
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8396 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698567 នាក់
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៤កុម្ភៈបានឲ្យដឹងថា ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ។
ថ្លែងក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ ដែលធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញលោក ឃួង ស្រេង បានមានប្រសាសន៍ថា ជាទិសដៅ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរបំពានលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះនៅរាជធានីភ្នំពេញ មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ។លោកអភិបាលរាជធានីភ្នំពេញក៏បានប្រកាសបើកឱ្យធ្វើចរាចរណ៍ឡើងវិញទាំងអស់គ្រប់ផ្លូវនៅជុំវិញផ្សារដើមគរចាស់ចាប់ពីថ្ងៃស្អែក ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ៕