
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 24340 នាក់
ម្សិលមិញ 34475 នាក់
សរុប 21105866 នាក់
ភ្នំពេញ៖សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) របស់មេឧក្រិដ្ឋជនឆបោកតាមអនឡាញដ៏ល្បី គឺលោក ចេន ហ្ស៊ី។ ការប្រកាសដាក់ទណ្ឌកម្មនេះ ដោយសារតែមានការរកឃើញថាបុគ្គល និងក្រុមហ៊ុនទាំងនេះនៅតែបន្តផ្តល់ការសម្របសម្រួល និងគាំទ្រដល់ក្រុមហ៊ុនព្រីនស៍គ្រុប ខណៈទណ្ឌកម្មទាំងនេះត្រូវបានអនុវត្តដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស(OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាអតីតឱ្យដឹងថា «សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើបុគ្គលចំនួន៤រូប និងអង្គភាពចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមអង្គការឧក្រិដ្ឋកម្មឆ្លងដែន(TCO) ឈ្មោះព្រីនស៍គ្រុប (Prince Group) ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ វិធានការនេះ គឺជាការបន្តពីការដាក់វិធានការទណ្ឌកម្មកាលពីខែតុលា ឆ្នាំ២០២៥ និងខែមិថុនា ឆ្នាំ២០២៦ ដែលផ្តោតលើថ្នាក់ដឹកនាំរបស់អង្គការនេះ ក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធ និងអ្នកដែលជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គការនេះ»។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បុគ្គល ៤នាក់ ដែលទើបរងទណ្ឌកម្មនោះរួមមាន Zhao Mengyao (ចាវ មឹងយាវ) Qui Yong(ជឺយុង) He Yujing (ហឺ អ៊ីជីង) និង Pang Visal ។ Pang Visal គឺជាជនជាតិខ្មែរ និងមានក្រុមហ៊ុនគ្រប់គ្រងសរុប១១ ហើយរូបលោក ក៏ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ផងដែរ។
ចំណែក Zhao Mengyao គឺជាជំនួយការផ្ទាល់របស់ Qui Yong ។ Qui Yong ជាសមាជិកដ៏សំខាន់ម្នាក់របស់អង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប ដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ៨ នៅកោះ British Virgin Islands(BVI) និងក្រុមហ៊ុនចំនួន ៦ នៅហុងកុង។ រីឯ He Yujing គឺជាភរិយារបស់ Chen Bo ដែលជាមនុស្សសំខាន់ម្នាក់ក្នុងក្រុមហ៊ុនព្រីនស៍គ្រុប កាន់កាប់ក្រុមហ៊ុនសរុបចំនួន ១១ ខណៈ He Yujing គ្រប់គ្រងក្រុមហ៊ុនចំនួន ១ នៅកម្ពុជា។
ស្ថានទូតអាមេរិក បានបញ្ជាក់ទៀតថា សមាជិកនៃអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប បានកំណត់គោលដៅលើជនរងគ្រោះនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក តាមរយៈគម្រោងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានលក្ខណៈស្មុគស្មាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ បើតាមស្ថានទូត សកម្មភាពឆបោកទាំងនេះ ជាច្រើនត្រូវបានប្រព្រឹត្តឡើងចេញពីទីតាំងបរិវេណធំៗដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែក ការដាក់ទណ្ឌកម្មនេះ គឺផ្តោតលើបុគ្គលមួយចំនួន និងក្រុមហ៊ុនជាប់ពាក់ព័ន្ធដែលនៅតែបន្តផ្តល់ការគាំទ្រជាសម្ភារៈ និងធនធានសំខាន់ៗដល់អង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប។
គួរជម្រាបថាអតីតឧកញ៉ា លោក ចេន ហ្ស៊ី (Chen Zhi) ជាម្ចាស់ក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅឱ្យអាជ្ញាធរចិនកាលពីដើមខឌែមករាឆ្នាំ២០២៦រួមជាមួយជនជាតិចិនពីរូបផ្សេងទៀតគឺលោក ស៊ូ ជីឡាំង (Xu Ji Liang) និងលោក សៅ ជី ហួយ (Shao Ji Hui) កាលពីអំឡុងដើមឆ្នាំ២០២៦ បន្ទាប់ពីអាមេរិក និងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថា ជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឱ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។ ព្រីនស៍គ្រុប ដែលចិនចាត់ទុកថា ជាអង្គការចាត់តាំងល្បែងស៊ីសងអនឡាញឆ្លងដែនមានមូលដ្ឋាននៅក្នុងទឹកដីកម្ពុជា ត្រូវបានអាជ្ញាធរចិនបើកការស៊ើបអង្កេតដោយសម្ងាត់ចាប់តាំងពីឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនមួយនេះមានឈ្មោះនៅក្នុងបណ្តឹងក្នុងតុលាការចិនពាក់ព័ន្ធនឹងសំណុំរឿងឆបោកតាមអនឡាញ។
សូមរម្លឹកថា លោក ចេន ហ្ស៊ី មានអាយុ៣៧ឆ្នាំ កើតធំដឹងក្តីនៅប្រទេសចិន ប៉ុន្តែបានបោះបង់សញ្ជាតិចិននៅឆ្នាំ២០១៤ និងទទួលបានសញ្ជាតិខ្មែរ អង់គ្លេស និងស៊ីប។ តែនៅពេលចាប់ខ្លួន ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថា លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ កាលពីខែធ្នូ ឆ្នាំ២០២៥។ ចេន ហ្ស៊ី ក៏ធ្លាប់ជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់ដែលធ្លាប់ទទួលបានគោរមងារឧកញ៉ាកាលពីខែកម្ភៈ ឆ្នាំ២០១៦ និងធ្លាប់ទទួលបានគោរមងារខ្ពស់មួយកាំទៀតគឺ «អ្នកឧកញ៉ា» នៅអំឡុងខែកក្កដា ឆ្នាំ២០២០ផងដែរ។
ស្ត្រីដើមកំណើតសិង្ហបុរីអាយុ ៤៤ឆ្នាំ ឈ្មោះ ឈិន សៀវលីង(Chen Xiuling) ឬ Karen Chen ត្រូវបានសមត្ថកិច្ចសិង្ហបុរីស្ទាក់ចាប់ខ្លួន នៅព្រលានយន្តហោះ ឆាងអ៊ី ក្រោយពីរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែនរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)។ នេះបើតាមសេចក្តីប្រកាសរបស់នគរបាលជាតិសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឈិន សៀវលីង ឬ Karen Chen ត្រូវបានចាប់ខ្លួន ទៅតាមដីការតុលាការសិង្ហបុរី ក្នុងបទល្មើសចំនួន ២ រួមមានបទញុះញង់បុគ្គលម្នាក់ទៀតឱ្យក្លែងបន្លំបញ្ជីគណនេយ្យ និងបទប៉ុនប៉ងឆបោក។ បើតាមនគរបាលសិង្ហបុរី ស្រ្តីឈ្មោះ ឈិន សៀវលីង ធ្លាប់ជានាយកក្រុមហ៊ុនចុះបញ្ជីនៅសិង្ហបុរីច្រើនកន្លែងរួមមាន ក្រុមហ៊ុន Skyline Investment Management និងក្រុមហ៊ុន Capital Zone Warehousing ដែលស្ថិតក្រោមកម្មសិទ្ធិផលប្រយោជន៍របស់លោក ចេន ហ្ស៊ី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Holding Group។
នៅឆ្នាំ ២០២២ សមត្ថកិច្ចសិង្ហបុរីរកឃើញថា Karen Chen បានបន្លំឯកសារកិច្ចព្រមព្រៀង មុននឹងដាក់ពាក្យស្នើនៅសាជីវកម្ម JTC Corporation ក្រោមក្រសួងពាណិជ្ជកម្មសិង្ហបុរី ដើម្បីសុំការបន្តកិច្ចសន្យាជួលអចលនទ្រព្យ។ Karen Chen បានញុះញង់ឱ្យមន្ត្រីម្នាក់ក្លែងបន្លំឯកសារនោះ។ នេះបើតាមសេចក្តីប្រកាសរបស់នគរបាលសិង្ហបុរី និងបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតបន្ថែមទៀត។
គួរដឹងថា ដៃជើងរបស់លោក ចេន ហ្ស៊ី រូបនេះ បានរត់ចេញពីប្រទេសសិង្ហបុរីមកកាន់ប្រទេសកម្ពុជា នៅមុនពេលដែលនគរបាលចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងសកម្មភាពរបស់ខ្លួន កាលពីអំឡុងខែតុលា ឆ្នាំ២០២៥។ នគរបាលសិង្ហបុរីបានបញ្ជាក់ទៀតថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៦មក សមត្ថកិច្ចសិង្ហបុរីបានរឹបអូសគណនីធនាគារ និងមូលបត្រផ្សេងៗ ដែលមានតម្លៃប្រមាណ ១០០លានដុល្លារសិង្ហបុរី ឬស្មើរប្រមាណ ៧៨លានដុល្លារអាមេរិក ព្រមទាំងហាមឃាត់ការចាត់ចែងទ្រព្យសម្បត្តិលើអចលនទ្រព្យចំនួន ១៤ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍។
សូមរំឭកថា កាលពីដើមខែតុលាកន្លងទៅ អាជ្ញាធរសិង្ហបុរីបានរឹបអូសប្រាក់ចំនួន ៣៩លានដុល្លារសិង្ហបុរី ស្មើនឹង ៣០លានដុល្លារអាមេរិក ដែលបានមកពីការលក់អគារពាណិជ្ជកម្មមួយនៅសិង្ហបុរី។ នៅពេលនោះអាជ្ញាធរសិង្ហបុរីបានរកឃើញថា ប្រាក់ទាំងនោះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន និងបុគ្គល ដែលមានទំនាក់ទំនងនឹងក្រុមហ៊ុនព្រីនស៍គ្រុបរបស់មេខ្លោងឆបោកអនឡាញ ចេន ហ្ស៊ី។ នគរបាលសិង្ហបុរីបញ្ជាក់បន្ថែមថា មកទល់ពេលនេះអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ បានសរុបជាង ៧០០លានដុល្លារសិង្ហបុរី ឬស្មើរនឹង ៥៤៦លានដុល្លារអាមេរិក។
សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន ព្រីនស៍គ្រុប រួមទាំងបណ្តាញអង្គភាពទីផ្សារងងឹតសរុបចំនួន ១៤៦ផ្សេងទៀត ដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញ។ សហរដ្ឋអាមេរិក តាមរយៈតុលាការសហព័ន្ធទីក្រុង Brooklyn បានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍គ្រុបរបស់លោក ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារ។ ក្រោយមក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គល ៩នាក់ និងអង្គភាព ២៦ ដែលមានទំនាក់ទំនងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍គ្រុប៕