វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1098 នាក់
ម្សិលមិញ 6068 នាក់
សរុប 15037306 នាក់
តាកែវ៖កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ន ប៊ុនធឿន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីករណី ប្រើប្រាស់អាវុធ គំរាមថានឹងសម្លាប់កម្លាំងអាវុធហត្ថខេត្តនិងស្រុកក្រោមបញ្ជលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ នៅចំនុចភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ករណីយ៍វាផ្តើមេចេញពីក្រុមកីឡាបាល់ទាត់របស់សាលាសាសនាគ្រឹស្តស្រុកបាទី បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់ស្រុកសំរោង នៅកន្លែងកើតហេតុខាងលើនៅវេលាម៉ោង ១៦:២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ។ក្នុងពេលប្រកួតក្រុមទាំងពីរក៏មានជម្លោះនឹងគ្នា ពេលនោះជនសង្ស័យ ឈ្មោះ ស្រុង ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(សមាជិកក្រុមបាល់ទាត់ខាងស្រុកបាទី)បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមមកគម្រាមក្រុមបាល់ទាត់ខាងស្រុកសំរោង ពេលនោះប្រធានក្រុមបាល់ទាត់ខាងស្រុកបាទី ឈ្មោះ នួន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាសាសនាគ្រឹស្តស្រុកបាទី បានចូលមកឃាត់ និងដកយកអាវុធខ្លីនោះពីជនសង្ស័យ មកសៀតនៅនឹងចង្កេះ(ដូចដែលមានរូបភាពបង្ហោះតាមបណ្តាញសង្គម)។
បន្ទាប់ពីមានការសម្របសម្រួលរួចក្រុមទាំងពីរក៏បានស្រុះស្រួលគ្នា និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីឈ្មោះ នួន តុលា (ប្រធានក្រុមបាល់ទាត់ស្រុកបាទី)បានយកអាវុធខ្លីខាងលើប្រគល់ជូនឪពុកជនសង្ស័យរួច នៅវេលាម៉ោង៩.២៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឪពុកជនសង្ស័យឈ្មោះ សែម ទ្រី អាយុ៥២ឆ្នាំ រស់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានប្រគល់អាវុធខ្លីខាងលើ ដល់ការិយាល័យជំនាញដើម្បីរក្សាទុកធ្វើជាភស្តុតាងរីឯជនសង្ស័យបន្ទាប់ពីបានប្រព្រឹត្តិបទល្មើសរួច បានរត់គេចខ្លួនបាត់។បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់។