
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9511 នាក់
ម្សិលមិញ 25341 នាក់
សរុប 21317005 នាក់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ស្ថិតក្នុងគ្រាដ៏លំបាកនេះ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅតែបន្តឆ្លើយតបនឹងការធ្លាក់ថ្លៃស្រូវសើម តាមរយៈការសម្របសម្រួលការប្រមូលទិញនៅទីវាលនិងដឹកជញ្ជូន ហើយការដាក់ចេញយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញនេះ នឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជំរុញថ្លៃស្រូវរបស់ប្រជាកសិករ។
ក្នុងពិធីសម្ពោធយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងពិធីបើកមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ(ស.អ.ក) អាណត្តិទី៥ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥លោករដ្ឋមន្ត្រី ឌិត ទីណា បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈការចងក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ដើម្បីធានាគុណភាព និងការផ្គត់ផ្គង់ឋិតថេរ ដែលអាចប្រជែងក្នុងទីផ្សារគោលដៅបាន។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាផ្ដោតអាទិភាពលើលក្ខណៈពិសេសនៃពូជស្រូវក្រអូប និងប្រណិត ដើម្បីប្រជែងគុណភាពនៅលើទីផ្សារគោលដៅ ជាជាងការប្រកួតប្រជែងលើបរិមាណ គឺនឹងជួយបង្កើនតម្លៃហើយផ្ដល់ផលចំណេញជូនទាំងរោងម៉ាស៊ីននាំចេញ ទាំងប្រជាកសិករផ្ទាល់។លោករដ្ឋមន្ត្រី ទិតឌីណាលើកទឹកចិត្តឱ្យរោងម៉ាស៊ីនជឿជាក់ និងផ្ដល់តម្លៃខ្ពស់ដល់ពូជយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីជួយជំរុញម៉ាកយីហោអង្ករកម្ពុជាទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វិញមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងការពិពិធកម្មទីផ្សារនាំចេញអង្ករ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រទាំង ៦ រួមាន៖ ទី១ ការពង្រឹងការស្រាវជ្រាវផ្នែកទីផ្សារ ដើម្បីជួយជំរុញការនាំចេញអង្ករប្រកបដោយប្រសិទ្ធភាព ទី២ ការទទួលបានពីទីផ្សារ ទី៣ ការពង្រឹងម៉ាកយីហោ និងការផ្សព្វផ្សាយនូវផលិតកម្ម ផលអង្ករកម្ពុជាសម្រាប់នាំចេញ ទី៤ ការលើកកម្ពស់សមត្ថភាពម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ ទី៥ ពង្រឹងសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ សម្រាប់ផ្គត់ផ្គង់ទ្រង់ទ្រាយធំ និងទី៦ ការរកដំណោះស្រាយផ្អែកលើទីផ្សារ ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃអង្ករកម្ពុជា។
ទាក់ទងស្រុវចុះថោកលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា តម្លៃស្រូវ-អង្ករនៅកម្ពុជា និងពិភពលោកបានធ្លាក់ចុះ ដោយសារកំណើននៃផលិតកម្មប្រទេសមួយចំនួន ដែលជាប្រទេសនាំចូល ដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម ដោយសារអាកាសធាតុអំណោយផល ធ្វើឱ្យទិន្នផលនៃការដាំដុះរបស់ប្រទេសទាំងនោះកើនឡើង ខណៈប្រទេសហ្វីលីពីនផ្អាកការនាំចូលអង្ករចំនួន ៦០ ថ្ងៃ។
លោក លន់ យ៉េង យល់ឃើញថា៖ «ការផ្អាកនាំចូលរបស់ហ្វីលីពីន ៦០ ថ្ងៃនេះ ធ្វើឱ្យអង្ករប្រមាណ ១ លានតោន ចាល់នៅលើទីផ្សារ ដែលស្តុកប្រទេសអាស៊ីទាំងអស់នេះត្រូវចាល់ទាំងអស់ ធ្វើឱ្យសម្ពាធនេះ ធ្លាក់ទៅដល់ការប្រមូលផលស្រូវ ដែលអង្ករអត់ទីផ្សារ ធ្វើឱ្យតម្លៃស្រូវក៏ធ្លាក់ចុះដែរ»។យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន ទៅកាន់គោលដៅ ៦៥ ប្រទេស គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារ។ឡូវចាំសង្កេតមើលថាតើវិធានការណ៍របស់រាជរដ្ឋាភិបាលទទួលបានជោគជ័យដែរឬទេ?៕