វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2214 នាក់
ម្សិលមិញ 3656 នាក់
សរុប 6491123 នាក់
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាមានជំងឺកូវីដ-១៩កំពុងវាយលុកនៅបណ្តាប្រទេសនានាលើសកលលោក រួមទាំងប្រទេសកម្ពុជាយ៉ាងណាក្តី ក៏អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាចំនួន៣នៅតែសាងសង់ជាធម្មតា ។
ពាក់ព័ន្ធចំពោះសេដ្ឋកិច្ចកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា តាមការប៉ាន់ប្រមាណរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបីយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ក្នុងរង្វង់ ១,៥ភាគរយ ទៅ២,៩ភាគរយ។តែសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា“ប៉ុន្តែសម្រាប់យើងៗវាយតម្លៃថា ភាពប្រាកដប្រជាអាចនឹង -១,៩ភាគរយ នៅក្នុងឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំ”។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ព្រលានយន្តហោះអន្តរជាតិដែលកំពុងសាងសង់នោះ រួមមានព្រលានយន្ដហោះអន្តរជាតិខេត្តកណ្តាល ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិកងកេង នៅក្នុងខេត្តព្រះសីហនុ។ការសាងសង់មិនប៉ះពាល់ដល់ក្រុមហ៊ុ នដែលសាងសង់នោះទេ ហើយជាទូទៅនៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយបិទ ឬក្ស័យធននោះទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ណែនាំអោយអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីអោយការងាសាងសង់នេះមានភាពរលូន។បើតាមគម្រោង ការសាងសងព្រលានយន្ដហោះអន្តរជាតិក្នុងខេត្តកណ្តាល អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដោយព្រលានយន្តហោះនេះនឹងអាចយឱ្យន្តហោះខ្នាតធំចុះចូលចតបានដោយមិនចង្អៀតនោះទេ។ដើម្បីសម្រួលការងារសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ លោក ពុង ឃាវសែ ឱ្យជួយជីក បឹងជើងលោកឱ្យជ្រៅហើយយកអាចម៍ដី មកចាក់ឱ្យព្រលានយន្តហោះ។
បឹងជើងលោកជាប្រភពនៃការដោះស្រាយទឹក សម្រាប់កសិករធ្វើស្រែប្រាំង នៅតំបន់ពុតស និងផ្នែកមួយចំនួននៃស្រុកព្រៃកប្បាស ហើយវាធ្លាក់មកជាតំបន់នៃការធ្វើស្រែប្រាំងតាំងពីក្រាំងយូវរហូតចេញមកទន្លេ បាសាក់ ដូច្នេះត្រូវតែស្តុកទឹកទុកឱ្យបានច្រើននៅទីនោះ។សម្តេចបញ្ជាក់ថា អញ្ចឹងយកអាចម៍ដីពីក្នុងអាងយកមកចាក់ដីធ្វើព្រលានយន្តហោះ ជាផលចំណេញរបស់ក្រុមហ៊ុន តែជាផលចំណេញរបស់រដ្ឋ និងរបស់ប្រជាជនដែរ។ នៅពេលបឹងជើងលោកជ្រៅ វានឹងបង្កើតបាននូវការស្តុកត្រី របស់យើងនឹងធំធាត់នៅបឹងជើងលោក តែបឹងជើងលោក មិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រភពទឹកសម្រាប់ស្រោចស្របមួយមុខទេ បឹងជើងលោកជាប្រភពនៃការដែលយើងជម្លៀសទឹកជំនន់ព្រែកត្នោត ព្រោះយូរៗម្តងជំនន់ព្រែកត្នោត នឹងកើតឡើង ជំនន់ព្រែកត្នោតធ្លាក់ទៅក្នុងទន្លេបាសាក់ ប៉ុន្តែនៅពេលទឹកទន្លេបាសាក់វាខ្ពស់ដែរ ពេលទឹកជំនន់មកវាទៅណា យើងត្រូវបញ្ចៀសវាទៅបឹងជើងលោក»។
សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស(មិនដឹងធនាគារណា?) និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ទោះជាយ៉ាងណាភាគហ៊ុនរដ្ឋមានតេ១០ភាគរយតែប៉ុណ្ណោះ។
វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។គេមិនទាន់ដឹងថាតើព្រលានយន្តហោះភ្នំពេញនិងសៀមរាបដែលកុងត្រាឲ្យបារាំងនោះត្រូវបានរដ្ឋបន្ធូបន្ថុយបែបណាក្នុងការរកស៊ីនោះទេ!?។