
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12137 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702308 នាក់
ខេត្តកំពត៖ជនជាតិចិនទាំង៦នាក់ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិតនោះ ឈ្មោះ LI XING PENG, LIU HAOXING , ZHU RENZHE , YIN SONG WAN , JIN TIAN LONG TUM KIM CHEOL LYEONG និង ឈ្មោះ LI GUANG HAO ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តកំពត។
អ្នកទាំង៦នាក់នេះ ត្រូវបានតុលាការខេត្តកំពត ចោទប្រកាន់ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ចំពោះនិស្សិតជនជាតិកូរ៉េខាងត្បូងម្នាក់ ឈ្មោះ PARK MINHO នៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
ពាក់ព័ន្ធករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូង នៅខេត្តកំពតអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥បានឲ្យដឹងថា តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះជនល្មើស៣នាក់ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសារនៃសព។
យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន។
ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជា និស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់ពី ការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។ អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំ បានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់ សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះ តាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត បានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជាទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់។
ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លួនបាត់។
ក្រោយពីការប្រមូលភស្តុតាង ការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធីកំណត់ដោយច្បាប់, នគរបាលយុត្តិធម៌ បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។
ក្រោយបំពេញនីតិវិធីស៊ើបអង្កេត ផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្ខពួកចំនួន២នាក់ទៀត ពីបទឃាតកម្ម ដោយអំពើឃោរឃៅ និងបទឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា២០៥, មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ធ។
ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះបានចាប់ផ្តើមពីថ្ងៃទី ០៨ សីហា ដល់ថ្ងៃទី ១២ សីហា ២០២៥ ដោយគណៈបញ្ជាការឯកភាពខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការ នគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និង អាជ្ញាធរពាក់ព័ន្ធ នៅក្នុងភូមិសាស្ត្របូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់ ៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ដកហូតសម្ភារៈបម្រើឱ្យការឆបោក ទូរសព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop ចំនួន ៣៩គ្រឿង Pad ចំនួន ១គ្រឿង Tablet ចំនួន ១៤គ្រឿងព្រមទាំងបានសង្គ្រោះ ជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោកផងដែរ។
ការចាប់ខ្លួនបុរសជនជាតិចិនខាងលើ កើតឡើងបន្ទាប់ពីមានការបង្កើតក្រុមការងាររួម កម្ពុជា-កូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ និងក្រោយពីមានករណីនៃការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់ អាយុ២២ឆ្នាំ អំឡុងពេលធ្វើដំណើរមកវិស្សមកាលរដូវក្តៅនៅក្នុងប្រទេសកម្ពុជាកាលពីខែសីហា។
បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhapដែលបានយោងតាមរបាយការណ៍របស់អង្គភាពចារកម្មជាតិកូរ៉េ បុរសជនជាតិចិន ឈ្មោះ Li Guanghao ត្រូវបានតាមដានជាបន្តបន្ទាប់ បន្ទាប់ពីបុរសរូបនោះ ត្រូវបានកំណត់ជាមុខសញ្ញាដែលហៅទូរស័ព្ទទៅគ្រួសារនិស្សិតដែលមាននាមត្រកូល Park។ ជនសង្ស័យឈ្មោះ Liនេះ រួមជាមួយនឹងជនជាតិចិន៣នាក់ និងកូរ៉េ៥នាក់ទៀត ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងភ្នំពេញ។
តាមទីភ្នាក់ងារព័ត៌មាន Yonhapបុរសជនជាតិចិន ឈ្មោះ Li Guanghao ត្រូវបានចោទប្រកាន់ថា បានធ្វើទារុណកម្ម និងសម្លាប់និស្សិតកូរ៉េអាយុ២២ឆ្នាំ ដែលមាននាមត្រកូល Park។ឃាតកម្មនេះបានកើតឡើង នៅក្បែរភ្នំបូកគោ ទីដែលមានការផ្តល់ឱកាសការងារបោកប្រាស់ និងការឃុំឃាំងមនុស្ស ដែលជារឿយៗបានដាក់គោលដៅលើពលរដ្ឋកូរ៉េខាងត្បូង។ ជនសង្ស័យ Li Guanghaoក៏ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កើតលើករណីឧក្រិដ្ឋកម្មផ្សេងទៀត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ បើតាមទីភ្នាក់ងារ Yonhap ស្ថានទូតកូរ៉េប្រចាំកម្ពុជា ភាគីកូរ៉េក៏ទទួលបានការរាយការណ៍អំពីការចាប់ខ្លួនជនសង្ស័យ Li Guanghao ដោយមន្ត្រីកម្ពុជា មុននឹងសម្រេចថាតើនឹងអាចត្រូវបានបញ្ជូនទៅកូរ៉េវិញឬយ៉ាងណា។