
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6681 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696852 នាក់
លោក ស៊ិន សុភា អតីតមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែក ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ បានសម្រេចចិត្តរើបំរាស់ ដោយបង្ហោះសាររៀបរាប់ពីការឈឺចាប់ និងភាពរងគ្រោះ ដោយលោកហៅថា "របាយការណ៍ភូតកុហក" និង "បក្ខពួកនិយម" នៅក្នុងអង្គភាព ។
លោក ស៊ិន សុភា បានបង្ហោះសារជាសាធារណៈ នៅថ្ងៃអាទិត្យនេះ សម្តែងនូវការខកចិត្តនិងមិនសុខចិត្ត ចំពោះសេចក្តីសម្រេចបណ្តេញលោកចេញពីការងារ។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកនៅតែមិនទាន់ទទួលបានការពន្យល់ឱ្យបានសមស្រប អំពីមូលហេតុពិតប្រាកដដែលនាំឱ្យមានទណ្ឌកម្មវិន័យធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ ។
លោកបានដាក់សំណួរដេញដោលចំៗទៅកាន់ ប្រធានការិយាល័យចរាចរណ៍ ចំនួន៣ចំណុចធំៗរួចមាន ៖១. ការធ្វើរបាយការណ៍ភូតកុហក ៖ លោកចោទសួរថា តើការិយាល័យបានសរសេរអ្វីខ្លះទៅកាន់ថ្នាក់ដឹកនាំ ដើម្បីបង្ខូចឈ្មោះលោក រហូតឈានដល់ការដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ?
២. ស្តង់ដារពីរក្នុងការអនុវត្តច្បាប់ ៖ លោកបានលើកឡើងជាឧទាហរណ៍ថា មានមន្ត្រីខ្លះទៀតដែលប្រព្រឹត្តកំហុសឆ្គងច្បាស់ក្រឡែត រហូតដល់ជាប់ពាក់ព័ន្ធនឹងបទល្មើសកំហែងយកប្រាក់ពីប្រជាពលរដ្ឋ ដែលល្បីសុះសាយពេញបណ្តាញសង្គម ប៉ុន្តែបែរជាមិនត្រូវរងវិន័យ បែរជាបានឡើងបុណ្យស័ក្តិទៅវិញ ។
៣. តម្លាភាព និងយុត្តិធម៌ ៖ លោកទាមទារឱ្យមានការបកស្រាយថា ហេតុអ្វីបានជាករណីមន្ត្រីផ្សេងៗមានបញ្ជាក់កំហុសច្បាស់ៗ តែរូបលោកវិញ បែរជាមិនមានការបញ្ជាក់មូលហេតុឱ្យបានត្រឹមត្រូវ ។
នៅក្នុងសំណេរដដែលនោះ លោក ស៊ិន សុភា ក៏បានទម្លាយផងដែរថា លោកបានស៊ូទ្រាំនឹងការរើសអើង និងការធ្វើបាបនៅក្នុងកន្លែងធ្វើការអស់រយៈពេល២ឆ្នាំមកហើយ។ លោកបានចាត់ទុកថា ការដឹកនាំក្នុងអង្គភាពបច្ចុប្បន្ន ហាក់ផ្ដោតខ្លាំងលើ "បក្ខពួកនិយម" ច្រើនជាងការមើលលើសមត្ថភាព និងភាពស្មោះត្រង់របស់មន្ត្រីក្រោមឱវាទ។
ដោយអស់ជំនឿលើការដោះស្រាយក្នុងកម្រិតអង្គភាព អតីតមន្ត្រីរូបនេះបានសម្រេចចិត្តលើកដៃសំពះ ស្នើសុំអន្តរាគមន៍ដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ រួមមានឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
លោក ស៊ិន សុភា បានទទូចសុំឱ្យអធិការកិច្ចក្រសួងមហាផ្ទៃ មេត្តាចុះស៊ើបអង្កេតករណីរបស់លោកឡើងវិញ ដើម្បីរកភាពស្អាតស្អំ និងផ្ដល់យុត្តិធម៌ជូនរូបលោក ដែលជាមន្ត្រីតូចតាចម្នាក់។
ក្រោយការបង្ហោះនេះ គេសង្កេតឃើញមានមតិជាច្រើនបានចូលរួមបញ្ចេញយោបល់។ អ្នកខ្លះបានលើកទឹកចិត្តឱ្យលោកតវ៉ាតាមផ្លូវច្បាប់ ខណៈអ្នកខ្លះទៀតស្នើសុំឱ្យក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ដើម្បីកុំឱ្យមន្ត្រីល្អៗបាក់ទឹកចិត្ត និងដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើកងកម្លាំងនគរបាលជាតិ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជាផ្លូវការ ដើម្បីឲ្យសាធារណជនយល់ច្បាស់អំពីករណីអនុវត្តវិន័យរដ្ឋបាល ចំពោះឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដែលត្រូវបានសម្រេចបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ បន្ទាប់ពីរកឃើញការប្រព្រឹត្តល្មើសជាបន្តបន្ទាប់ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន ព្រមទាំងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់ មន្ត្រីរូបនេះបានប្រព្រឹត្តអំពើខុសវិន័យជាបន្តបន្ទាប់ ទោះបីធ្លាប់ទទួលបានឱកាសឲ្យកែប្រែកំហុសពីសំណាក់អង្គភាពជាច្រើនដងក៏ដោយ ប៉ុន្តែមិនមានការកែលម្អឲ្យប្រសើរឡើយ ហើយនៅតែបន្តអំពើដែលប៉ះពាល់ដល់វិជ្ជាជីវៈ និងសុចរិតភាពនៃកងកម្លាំងនគរបាលជាតិ មានដូចជា៖
*ឆ្នាំ២០២១៖ ប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាស័ក្ដិនគរបាល ដើម្បីផលិតវីដេអូកម្សាន្តបង្ហោះលើបណ្ដាញសង្គម ដោយមានគោលបំណងផ្ទាល់ខ្លួន បង្កឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ហើយត្រូវបានដាក់ពិន័យបន្ថយឋានន្តរស័ក្ដិ ១ថ្នាក់។ *ខែកុម្ភៈ ឆ្នាំ២០២៤៖ យកជនស៊ីវិលចូលរួមអនុវត្តការងារនគរបាល និងពាក់ព័ន្ធនឹងការរៀបចំការផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយ ព្រមទាំងបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីផ្សេងទៀត។
*ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖ ប្រើប្រាស់សិទ្ធិអំណាចខុសច្បាប់ ដើម្បីគំរាមទារប្រាក់ពីម្ចាស់រថយន្ត ក្រោយឃាត់យានយន្តមួយករណីល្មើសចរាចរណ៍ ហើយព្យាយាមលាក់បាំងព័ត៌មានមិនរាយការណ៍ទៅថ្នាក់លើ។ ករណីនេះបង្កការភ្ញាក់ផ្អើល និងការរិះគន់ខ្លាំងលើបណ្ដាញសង្គម ហើយត្រូវបានពិន័យព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយឋានន្តរស័ក្ដិបន្ថែម។ *ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥៖ បង្ហោះ ឬបែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពទៅកាន់សារព័ត៌មាន ដោយមានចេតនាវាយប្រហារលើអង្គភាព បន្ទាប់ពីមានការខឹងសម្បារផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ការសម្រេចបណ្តេញចេញនេះ គឺអនុវត្តតាមគោលការណ៍វិន័យយ៉ាងតឹងរឹង ដើម្បីរក្សាប្រក្រតីភាព កិត្តិយស និងភាពជឿជាក់របស់ស្ថាប័ន ចំពោះសាធារណជន។
សូមបញ្ជាក់ថាស្រុកយើងសព្វថ្ងៃមិនទាន់មានតុលាការជំនាញរដ្ឋបាលសម្រាប់ដោះស្រាយបញ្ហាអយុត្តិធម៍ជូនមន្ត្រីរាជការទេ។ក្រសួងមុខងារសាធារណ:ក៏មិនដែលបានឃើញថាជួយដោះស្រាយភាពអយុត្តិធម៍របស់មន្ត្រីរាជការដែលរងការរំលោភបំពានដែរបើទោះបីជាក្រសួងនេះបាននិងដើរតួនាទីជាគណចាត់តាំងមជ្ឈឹមដូចរបបឯកបក្សក័ដោយ។សង្ឃឹមថាការដោះស្រាយករណីលោកស៊ិនសុភានឹងក្លាយជាបញ្ហាយុត្តិសាស្ត្រក្នុងដំណោះស្រាយវិបត្តិរដ្ឋបាល។មិនមែនគ្រាន់តែជាការបំភ្លឺហើយចប់នោះទេ៕