
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12254 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702425 នាក់
ខេត្តកំពត ៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.(ONLINE SCAMS) ឬជាពាក្យសាមញ្ញថា អំពើឆបោកតាមអនឡាញ គណៈបញ្ជាការឯកភាពខេត្តកំពត កាលពីដើមខែសីហា ឆ្នាំ២០២៥ កន្លងមកនេះ បានដឹកនាំកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ និងអនុវត្តន៍នីតិវិធី លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាក់ទងនឹងករណីផ្សេងៗគ្នានៅក្នុងភូមិសាស្ត្រខេត្តកំពត ។
ប្រតិបត្តិការនេះ បានសមត្តកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដែលជាអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង ។ប្រតិបត្តិការបង្ក្រាបបានចាប់ធ្វើឡើងពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ កន្លងមករួមមាន៖
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់៣) និងអគារ(តំបន់៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន២ករណី ។
ក្នុងករណីទី១ នេះកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យផ្ទះវីឡាកើតហេតុ ហើយបានរកឃើញ និងដកហូតសម្ភារៈបម្រើឱ្យការឆបោក (Online Scam) ជាច្រើនរួមមាន ទូរស័ពដៃ៣០១គ្រឿង កុំព្យូទ័រDesktop៣៩គ្រឿង Pad១គ្រឿង និងTablet១៤គ្រឿង ។ ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនខ្លួនទៅតុលាការ និងកំពុងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងនៅពីក្រោយរឿងនេះ ។
ករណីទី២ នៅវេលាម៉ោង១២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលក្រុងបូកគោ បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ក្នុងរថយន្ត ពេលនោះកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញជនរងគ្រោះឈ្មោះ SONG JINXIN ភេទប្រុស កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩២ ជនជាតិចិន ដេកស្លាប់ក្នុងរថយន្ត ។ តាមរយៈតម្រុយនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណទីតាំងកើតហេតុ ដែលជាអគារប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោក(Online Scam) ជនសង្ស័យ៤នាក់បានសារភាពថាខ្លួនពិតជាមេខ្លោងក្នុងទារុណកម្មនេះពិតប្រាកដមែន ។
ក្នុងប្រតិបត្តិការនេះ បានរកឃើញទូរស័ព្ទដៃចំនួន៣៥គ្រឿង ដែលបម្រើឱ្យការឆបោកតាមបច្ចេកវិទ្យា(Online Scam) ។ សម្ភារៈទាំងនេះត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយអគារនោះ ត្រូវបានប្លុមបេជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ជូនទៅតុលាការ និងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចចម្រុះក៏បានជួយសង្គ្រោះជនជាតិកូរ៉េជាង១០នាក់ ឱ្យរួចផុតចេញពីមណ្ឌលឆបោកនេះផងដែរ ។
ដោយឡែកក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញដីកាចំនួន៥ផ្សេងៗគ្នា ដោយបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន៥រូប ពាក់ព័ន្ធអំពើឃាតកម្មដោយអំពើឃោរឃៅ និងសង្ស័យបទល្មើសឆបោកអនឡាញ គឺជនត្រូវចោទមាន ៖១-ឈ្មោះ AYE AYE ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិភូមា មុខរបរជាសន្តិសុខអនឡាញ ។២-ឈ្មោះ WEI HUAN MO ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន ជាមេក្រុមបុគ្គលិកអនឡាញ ។
៣-ឈ្មោះ ZHAO YANG LONG ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិចិន ជាម្ចាស់ហាងម៉ាហ្សា ។៤-ឈ្មោះ LIU LONG FU ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ជាបុគ្គលិកអនឡាញ ។
និង៥-ឈ្មោះ MIE SAN JLANG ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិចិន ។ជនត្រូវចោទទាំង៥នាក់ខាងលើនេះ ស្នាក់នៅលើភ្នំបូកគោ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
ក្រៅពីនេះ ប្រតិបត្តិការបង្ក្រាបក្រោមការសម្របសម្រួលនីតិវិធីរបស់លោក ប៊ុង ហ៊ុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានដាក់ជនសង្ស័យចំនួន៥នាក់ផ្សេងទៀត ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ។១-ឈ្មោះ RONG GEN YU ហៅឡៅជាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ។២-ឈ្មោះ HUANG GUANG CHENG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ។៣-ឈ្មោះ SHU CHAO YUE ហៅជីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ។៤-ឈ្មោះ ZOU DE HUA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ។និង៥-ឈ្មោះ អៀង វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទដឹកជញ្ជូនដោយមានគោលដៅ លក់-ជួញដូរមនុស្ស ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ស្ថិតនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។
ការបង្ក្រាបទ្រង់ទ្រាយធំនេះ រាល់ករណី និងទីតាំងពាក់ព័ន្ធទាំងអស់ ត្រូវបានគណៈបញ្ជាការឯកភាពខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ស្នងការនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត អនុវត្តនីតិវិធី ដោយបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងយាមកាមតឹងរ៉ឹង និងបញ្ឈប់សកម្មល្មើស ពាក់ព័ន្ធនឹងករណីទាំងអស់បានទាំងស្រុង ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។