
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5361 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695532 នាក់
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួលយកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមតាមមុខតំណែង តួនាទី និងការងារស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន។
តាមរយៈសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាពគ្រប់រូបដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។
សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥ នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ចំណែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។
សម្ដេចធិបតីបានបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០ នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣ នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥ នាក់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលមានន័យថា «មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ផ្តោតនិងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពតាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថាក្រុម គោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្តារនីតិសម្បទា និង (៣) ពិនិត្យលទ្ធភាពក្នុងការគិតគូរផ្តល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ៕
ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធនូវអនុសាសន៍ចំនួន ១០ ចំណុច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពរួមមាន៖
១-ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា។
២- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឱ្យមាន ប្រសិទ្ធភាពនិងប្រសិទ្ធផល ដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយនិងកម្មវិធីអភិវឌ្ឍនានា របស់ខ្លួននិងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ។
៣- ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹង ប្រសិទ្ធភាពការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំនិងត្រូវកែសម្រួលសមាសភាពជាប្រចាំតាមស្ថានភាព ប្រែប្រួលជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័នដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការត្រូវបង្កើតនិងរៀបចំសមាសភាពឱ្យសមស្របទៅតាមបរិបទការងារនៃក្រសួង ស្ថាប័ន របស់ខ្លួន។
៤- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួលខុសត្រូវ និងគ្រប់គ្រងសំណង់អគារនិងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្តើមកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ ជនមានពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទ អាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការដោយ ឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
៥-ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មានឧបសគ្គ ឬការរើសអើងអ្វីឡើយ ឱ្យស្រមតាមប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។
៦- ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នា ឱ្យបានល្អ បំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រនិងស្តារលទ្ធភាពពលកម្មតាមគំរូសង្គមប្រកបដោយ គុណភាពនិងដោយមិនគិតថ្លៃ ជូនជនមានពិការភាពដែលក្រីក្រដូចបានកំណត់នៅក្នុងគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
៧- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន និងផ្តល់បណ្ណ សំគាល់ជនមានពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់បណ្ណស្របតាមក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គមនិងការទទួលបានផលប្រយោជន៍នានាពីសង្គម។
៨- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឱ្យវិស័យឯកជន អង្គការសង្គមស៊ីវិល ទទួលយកជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់និងពិន័យអន្តរកាណ៍ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិល ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់
៩- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមចំណែកជំរុញការផ្តល់សេវានានាដល់ ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់យន្តការអន្តរវិស័យដែលមានស្រាប់គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាព ជនពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា។
១០- អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវលើកផែនការសកម្មភាពនិងថវិកាទៅក្នុងផែនការអភិវឌ្ឍ ក្រុង ស្រុក និងឃុំ សង្កាត់ ដែលពាក់ព័ន្ធនឹងការងារបរិយាបន្នពិការភាព ស្របតាមលិខិតបទដ្ឋានស្តីពីការផ្ទេរ ធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់។