
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5044 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695215 នាក់
ភ្នំពេញ៖លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានជំរុញឱ្យអាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំដើមឈើគ្រប់ទីកន្លែងដែលមានដីទំនេរអាចដាំបាន ដោយត្រូវជំរុញដួងចិត្តបណ្តុះរុក្ខជាតិបៃតង រីកសាយភាពជាទូទៅក្នុងមូលដ្ឋាន សំដៅយ៉ាងណាឱ្យប្រែក្លាយសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក ជាសង្កាត់បៃតង និងមានបរិស្ថានកាន់តែល្អប្រសើរ។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធានក្រុមការងារ ស.ស.យ.ក.គ៧៨ និងលោកជំទាវ អ៊ុង លក្ខិណា តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខណ្ឌទួលគោកអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើ និងចែកកូនឈើ ក្រោមប្រធានបទ៖ «រួមគ្នាដាំដើមឈើ រួមគ្នាការពារបរិស្ថាន» ដើម្បីរក្សាស្មារតី រុក្ខទិវា ៩ កក្កដា ក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ៖
«ការដាំដើមឈើមិនមែនគ្រាន់តែជាការដាំប៉ុណ្ណោះទេ ប៉ុន្តែជាការ ដាំស្មារតី ដាំការទទួលខុសត្រូវ និងដាំអនាគត។ សកម្មភាពនេះក៏ជាការគោរពតាមព្រះរាជតម្រិះរបស់ ព្រះបរមរតនកោដ្ឋ និងបន្តស្មារតី «រុក្ខទិវា» ដែលបានរស់ឡើងវិញក្រោយកម្ពុជាទទួលបាន សន្តិភាពពេញលេញ និងឯកភាពជាតិ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» ដ៏មានតម្លៃជាប្រវត្តិសាស្ត្រខ្មែរ របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកឯកគ្មាពីរ និងបន្តដឹកនាំនាវាដោយស្វាហាប់ ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម់ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ក្នុងព្រឹត្តិការណ៍នេះ មានការដាំដើមឈើ ៣៨ដើម នៅទីតាំងប្រារព្ធពិធី និង ៨៩៣ដើម បន្ថែមទៀតនៅឧទ្យានគ្រឹះស្ថានសិក្សា វត្តអារាម និងទីតាំងសាធារណៈនានា។ ជាមួយគ្នានេះ កូនឈើចម្រុះ ៥០០ដើម ត្រូវបានត្រៀមចែកជូនរដ្ឋបាលខណ្ឌ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំបន្តនៅតាមសហគមន៍។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ព្រមទាំងក្រុមការងារ បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកស្រី ឡុង វិសាខា ជូន លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ និងថវិកា ២ម៉ឺនរៀល ព្រមទាំងក្មួយៗសិស្សានុសិស្ស ចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរមួយក្បាល ប៊ិកមួយដើម និងថវិកា ១ម៉ឺនរៀល៕