
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9312 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699483 នាក់
ប្រទេសមីយ៉ានម៉ា៖របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យទី១៥ខែកុម្ភៈឆ្នាំ២០២៦ បានប្រកាសបណ្តេញតំណាងជាន់ខ្ពស់របស់ប្រទេសទីម័រ (Timor-Leste )ចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីក្រុមសិទ្ធិមនុស្សមួយបាននិយាយថា ក្រុងDiliបានបើកសំណុំរឿងផ្លូវច្បាប់ ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ទាក់ទងនឹងឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៦។
អង្គការសិទ្ធិមនុស្សChin (CHRO)បាននិយាយនៅខែនេះថា ទីម័របានបើកសំណុំរឿងផ្ទាល់ខ្លួនប្រឆាំងនឹងរបបយោធា ចំពោះទាំងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
នៅក្នុងខែនេះ ទីម័រខាងកើត បានបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងក្រុមយោធាមីយ៉ាន់ម៉ាពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានតែងតាំងរដ្ឋអាជ្ញាជាន់ខ្ពស់ម្នាក់ ដើម្បីពិនិត្យមើលភស្តុតាងពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមបណ្ដឹងរបស់អង្គការសិទ្ធិមនុស្សឈិន (CHRO) ដែលតំណាងជនភាគតិចឈិន។
អង្គការសិទ្ធិមនុស្ស CHRO បានបញ្ជាក់ថា ខ្លួនមានភស្តុតាងរឹងមាំជុំវិញការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាច្រើន រួមមានការរំលោភសេពសន្ថវៈជាក្រុម ការសម្លាប់រង្គាលជនស៊ីវិល ការសម្លាប់ថ្នាក់ដឹកនាំសាសនា និងការទម្លាក់គ្រាប់បែកតាមអាកាសលើមន្ទីរពេទ្យ។ សកម្មភាពផ្លូវច្បាប់នេះ កំពុងត្រូវបានអនុវត្តតាមច្បាប់មួយ ដែលគេហៅថាយុត្តាធិការសកល ដែលអនុញ្ញាតឱ្យតុលាការនៃប្រទេសមួយអាចស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិបាន ទោះបីជាហេតុការណ៍ទាំងនោះ បានកើតឡើងនៅទីកន្លែងផ្សេងក៏ដោយ។
យ៉ាងណាមិញ តាមរយៈសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ទីម័រខាងកើត ហើយចោទទង្វើទីម័រខាងកើតជា សកម្មភាពរំលោភលើគោលការណ៍គ្រឹះរបស់អាស៊ានដែលហាមមិនឱ្យសមាជិកទាំងឡាយ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ របបយោធាមីយ៉ាន់ម៉ា ក៏បានកោះហៅមន្ត្រីភារធារីស្ថានទូតទីម័រខាងកើតនៅថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីជូនដំណឹងថា លោកមានរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះក្នុងការចាកចេញពីមីយ៉ាន់ម៉ា។
របបយោធាមីយ៉ាន់ម៉ាបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ហើយបានរងការចោទប្រកាន់ជាបន្តបន្ទាប់ ជុំវិញការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នរបបនេះ ក៏កំពុងប្រឈមមុខនឹងការតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា.។ប្រទេសសហគមន័អាស៊ានមិនបានប្រកាសទទួលស្គាល់ការបោះឆ្នោតនៅប្រទេសមីយ៉ានម៉ានោះទេ។