
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1775 នាក់
ម្សិលមិញ 14622 នាក់
សរុប 21238324 នាក់
ប្រទេសចិន៖ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រមុខរដ្ឋចិន ស៊ី ជីនពីង បានចាប់ដៃ និងញញឹមដាក់គ្នា ពោរពេញដោយភាពស្និទ្ធស្នាល បង្កើតឱ្យមានក្តីសង្ឃឹមនៃសុខសន្តិភាព ដល់ពិភពលោក។
តាមការផ្សាយរបស់ BBC និង The New York Times សកម្មភាពយ៉ាងកក់ក្តៅនេះ កើតឡើង កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មុនជំនួបកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន។
នេះក៏ជាសកម្មភាព ជាប្រវត្តិសាស្រ្តដែរ ដែលមេដឹកនាំទាំងបី បានជួបទល់មុខគ្នាដោយផ្ទាល់ ហើយវាក៏ជាការបើកឆាក មុននឹងឈានដល់កិច្ចពិភាក្សាទ្វេភាគី និងត្រីភាគីដ៏សំខាន់ផងដែរ។
សម្រាប់ លោក ស៊ី វិញនៅពេលព្រឹកក៏បានទៅទទួលស្វាគមន៍លោក ត្រាំ ដោយផ្ទាល់ដល់យន្តហោះ ក្នុងអាកាសយានដ្ឋានទីក្រុង Shenzhen ផងដែរ ដែលក្នុងនោះមានទាំងការចាប់ដៃ ។តែគ្មានការទទួលរាក់ទាក់ចឹងជាមួយលោកពូទីនទេ។
សម្រាប់ជំនួបត្រីភាគីនេះប្រទេសចិន និងរុស្ស៊ី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពគ្នាលើ «សេចក្ដីប្រកាសសន្តិភាព» មួយនៅក្នុងជំនួបត្រីភាគីជាប្រវត្តិសាស្ត្រ ដោយអះអាងជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវកើតឡើងជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្ដីប្រកាសដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua និងវិមានក្រឹមឡាំង មេដឹកនាំទាំង ៣ បានប្ដេជ្ញាជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ បង្កើនការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់សម្រាប់ប្រទេសទាំងអស់ និងរក្សាការពារអភ័យឯកសិទ្ធិរបស់មន្ត្រីរដ្ឋនៅចំពោះមុខតុលាការអន្តរជាតិ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ធ្លាប់ចេញដីកាចាប់ខ្លួនលោក ពូទីន និងមន្ត្រីរុស្ស៊ី ៥ នាក់ទៀត។
លោក ចូណាថាន់ អាយ៉ាល់ (Jonathan Eyal) នាយកអន្តរជាតិនៃវិទ្យាស្ថាន RUSI នៅទីក្រុងឡុងដ៍ បានលើកឡើងថា «ការប្រឆាំងនឹងបទដ្ឋាន និងតុលាការអន្តរជាតិគឺជាចំណុចគួរឱ្យចាប់អារម្មណ៍បំផុត ពោលគឺមហាអំណាចធំៗជាអ្នកកំណត់ រីឯប្រទេសតូចៗជាអ្នករងគ្រោះ» ដោយលោកបន្ថែមថា លោក ពូទីន «ទទួលបានភាពជឿជាក់ និងរួចផុតពីឋានៈជាជនឯកោអន្តរជាតិ» ចំណែកលោក ត្រាំ វិញ «ទទួលបានត្រឹមឱកាសថតរូបដែលលោកមិនចាំបាច់ត្រូវការ»។ ក្រោយបញ្ចប់ជំនួបនៅវិមាន Kylin លោក ត្រាំ បានឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញដោយមិនបានថ្លែងអត្ថាធិប្បាយអ្វីឡើយ ខណៈដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅអាស៊ីរបស់លោកទទួលបានលទ្ធផលជាក់ស្ដែងតិចតួច និងបានបង្កក្ដីបារម្ភដល់សម្ព័ន្ធមិត្តអាមេរិកជុំវិញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយលោក ពូទីន។
សូមបញ្ជាក់ថាកាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងថា សង្គ្រាមជាមួយរុស្ស៊ី អាចនឹងត្រូវបញ្ចប់ នៅក្នុងកិច្ចប្រជុំតែមួយរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាមួយនឹងសមភាគីរុស្ស៊ី និងចិន ប្រសិនបើពួកគេ ពិតជាចង់ឱ្យវាបញ្ចប់មែននោះ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មាន NBC News មុនពេលកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើងនៅទីក្រុង Shenzhen ប្រទេសចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា លោក ហ្សេលេនស្គី លើកឡើងថា មេដឹកនាំទាំងនេះ មានលទ្ធភាពក្នុងការដាក់សម្ពាធលើទីក្រុងម៉ូស្គូ@៖ «ប្រសិនបើចិន និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម ឬគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី នោះសង្គ្រាមនឹងត្រូវបញ្ចប់។ ប៉ុន្តែប្រសិនបើពួកគេ មិនធ្វើដូច្នេះទេ វាអាចបង្ហាញឱ្យឃើញថា លោក ត្រាំ និងលោក ស៊ី ជីនពីង មិនពិតជាចង់ឱ្យជម្លោះនេះបញ្ចប់នោះឡើយ»។
ពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកនឹងនិយាយអ្វីខ្លះ ទៅកាន់មេដឹកនាំទាំងនោះ ប្រសិនបើលោកបានចូលរួមដែរ?លោក ហ្សេលេនស្គី បានឆ្លើយថា៖ «ពួកគេមានអំណាចគ្រប់គ្រាន់ ដើម្បីបញ្ឈប់ លោក ពូទីន នៅក្នុងកិច្ចប្រជុំតែមួយលើកប៉ុណ្ណោះ។ គ្មានការសម្រេចចិត្តណាមួយ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន អាចធ្វើឡើងបានឡើយ ប្រសិនបើគ្មានវត្តមានរបស់អ៊ុយក្រែន»។
លោក ហ្សេលេនស្គី បានបញ្ជាក់ជំហរនេះម្តងទៀត ក្នុងសារមួយលើបណ្តាញ Telegram ដោយលើកឡើងថា ទីក្រុងកៀវ និងដៃគូអឺរ៉ុបរបស់ខ្លួន មានជំហរច្បាស់លាស់ដូចគ្នា។លោកបានសរសេរថា៖ «បញ្ហារបស់អ៊ុយក្រែន ត្រូវតែសម្រេចដោយមានការចូលរួមពីអ៊ុយក្រែន ហើយបញ្ហារបស់អឺរ៉ុប ក៏ត្រូវសម្រេចដោយមានការចូលរួមពីអឺរ៉ុបដែរ។ តំណាងសហរដ្ឋអាមេរិក នឹងចូលរួមកិច្ចប្រជុំ នៅទីក្រុងប៊ែរឡាំង នៅថ្ងៃព្រហស្បតិ៍ ហើយនឹងជម្រាបជូនអ៊ុយក្រែនអំពីការពិភាក្សារបស់លោក ត្រាំ នៅប្រទេសចិន។ បច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោន ក៏គាំទ្រឱ្យមានវត្តមានពេញលេញរបស់ភាគីអឺរ៉ុប ក្នុងកិច្ចចរចាទាំងនោះផងដែរ»៕