
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1776 នាក់
ម្សិលមិញ 14622 នាក់
សរុប 21238325 នាក់
កំពង់ចាម៖សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា “ការជួយសង្រ្កោះអាយុជីវិតពលរដ្ឋជារឿងសំខាន់ អញ្ចឹងហើយបានជារាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាព”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ប្រសិនបើផ្លូវនៅរលាក់យើងអាចនៅបន្តជិះសិនបាន អាចធ្វើពេលក្រោយ តែបើពាក់ព័ន្ធសុខភាពប្រជាជនវិញ បើមានបញ្ហា ហើយរាជរដ្ឋាភិបាលមិនទម្លាក់លុយធ្វើទំនើបកម្មទេ ការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋមិនបានទេ”។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកស្រុក ចំនួន ៦១កន្លែង ថែលពិថីប្រាព្ធនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦សម្តេចធិបតី ក៏បានថ្លែងថា “សម្តេចបានអញ្ជើញចូលពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកបាធាយ ក្រោយពេលធ្វើទំនើបកម្ម សម្តេចលើកឡើងថា សំភារៈទំនើបមិនចាញ់ទីក្រុងទេ ហើយសុទ្ធតែសំភារៈបរិក្ខាទំនើប”។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុម័តថវិកាសរុប ចំនួន ១៨លាន ៣សែនដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យ បង្អែក ចំនួន ៦១កន្លែង (CPA1 និង CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ គម្រោង ត្រូវអនុវត្តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លើកលែងតែការបំពាក់ និងដំឡើងសម្ភារបរិក្ខារពេទ្យមួយចំនួននៅមន្ទីរពេទ្យបង្អែកស្រុកខ្លះ ត្រូវបានពន្យារពេលបញ្ចប់រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដោយសារទទួលរង ផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។ មន្ទីរពេទ្យបង្អែកទាំង៦១ រួមមាន កម្រិត១ ចំនួន២៣ និង កម្រិត២ ចំនួន៣៨ នៅក្នុងខេត្តចំនួន២២ (លើកលែងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង)”។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា” គម្រោងបានចំណាយថវិកាសរុបចំនួនជាង១៨លាន ១៥៤៨ ដុល្លារអាមេរិក រួមមាន៖ ការចំណាយលើការសាងសង់ ជួសជុល និងកែលម្អមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង ចំនួន ៨ ៣៧២ ៥០០ ដុល្លារអាមេរិក និងការចំណាយលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារ បច្ចេកទេស ចំនួន ៩ ៦២៩ ០៤៨ ដុល្លារអាមេរិក។ សេវាកែលម្អនៅក្នុងមន្ទីរពេទ្យបង្អែកទាំង៦១កន្លែង រួមមាន៖ កម្រិត១ (CPA1)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរ ពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស កម្រិត២ (CPA2)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស មន្ទីរពេទ្យទាំង២ កម្រិត ត្រូវបានសម្ភារៈវេជ្ជសាស្ត្របន្ថែម រួមមាន ម៉ាស៊ីនអេកូសាស្ត្រ ម៉ាស៊ីន X-Ray ម៉ាស៊ីនវិភាគឈាម”។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា “ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលរួមមាន វឌ្ឍនភាព នៃការកែលម្អមន្ទីរពេទ្យបង្អែកចំនួន ៦១ កន្លែង អន្តរាគមន៍ចាំបាច់មួយចំនួននៅមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ រួមមានការផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់ មានការកើនឡើង ២៥,១% ខណៈករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% (តួលេខនេះផ្អែកលើការប្រៀបធៀបទិន្នន័យ ១០ខែ ដើមឆ្នាំ២០២៥ និង ១០ខែ ឆ្នាំ២០២៦ មុន និង ក្រោយការកែលម្អមន្ទីរពេទ្យបង្អែកទាំង ៦១ កន្លែង)”។
មានការកត់សម្គាល់ថាបច្ចុប្បន្នតម្រូវការលើវិស័យសុខាភិបាលកើនឡើងយ៉ាងខ្លាំងតាំងពីប្រទេសកម្ពុជានិងថៃបិទព្រុំដែនជាមួយគ្នាពីឆ្នាំ២០២៥មក។ប្រជាពលរដ្ឋខ្មែរបានងាកមករកសេវាសុខភាភិបាលជាតិរហូតនៅតាមមន្ទីរពេទ្យធំៗដូចជាកាលម៉ែត្រពេទ្យសម្តេចហ៊ុនសែនពេទ្យរុស្ស៊ីជាដើមខ្វះគ្រែសម្រាកព្យាបាល។តាំងពីមានបសសមកប្រជាពលរដ្ឋមកពិគ្រោះជម្ងឺកើនឡើងយ៉ាងគំហុកដែលធ្វើឲ្យការផ្តតល់សេវាជួបប្រទះភាពកកស្ទះយឺតយ៉ាវ។សង្ឃឹមថាការលើកកំពស់សេវានិងការបំពាក់ឧបករណ៍ត្រួតពិនិត្យនៅតាមមន្ទីរពេទ្យបង្អែកនានានឹងជួយសម្រាលបានខ្លះ៕