
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9112 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699283 នាក់
ប្រទេសអ៊ីរ៉ង៖សារព័ត៌មានAxiosបានរាយការណ៍ នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦ ដោយដកស្រង់ប្រភពរបស់អាមេរិក អ៊ីស្រាអែល និងតំបន់ដែលដឹងអំពីកិច្ចចរចាថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់ កំពុងពិភាក្សា អំពី លក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេល៤៥ថ្ងៃ ដែលអាចនាំទៅដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
បើតាមរបាយការណ៍នេះ អ្នកសម្របសម្រួលកំពុងពិភាក្សា អំពី លក្ខខណ្ឌនៃកិច្ចព្រមព្រៀងពីរដំណាក់កាល។ ដំណាក់កាលទីមួយនឹងជាបទឈប់បាញ់រយៈពេល៤៥ថ្ងៃ ហើយចន្លោះពេលអនុវត្តបទឈប់បាញ់នេះនឹងមានការចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ចំណែក ដំណាក់កាលទីពីរនឹងជាកិច្ចព្រមព្រៀង ស្តីពី ការបញ្ចប់សង្គ្រាម។
ការចរចាកំពុងធ្វើឡើងតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី ព្រមទាំងតាមរយៈសាររវាងបេសកជនរបស់លោកត្រាំ គឺលោកSteve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកAbbas Araghchi។យ៉ាងណាមិញ ប្រភពព័ត៌មានបាននិយាយថា ឱកាសសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយផ្នែកក្នុងរយៈពេល៤៨ម៉ោងខាងមុខ គឺតិចតួចណាស់។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦ បានបង្ហាញពីឱសានវាទថ្មីសម្រាប់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រHormuzឡើងវិញទាំងស្រុង ពីថ្ងៃចន្ទទី០៦ខែមេសាវេលាម៉ោង៨យប់ ទៅថ្ងៃអង្គារវេលាម៉ោង៨យប់វិញ។ ដល់ពេលដែលបានកំណត់ថ្មីនេះ ប្រសិនបើអ៊ីរ៉ង់នៅតែមិនបើកច្រកសមុទ្រHormuzទៀត នោះនឹងមានការវាយប្រហារលើរោងចក្រថាមពលនិងហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ។ទីបំផុតប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេចារកម្មរបស់កងឆ្មាំបដិវត្ត (IRGC) ដោយប្រកាសថា មន្ត្រីជាន់ខ្ពស់ម្នាក់នេះ បាត់បង់ជីវិតក្នុងការវាយប្រហារអាកាសរបស់អាមេរិក-អ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Fars បានដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC ដែលអះអាងថា លោក Seyyed Majid Khademi ត្រូវសម្លាប់ ក្នុងការវាយប្រហារនាពេលព្រឹកព្រហាមថ្ងៃអាទិត្យទី៥ខែមេសាឆ្នាំ២០២៦។តែមន្ត្រីជាន់ខ្ពស់នៅទីក្រុងតេហេរ៉ង់ បានបញ្ជាក់ប្រាប់ទៅ Reuters ថា ខ្លួនមិនបើកច្រក Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នដាច់ខាត។
មន្ត្រីអ៊ីរ៉ង់សុំមិនបញ្ចេញឈ្មោះ បាននិយាយនៅថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់ បានរក្សាជំហរយ៉ាងច្បាស់រួចហើយ ដូចនេះ កុំយកបទឈប់បាញ់បណ្តោះអាសន្ន មកដោះដូរជាមួយការបើកច្រកសមុទ្រ Hormuz ឲ្យសោះ។
ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Anwar Gargash បាននិយាយថា ការដោះស្រាយសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែធានាដល់ការឆ្លងកាត់ច្រក Hormuz ហើយដោះស្រាយការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងមីស៊ីល និងយន្តហោះដ្រូន រួមទាំងការបើកផ្លូវសម្រាប់ «មជ្ឈិមបូព៌ាដ៏គ្រោះថ្នាក់ ហើយងាយនឹងបង្កជាហេតុ»។
លោក Gargash បានប្រាប់សន្និសីទសារព័ត៌មានចុងសប្តាហ៍ថា «ច្រកសមុទ្រ Hormuz មិនអាចត្រូវបានចាប់ជាចំណាប់ខ្មាំងដោយប្រទេសណាមួយឡើយ។ សេរីភាពនៃការធ្វើនាវាចរណ៍តាមផ្លូវទឹក ត្រូវតែជាផ្នែកមួយនៃការដោះស្រាយជម្លោះណាមួយដោយមានកិច្ចព្រមព្រៀងច្បាស់លាស់លើរឿងនោះ»។
លោកបានមានប្រសាសន៍ថា «UAE ចង់ឲ្យសង្គ្រាមបញ្ចប់ ប៉ុន្តែបានព្រមានប្រឆាំងនឹងបទឈប់បាញ់ដែលទុកមូលហេតុដើមនៃអស្ថិរភាពមិនទាន់ដោះស្រាយ។ ជាក់ស្ដែង យើងមិនចង់ឃើញការកើនឡើងកាន់តែខ្លាំងឡើងទេ។ ប៉ុន្តែយើងមិនចង់បានបទឈប់បាញ់ដែលបរាជ័យក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដែលនឹងបង្កើតបរិយាកាសដ៏គ្រោះថ្នាក់ជាងនេះនៅក្នុងតំបន់នោះទេ។ ជាពិសេសកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មីស៊ីល និងយន្តហោះដ្រូន ដែលនៅតែធ្លាក់មកលើយើង និងលើប្រទេសដទៃទៀត»។អារ៉ាប់រួមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិណាមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធានាការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រមួយនេះ.។
ក្នុងផែនការចរចាឈប់បាញ់នេះ មានចែកចេញជាយុទ្ធសាស្ត្រ ២ ដំណាក់កាល ដោយដំណាក់កាលទី១ ក៏រួមមានទាំងការប្រកាសបទឈប់បាញ់ជាបន្ទាន់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗផងដែរ។សម្រាប់ដំណាក់កាលទី២, ភាគីទាំងពីរត្រូវប្រើពេល ១៥ ទៅ ២០ ថ្ងៃ ដើម្បីចរចាឈានទៅរក «កិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ» ដែលជាដំណោះស្រាយដ៏ទូលំទូលាយ និងស្ថិតស្ថេរ៕