វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 941 នាក់
ម្សិលមិញ 6068 នាក់
សរុប 15037149 នាក់
ថៃ៖ នៅថ្ងៃទី៧មិនាឆ្នាំ២០១៩សមាជិកប្រាំបួនរូបនៃតុលាការធម្មនុញ្ញថៃបានគាំទ្រការសម្រេចរំលាយចោលគណបក្ស «ថៃរក្សាជាតិ» ដែលជាគណបក្សមានឥទ្ធីពលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រិលោក ថាក់ស៊ីន។ ការរំលាយបក្សនេះធ្វើឡើងគឺនៅសល់តែ ១០ថ្ងៃ ប៉ុណ្ណោះនៃបោះឆ្នោតសភាថៃមកដល់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសវនាការនេះគេឃើញមានតែ មេដឹកនាំបក្សក្នុងនោះមានលោក Preechapol Pongpanich និងសមាជិកក្រុមគ្រួសារស៊ីណាវ៉ាត់ពីរនាក់មានវត្តមាននៅតុលាការធម្មនុញ្ញថៃ មុនពេលតុលាការចេញសេចក្តីសម្រេចរបស់ខ្លួនដែរ។មូលហេតុនៃរំលាយគណបក្សនយោបាយមួយនេះ គឺទាក់ទិននឹងគណបក្សថៃរក្សាជាតិបានដាក់ស្នើបេក្ខភាពម្ចាស់ក្សត្រិយ៍ អ៊ូប៊ុនរ័តន៍ រាជកញ្ញា ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សខ្លួនកាលពីខែកុម្ភៈបានតែប៉ុន្មានម៉ោងប៉ុនណោះ។
សំណុំរឿងគណបក្សនេះត្រូវបានបញ្ជូនទៅកាន់តុលាការធម្មនុញ្ញដោយគណៈកម្មការបោះឆ្នោតកាលពីថ្ងៃ ១២ ខែកុម្ភៈ ដោយចោទប្រកាន់ថា គណបក្សនេះបំពានច្បាប់ដោយទាញសែស្រឡាយរាជវង្សចូលពាក់ព័ន្ធនឹងនយោបាយ។
សូមបញ្ជាក់ដែរថាម្ចាស់ក្សត្រិយ៍ អ៊ូប៊ុនរ័តន៍ត្រូវបានគណបក្ស«ថៃរក្សាជាតិ» ដាកើស្នើជាបេក្ខជននាយករដ្ឋនៅថ្ងៃទី ៨ខែកុម្ភៈ។ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក មហាក្សត្រថៃ ព្រះវជ្ជរាឡុងកនបានចេញរាជបញ្ជាមួយហាមព្រះរៀមព្រះអង្គមិនឲ្យ ប្រឡូកក្នុងនយោបាយជាដាច់ខាត។ តាមពិតទៅ ម្ចាស់ក្សត្រិយ៍ អ៊ូប៊ុនរ័តន៍ ជាបុត្រីច្បងរបស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត និងម្ចាស់ក្សត្រិយានី ស៊ីរីគិត (Sirikit) តែទ្រង់បានលាលែងពីឋានៈរាជវង្សក្នុងឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិកម្នាក់។សម្រាប់គណបក្សថៃរក្សាជាតិ ក្រោយ ពីត្រូវតុលាការសម្រេចរំលាយគណបក្ស ថ្នាក់ដឹកនាំរបស់បក្សក្នុងតំណែងប្រតិបត្តិ ១៣ រូបក៏ត្រូវហាមឃាត់មិនឲ្យចូលធ្វើនយោបាយក្នុងរយៈពេលដប់ឆ្នាំពោលគឺ រាប់ទាំងចូលរួមបោះឆ្នោត និងឈរឈ្មោះផង។
ចំពោះសមាជិកជាបេក្ខជនមិនស្ថិតក្នុងតំណែងប្រតិបត្តិ ថ្វីបើមិនត្រូវស្ថិតក្រោមបម្រាមធ្វើនយោបាយក៏ដោយ ពួកគេត្រូវជាសមាជិកគណបក្សនយោបាយមួយជាក់លាក់ក្នុងរយៈពេលយ៉ាងហោចណាស់ ៩០ថ្ងៃមុនការបោះឆ្នោតមកដល់។ ខណៈការបោះឆ្នោតនឹងមកដល់នៅថ្ងៃ ២៤ ខែមីនា វាមានន័យថា បេក្ខជនទាំងនោះគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីប្តូរបក្ស និងចូលទៅរួមរស់ជាមួយគណបក្សផ្សេងដើម្បីមានសិទ្ធិប្រកួតក្នុងការបោះឆ្នោតនេះឡើយ។សូមបញ្ជាក់ដែរថា៖រឿងរំលាយគណបក្សនយោបាយនៅក្នុងប្រទេសថៃមិនមែនជារឿងចម្លែកខ្លាំង និងជារឿងថ្មីថ្មោងអ្វីនោះទេ ។
កន្លងមកក៏ធ្លាប់មានគណបក្សចំនួនពីរមកហើយដែលត្រូវបានរំលាយចេញពីឆាកនយោបាយនៅស្រុកថៃ។តែ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺគ្រប់គណបក្សនយោបាយដែលត្រូវរំលាយគឺសុទ្ធតែជាបក្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអតីតលោកនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានពួកយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីឆ្នាំ ២០០៦។
សម្រាប់គណបក្ស ថៃរក្សាឆាតមិនមែនត្រឹមតែជាគណបក្សដែលស្និទ្ធនឹងលោកថាក់ស៊ីនប៉ុណ្ណោះនោះទេ តែក៏ជាបក្សនយោបាយដ៏ធំ និងមានសក្តានុពលខ្លាំងដើម្បីប្រកួតប្រជែងជាមួយនឹងគណបក្សផាឡាំងប្រាឆារ៉ាត់ ឬហៅជាភាសាខ្មែរថាគណបក្សកម្លាំងប្រជារាស្ត្ររបស់លោកប្រាយុទ្ធ ចាន់អូចា ក្នុងការបោះឆ្នោតនាថ្ងៃទី ២៤ មីនា ខាងមុខនេះដែរ។
គួរបញ្ជាក់ជូនដែរថា ក្នុងរយៈពេល ១៣ ឆ្នាំ រាប់ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីននាឆ្នាំ ២០០៦ មក មានគណបក្សនយោបាយដែលមានទំនោរ ឬស្និទ្ធនឹងលោកថាក់ស៊ីនសរុបទាំងអស់ចំនួន៣ ហើយត្រូវបានរំលាយ ដែលក្នុងនោះរួមមាន គណបក្សថៃរ័កថៃ គណបក្សផាឡាំងប្រាឆាឆុន និងចុងក្រោយគេគឺគណបក្សថៃរ៉ាក់សាឆាតនេះឯង។