វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1916 នាក់
ម្សិលមិញ 5456 នាក់
សរុប 12336910 នាក់
ខេត្តកណ្ដាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសឲ្យលោកគង់សោភណ្ឌ័ចូលកាន់មុខតំណែងជាអភិបាលនិងលោកនុត ពុធដារ៉ាជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលហើយ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល ភូមិដើមមៀន សង្កាត់ដើមមៀន ខេត្តកណ្តាល ។
សម្រាប់ការដឹកនាំសម្ដេចក្រឡាហោម បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ“ភូមិ ឃុំមាន សុវត្ថិភាព” ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។
សម្ដេចក្រឡាហោម បានស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅតាម មូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និង បញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា។
សម្ដេចក្រឡាហោម ក៏បានព្រមានមន្ត្រីណា ដែលធ្វើផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយនឹងធ្វើការ «វះកាត់» មិនបណ្ដោយឲ្យមានបញ្ហាតទៅទៀតបានឡើយ ព្រោះក្នុង២០២០នេះ ជាឆ្នាំដែលត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានខ្លាំងក្លា មិនទុកឡើយមន្ត្រីពុករលួយ មន្ត្រីជើងដប់ មន្ត្រីឡេមឡឺម មន្ត្រីឱកាសនិយម មន្ត្រីគ្មានសមត្ថភាព និងមន្ត្រីអសមត្ថភាព ផ្សេងៗទៀត។ ប៉ុន្តែលោក ក៏ទឹកចិត្តដល់មន្ត្រីទាំងឡាយណាដែលមានឆន្ទៈធ្វើការយ៉ាងពិតប្រាកដ ហើយនឹងបន្តលើកកម្ពស់ដល់មន្ត្រីទាំងឡាយណា ដែលមានស្នាដៃយ៉ាងពិតប្រាកដ យកមកធ្វើការកាន់មុខតំណែងយ៉ាងសាកសមជាទីបំផុត។
សម្ដេចក្រឡាហោម បានសង្កត់ទៅមន្ត្រីកុំគិតថា គ្មានបក្សប្រឆាំងហើយជិះសេះលែងដៃ ធ្វើអ្វីបានស្រេចតែអំពើចិត្តនោះ គឺគិតខុសហើយ ប៉ុន្តែត្រូវគិតថា ក្នុងនាមខ្លួនជាមន្ត្រី ត្រូវធ្វើយ៉ាងណា ដាក់ចិត្ត ដាក់កាយ ធ្វើការឲ្យបានល្អប្រសើរបំផុត ចៀសវាងការធ្វើទុក្ខបុកម្នេញ បង្កបញ្ហារកាំរកូសដល់ពលរដ្ឋ ដែលផ្ទុយពីគោលនបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ថែរក្សាសុខសន្តិភាពជាតិ ស្ថេរភាព និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម ម៉ៅ ភិរុណ ត្រូវចូលនិវត្តន៍ និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរងខេត្តកណ្តាលវិញ ជំនួសកន្លែងឯកឧត្តម គង់ សោភ័ណ្ឌ៕