
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7064 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257614 នាក់
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សកម្មជនប្រឆាំង ស៊ន តារាត្រូវបានគេចាត់តុកថាជាកូនរមិលគុណចិត្តជាតិរច្ឆានដោយសារប្រកាសតាមហ្វេប៊ុក កាត់កាលម៉ែឪ និងក្រុមគ្រួសាររបស់ខ្លួន។
ការប្រកាសនេះបានកើតឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានព្រមានដកតំណែងឪពុកម្តាយ និងបងប្អូនរបស់អ្នកលេងហ្វេសប៊ុកឈ្មោះ ស៊ន តារា ដែលសម្តេចចាត់ទុកជាក្មេងពាល។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បុគ្គល ស៊ន តារា បាននិយាយក្រឡេចក្រឡុចមិនប្រាកដប្រជា។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលមិនរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបាន ស៊ន តារា និយាយថា មកពីរាជរដ្ឋាភិបាលខ្វះថវិកា ដល់ពេលរាជរដ្ឋាភិបាលមិនយកថ្លៃគណៈប្រតិភូមកព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបាន ស៊ន តារា និយាយថា ម៉េចមិនយកថវិកាទៅជួយអ្នកក្រ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលណាមួយ អញហៅឪហ្អែងម៉ែហ្អែង មកប្រដៅ អញហៅប្អូនថ្លៃហ្អែង ពាក់ស័ក្តិ៤ទៀត។ ឪហ្អែង ពាក់ស័ក្តិ ៤កន្លះ។ ហ្អែង កុំភ្លេចថា អញដកគ្រវាត់ចោលទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការហួសចិត្ត ដែលបុគ្គល ស៊ន តារា ចាត់ទុកខ្លួនឯងថា គឺជា «ឥន្ទ្រិយក្បែរអាចម៍គោ» ដែលនេះមានន័យថា ស៊ន តារា បានចាត់ទុកឪពុកម្តាយរបស់ខ្លួន គឺជាអាចម៍គោ។ សម្តេចតេជោ លើកឡើងថា បើសិនជាឪពុកម្តាយ ស៊ន តារា គឺជាអាចម៍គោ ស៊ន តារា ខ្លួនឯងក៏ជាអាចម៍គោដែរ។សូមជម្រាបថា ថ្មីៗនេះ ឪពុកម្តាយរបស់ លោក ស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីអត្តចរិតរបស់កូន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន តារា ហើយក៏ជាទាហានមួយរូបដែរនោះ បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង»។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ស៊ុនណារ៉េត បានបន្តអំពាវនាវឲ្យកូនឈប់វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែសកម្មជនរូបនេះ ពុំបានស្តាប់នូវការអំពាវនាវរបស់ឪពុកខ្លួនទេ។លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធា និងលោកស្រី ពិល វ៉ាន់ថុន ដែលជាឪពុកម្តាយរបស់ ស៊ន តារា ធ្លាប់បានសម្តែងការខកចិត្ត និងខូចចិត្តជាខ្លាំងចំពោះភាពរមិលគុណ និងអកតញ្ញូរបស់ ស៊ន តារា ធ្វើចំពោះពួកគាត់។ ក្នុងនោះ លោកស្រី ពិល វ៉ាន់ថុន បានកើតវិបត្តិផ្លូវចិត្តរហូតដល់ពេលបច្ចុប្បន្នថែមទៀតផង។
មានការរិះគន់ថាទង្វើរបស់ ស៊ន តារា នៅថ្ងៃនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតពាលរបស់ជនដ៏ថោកទាបរូបនេះ ហើយក៏មិនមានអ្វីដែលចម្លែកនោះដែរ ដែលរូបគេតែងតែនិយាយប្រមាថកាតទានលើសម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រោះសូម្បីតែឪពុកម្តាយរបស់គេ ក៏គេមិនគោរព មិនផ្តល់តម្លៃ ហើយប្រកាសកាត់កាលចោលថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយឆ្លង និងបានរិះគន់ លោក ស៊ន តារា ថាកំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីលធម៌ ដោយបានវាយប្រហារចំពោះឪពុកម្តាយខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កូនមិនស្តាប់ឪពុកម្តាយ ហែលឆ្លងទឹកភ្នែកឪពុកម្តាយមិនរួចនោះទេ៕
សម្តេចនាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម ក៏បានបញ្ចេញឯកសារមួយចំនួនដែលទាក់ទងទៅនឹងក្រុមគ្រួសារលោក ស៊ន តារា ក្នុងនោះមានការសន្យារបស់លោក ស៊ន សារ៉ាត ប្អូនប្រុសលោក ស៊ន តារា ដែលបច្ចុប្បន្នបំរើការងារជាអ្នកកាសែត CamboJa។ តាមលិខិតផ្ញើទៅកាន់លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិកាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ន សារ៉ាត បានបញ្ជាក់ថាលោកនឹងព្យាយាមអូសទាញលោក ស៊ន តារា ដែលជាបងប្រុសលោក ឲ្យបញ្ឈប់ការវាយប្រហារប្រមាថព្រះមហាក្សត្រ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ព្រមទាំងស្នើឲ្យចាកចេញពីក្រុមឧទ្ទាមមករួមរស់ជាមួយគ្រួសារ និងប្រទេសជាតិវិញ។ ប្អូនប្រុសលោក ស៊ន តារា ក៏បានបញ្ជាក់ដែរថាលោក និងភរិយានឹងបន្តគាំទ្រគណបក្សប្រជាជនដោយឥតងាករេ។