
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10044 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700215 នាក់
បាត់ដំបង៖ប្រជាពលរដ្ឋជាច្រើន នាំគ្នាទៅដួសប្រេងសឺទែនដែលក្រឡាប់ចេញពីទូររថភ្លើង ពេលជួបគ្រោះថ្នាក់ធ្លាក់ចេញផ្លូវដែកនៅចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង សង្កាត់អូចារ ក្រុងបាត់ដំបង នាសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។យោងតាមរបាយការណ៍បឋម ទូររថភ្លើងក្រឡាប់ធ្លាក់ផ្លូវ ចំនួន៥ ទូក្នុងនោះ៣ ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់ ចំណែកទូសាំង២ទូរទៀត មិនមានការលេចធ្លាយទេ។
កន្លងមកករណីយ៍ចឹង អាជ្ញាធរក៏ ធ្លាប់បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅដួសប្រេងដែលកំពប់តាមផ្លូវបែបនេះឱ្យសោះ ព្រោះប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ប្រសិនបើមានកម្ទេចភ្លើងតែបន្តិច ក៏អាចឆាបឆេះភ្លាមៗដែរ។
សម្រាប់លើកនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន បញ្ចេញរថយន្តពន្លត់អគ្គិភ័យ និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន សហការជាមួយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ព្រមទាំងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយ លោក លាង វាសនា អភិបាលក្រុង ចុះអន្តរាគមន៍ និងទប់ស្កាត់ជាបន្ទាន់។
កម្លាំងសមត្ថកិច្ចបានចុះរៀបចំសណ្តាប់ធ្នាប់ និងហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យចូលទៅកាន់តំបន់គ្រោះថ្នាក់ ដើម្បីដងយកប្រេង ដែលហៀរចេញនោះឡើយ ដោយសារសកម្មភាពនេះអាចបង្កឱ្យមានគ្រោះថ្នាក់ អគ្គិភ័យ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
គិតមកដល់ពេលនេះ ស្ថានភាពនៅកន្លែងកើតហេតុ ត្រូវបានគ្រប់គ្រងបានជាធម្មតា និងមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។ យ៉ាងណាមិញ សមត្ថកិច្ចនគរបាលនៅតែបន្តបោះទីតាំង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហានៅទីនោះជាបន្តទៀត ខណៈដែលមានប្រជាពលរដ្ឋមួយចំនួន នៅតែព្យាយាមចូលទៅជិតទីតាំងកើតហេតុ។
សូមបញ្ជាក់ថារថភ្លើងដឹកប្រេងនេះនាំចេញពីភ្នំពេញតែអ្វីដែលជាការកត់សម្គាល់ការក្រឡាប់នេះមិនមែនមានតេម្តងទេគឺច្រើនដងហើយដែលបង្ហាញថាផ្លូវរថភ្លើងដែលគ្រប់គ្រងដោយក្រុមរ៉ូយ៉ាល់រ៉េលវ៉េរបស់អ្នកឧកញ៉ាគិតម៉េងមិនមានសុវត្ថិភាពគ្រប់គ្រាន់។