២៥ ខែមីនា នេះ អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា រាល់ថវិការដែលលោកចាញ់បោក គឺជាថវិការផ្ទាល់ខ្លួន។ លោក បានអះអាងថា លោកមិនដែលបានកៀរគរប្រមូលថវិកាពីនរណាម្នាក់ ឬក្រុមហ៊ុនណាមួយ ដើម្បីយកមកវិនិយោគជាមួយក្រុមហ៊ុន CIC Plcឡើយ។