វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2306 នាក់
ម្សិលមិញ 2184 នាក់
សរុប 13422180 នាក់
ភ្នំពេញ៖សម្រាប់ស្រុកខ្មែរយើងបច្ចុប្បន្ន មានពតិមានជាច្រើនបង្ហាញពីការធ្វើអត្តឃាត!។ប្រការនេះធ្វើឲ្យអ្នកវិទ្យាសាស្ត្រគិតថាជម្ងឺបាក់ទឹកចិត្តបាននិងកំពុងរាតត្បាតស្រុកខ្មែរ។តាមការស្រាវជ្រាវ មានកត្តា៣យ៉ាងដែលនាំឱ្យមនុស្សមានបញ្ហាផ្លូវចិត្តកត្តាសង្គម កត្តាជីវសាស្ត្រ និងកត្តាចិត្តសាស្ត្រ។
១៖អ្វីទៅជាជំងឺផ្លូវចិត្ត?
ជំងឺផ្លូវចិត្ត ជាជំងឺវេជ្ជសាស្ត្រ មិនមែនជាជំងឺកើតឡើងដោយសារអរូបីនោះឡើយ។ នៅក្នុងប្រទេសកម្ពុជា បញ្ហាផ្លូវចិត្តនានាដែលកើតមានច្រើនជាងគេ គឺ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។
តើអ្វីជាភាពខុសគ្នារវាងជំងឺផ្លូវចិត្ត និងជំងឺធ្លាក់ទឹកចិត្ត?«ជំងឺធ្លាក់ទឹកចិត្ត» ជាជំងឺមួយក្នុងចំណោមជំងឺផ្លូវចិត្តទាំងឡាយជាច្រើន។ ជាទូទៅ ជំងឺផ្លូវចិត្តនីមួយៗសុទ្ធតែមានរោគសញ្ញាខុសគ្នាៗ ប៉ុន្តែសម្រាប់ជំងឺធ្លាក់ទឹកចិត្ត សំដៅទៅលើ«ការបាត់បង់អ្វីមួយដែលមានតម្លៃ ឬមានអត្ថន័យសំខាន់ក្នុងជីវិតរបស់អ្នកជំងឺនោះ ដូចជា ការបាត់បង់សមាជិកគ្រួសារ បាត់បង់ទំនាក់ទំនង បាត់បង់ឱកាស បាត់បង់ឋានៈ។ល។
ដែលជាហេតុធ្វើឲ្យអ្នកជំងឺមានវិប្បសារី គិតឃើញតែរឿងរ៉ាវដែលកន្លងទៅ មានការតូចចិត្តចំពោះខ្លួនឯង ស្តីបន្ទោសខ្លួនឯង ធ្វើឲ្យអ្នកជំងឺបាត់បង់ក្តីសង្ឃឹម បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយ គិតថាមិនអាចចូលរួមសង្គមជាមួយគេឯងបានតទៀតជាដើម»។ ជំងឺធ្លាក់ទឹកចិត្តក៏អាចបង្កឡើងដោយកត្តាជីវសាស្ត្រដែរ គឺមានន័យថា វាបង្កដោយអតុល្យភាពនៃសារធាតុគីមីឈ្មោះសេរ៉ូតូនីន ឬអាចបណ្តាលមកពីជំងឺផ្លូវកាយណាមួយ ឧទាហរណ៍៖ ជំងឺទាក់ទងក្រពេញទីរ៉ូអ៊ីត ជាដើម។ ក្នុងករណីមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ អ្នកជំងឺអាចមានឮសំលេងដែលគ្មាននរណាម្នាក់អាចឮ ឬគិតថាមានអ្នកនិយាយមានគំនិតអាក្រក់លើខ្លួន ហើយអ្នកជំងឺមានគំនិតចង់ធ្វើអត្តឃាត....។
ជាទូទៅ អ្នកជំងឺធ្លាក់ទឹកចិត្តមានសភាពក្រៀមក្រំ មិនចាប់អារម្មណ៍លើអ្វីៗ ប៉ុន្តែអ្នកជំងឺធ្លាក់ទឹកចិត្តខ្លះ ទឹកមុខរីករាយដដែលយើងហៅថា «ជំងឺធ្លាក់ទឹកចិត្តញញឹម» គឺអ្នកជំងឺមានភាពរីករាយក្នុងសង្គមទំនាក់ទំនង សកម្មភាពការងារ ប៉ុន្តែប្រែជាក្រៀមក្រំ និងអស់កម្លាំងខ្លាំងគ្រប់ពេលនៅម្នាក់ឯងទៅវិញ។ រោគសញ្ញាដែលខ្លួនឯងអាចសង្កេតមាន៖ •បាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលធ្លាប់មានចំណាប់អារម្មណ៍ពីមុន
•លែងចង់ចូលចំណោមមនុស្សច្រើន •បាត់បង់ការបរិភោគ ឬការគេង •ហត់នឿយច្រើន ឆាប់ខឹងនានា។
មានបីកត្តាធំៗដែលធ្វើឲ្យមានប្រជាជនកម្ពុជាប្រឈមមុខការកើតជំងឹផ្លូវចិត្ត៖
1.កត្តាជីវសាស្ត្រ ៖ បណ្តាលមកពីភាពមិនប្រក្រតីនៃសារធាតុគីមីហៅថា ណឺរ៉ូត្រែនស្មី ក្នុងកោសិកាខួរក្បាល ជាពិសេសគឺជាតិសេរ៉ូតេនីន អេពីណេហ្វ្រីននិងដូប៉ាមិន។ ការថយចុះនៃសារធាតុសេរ៉ូតេអ៊ីនធ្វើឲ្យមានអារម្មណ៍មិនល្អ អារម្មណ៍មិននឹងនរ គេងមិនលក់ មិនចង់បរិភោគ ក្រៀមក្រំ ជាដើម។
2.កត្តាចិត្តសាស្ត្រ ៖ ទាក់ទងលើស្មារតីរបស់អ្នកជំងឺផ្ទាល់ដូចជា ភាពមិនពេញចិត្តអ្វីដែលខ្លូនមាន ឆាប់ខឹង តែងតែគិតអវិជ្ជមាន ខ្វល់ខ្វាយច្រើនជាដើម។
3.កត្តាសង្គម ៖ មានដូចជា ការរស់នៅក្នុងបរិយាកាសសង្គមមិនល្អ ការរស់នៅជាមួយភាពភ័យខ្លាច ឬរស់នៅក្នុងគ្រួសារដែលមានអំពើហឹង្សាជាដើម។
ជំងឺផ្លូវចិត្តនេះ មិនទាមទារសំភារៈបរិក្ខារពេទ្យទំនើបៗដូចជំងឺផ្លូវកាយឡើយ ប៉ុន្តែទាមទារនូវគ្រូពេទ្យមានឥរិយាបថល្អ ដែលចេះបង្ហាញនូវការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ចេះយកចិត្តអ្នកជំងឺចេះស្តាប់ និងចំណាយពេលវេលាច្រើនសម្រាប់យល់ពីគាត់។ វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តអាចធ្វើរោគវិនិច្ឆ័យដោយការសង្កេតមើលរាល់អាកប្បកិរិយា និងវាយតម្លៃពីអារម្មណ៍ និងគិតាមរយៈសម្ភាសន៍រាល់បញ្ហាដែលអ្នកជំងឺមាន។
បើអ្នកជំងឺមិនអាចអាស្រ័យទាក់ទងបាន ឬមិនមានស្មារតីនឹងនរក្នុងការសម្ភាសន៍នោះទេ វេជ្ជបណ្ឌិតឯកទេស នឹងត្រូវធ្វើការសាកសួរព័ត៌មានទាក់ទងនឹងអ្នកជំងឺបានតាមរយៈអ្នកផ្ទះ បងប្អូន ឬអ្នកដែលជិតស្និទ្ធបំផុត។ ការយកចិត្តដាក់ស្តាប់រាល់បញ្ហាដែលអ្នកជំងឺមាន ការចូលរូមចែករំលែករាល់អារម្មណ៍ដែលអ្នកជំងឺមាន ការស្វែងយល់រាល់បញ្ហារបស់គាត់ អាចជួយឲ្យការធ្វើរោគវិនិច្ឆ័យទទួលបានផលល្អ ហើយមានភាពងាយស្រួលក្នុងការព្យាបាល។
ក្នុងការព្យាបាលលើជំងឺនេះ ត្រូវការចំណាយពេលយូរ ដែលមានការចូលរួមជាមួយអ្នកជំងឹផ្ទាល់ ក្រុមគ្រួសារ គ្រូពេទ្យ អ្នកចិត្តសាស្ត្រ និងបុគ្គលិកសង្គមកិច្ច។ ប្រសិនបើមិនបានព្យាបាលជំងឺផ្លូវចិត្ត អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ការប្រកបការងារ និងទំនាក់ទំនងក្នុងសង្គម។ ដូច្នេះ អ្នកជំងឺត្រូវទទួលការព្យាបាលបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិតឯកទេស ចៀសវាងការទុកឲ្យជំងឺនោះរ៉ាំរ៉ៃ។
ការព្យាបាលដែលល្អបំផុតរួមមាន៖
•ការជួយរកដំណោះស្រាយសម្រាប់បញ្ហាដែលគាត់មាន
•ការផ្តល់ប្រឹក្សាល្អៗសម្រាប់គាត់
•ការលើកទឹកចិត្ត
•ការណែនាំឲ្យគិតវិជ្ជមានសម្រាប់ការបន្តការរស់នៅរាល់ថ្ងៃផ្សេងៗ
•ការព្យាបាលដោយប្រើប្រាស់ថ្នាំលេប៖ គឺអាចឲ្យមានតុល្យភាពនៃសារធាតុគីមីនៅក្នុងខួរក្បាល ដែលជាហេតុនាំឲ្យបាត់រោគសញ្ញានៃជំងឺ តែចាំបាច់អ្នកជំងឺត្រូវទទួលការផ្តល់ប្រឹក្សាផងដែរ។
វិធីបង្កា៖
យ៉ាងណាមិញ ការបង្ការលើបញ្ហាផ្លូវចិត្ត គឺការស្វែងយល់ឲ្យបានស៊ីជម្រៅលើបញ្ហាទាំងនោះ។ មានចំណុចបីធំៗដែលជាវិធីសាស្ត្រដែលល្អសម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត គឺយើងត្រូវធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃផ្នែកក្នុងការរស់នៅប្រចាំថ្ងៃ៖
•ត្រូវតាមដានពីអារម្មណ៍ដែលមានចំពោះខ្លួនឯង៖ ត្រូវមានការពេញចិត្តនូវអ្វីដែលខ្លួនឯងមានហើយ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងក្នុងស្ថានភាពនានាប្រចាំថ្ងៃ។
•ត្រូវតាមដានពីអារម្មណ៍ដែលមានចំពោះមនុស្សជុំវិញខ្លួន៖ ចេះឲ្យតម្លៃលើអ្នកដទៃលើអ្វីដែលគេមាន ត្រូវចេះស្រឡាញ់ និងសាទរនូវអ្វីដែលអ្នកដទៃមាន ឬធ្វើបាន មិនត្រូវមានអារម្មណ៍អវិជ្ជមានចំពោះអ្នកជុំវិញខ្លួន...។
•ត្រូវតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់យើង៖ មិនត្រូវដាក់សម្ពាធសម្រាប់ខ្លួនឯង ឬក្រុមគ្រួសារពេកទេ ឬមិនត្រូវកំណត់គោលដៅក្នុងជីវិតរបស់ខ្លួនឲ្យហួសហេតុពេកទេ ត្រូវមានតុល្យភាពរវាងការងារ ការសម្រាក និងត្រូវចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារនៅក្នុងជីវិតប្រចាំថ្ងៃជាដើម។
នៅពេលមនុស្សគ្រប់គ្នាអាចធ្វើឲ្យបីចំណុចខាងលើមានតុល្យភាព ពេលនោះគាត់មិនសូវមានជួបបញ្ហាផ្លូវចិត្តនោះទេ។ ប្រជាជនគ្រប់រូបគួរគប្បីស្វែងយល់បន្ថែមលើចំណុចផ្សេងទៀត៖
•ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីមួយ៖ គឺមានការពារចំពោះជំងឺផ្លូវចិត្តមុនពេលជំងឺនេះកើតឡើង។ សកម្មភាពនេះ គឺការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពផ្លូវចិត្តដល់ប្រជាជនក្នុងសហគមន៍។ ការយល់ដឹងពីបញ្ហាផ្លូវចិត្ត វានឹងឲ្យយើងអាចស្វែងរកការព្យាបាលបានទាន់ពេល រកការជួយពីអ្នកចិត្តសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដែលយើងមានកុំឲ្យវាកាន់តែធ្ងន់។ ការផ្លាស់ប្តូរ ការគិតអវិជ្ជមានមកគិតវិជ្ជមានវិញ គឺជាកត្តាមួយសម្រាប់ជួយយើងក្នុងការការពារជំងឺផ្លូវចិត្តដែរ។
•ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីពីរ៖ ស្វែងរកការព្យាបាលជំងឺផ្លូវចិត្តដែលកើតមានរួចហើយ។ ក្នុងករណីនេះ គឺវេជ្ជបណ្ឌិតឯកទេសមានតួនាទីជួយព្យាបាលជំងឺឲ្យបានជាសះស្បើយ។ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា វានឹងនាំឲ្យយើងអាចកាត់បន្ថយពេលវេលា និងថវិកា។
•ការបង្ការជំងឺផ្លូវចិត្តដំណាក់កាលទីបី៖ គឺជាសកម្មភាពចុងក្រោយនៃការបង្ការជំងឺផ្លូវចិត្តកុំឲ្យកាន់តែរ៉ាំរ៉ៃ និងការស្តារលទ្ធភាពពលកម្មរបស់អ្នកជំងឺ ដើម្បីឲ្យគាត់ត្រឡប់មកជាសភាពដូចមុនពេលឈឺវិញ។
តើជំងឺផ្លូវចិត្តបានជះឥទ្ធិពលអាក្រក់អ្វីខ្លះ?
ជំងឺផ្លូវចិត្តក៏បានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវកាយរបស់អ្នកផងដែរ ជាពិសេសអ្នកមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ។ ជំងឺផ្លូវកាយដែលស្តែងចេញពីភាពរ៉ាំរ៉ៃនៃជំងឺផ្លូវចិត្តរួមមាន៖
•ជំងឺក្រពះពោះវៀន •ជំងឺវិបត្តិសរសៃឈាមបេះដូង •ជំងឺប្រពន្ធ័ប្រសាទជាដើម។
ជាការយល់ខុសមួយ ដែលប្រជាជនមួយចំនួនមានគឺ គេនៅតែគិតជំងឺផ្លូវចិត្តជាជំងឺសួរពូជ ដែលជាហេតុនាំឲ្យមានការរើសអើងនៅក្នុងសង្គមផងដែរ។ តាមការពិតមានតែជំងឺផ្លូវចិត្តមួយភាគតូចប៉ុណ្ណោះ ដែលអាចមានលក្ខណៈសួរពូជ។ ជំងឹផ្លូវចិត្តភាគច្រើន គឺជាជំងឺដែលព្យាបាលជាបាន ប្រសិនបើយើងព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ ការរើសអើងនេះ វាបានបង្កជាផលវិបាកជាច្រើនសម្រាប់ជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ ហើយវាជាកត្តាមួយដែលមិនឲ្យក្រុមគ្រួសារ ឬអ្នកជំងឺមិនព្រមទទួលការព្យាបាលដែរ៕ឯកសារស្រាវជ្រាវពីបរទេស!