
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10908 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701079 នាក់
ភ្នំពេញ៖សារព័ត៌មានថៃ Khaosod English បានដកស្រង់សំដីនាយករដ្ឋមន្ត្រីស្តីទីថៃ ដែលជិតផុតអាណត្តិមកផ្សាយនៅថ្ងៃទី១៨ ខែសីហាថា លោក Phumtham Wechayachai បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិបានចាត់តាំងឲ្យអគ្គស្នងការប៉ូលីស និងព្រះអាជ្ញាថៃ ដំណើរការលើបណ្តឹងប្រឆាំងមេដឹកនាំកម្ពុជា គឺ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពី«ឧក្រិដ្ឋកម្មសង្គ្រាម»ប្រឆាំងជនស៊ីវិល។ លោក Phumtham Wechayachai បានព្រមានថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត នឹងត្រូវចាប់ខ្លួនភ្លាម បើសមត្ថកិច្ចរកឃើញថា អ្នកទាំងពីរបានទៅជាន់ទឹកដីថៃ។
ករណីយ៍នេះសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា បានប្រតិកម្មតាមបណ្តាញសង្គមហ្វេសប៊ុកថា ប្រសិនបើការចុះផ្សាយរបស់កាសែតថៃជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ នោះបង្ហាញឲ្យឃើញថា លោក Phumtham Wechayachai គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ជាមួយគ្នានោះ លោក ហ៊ុន សែន ព្រមានទៅវិញថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ លោកចាត់ទុកថា ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន និងចោទសួរថា តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់។
ជាមួយគ្នាដែរក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាពនិងប្រក្រតីភាព។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុង ស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។
ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា៖ «ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ»។
កម្ពុជាបានចាត់ទុកថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះ ហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ។
សូមបញ្ជាក់ថាការគំរាមកំហែងរបស់មេដឹកនាំថៃមកលើមេដឹកនាំកម្ពុជានាពេលនេះនៅមិនទាន់ចប់ទេ។ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ លោក Phumtham Wechayachai បានចេញមកច្រានចោលការព្រមានរបស់លោក ហ៊ុន សែន ដោយចាត់ទុកថា លោក ហ៊ុន សែន មិនដឹងកំពុងគិតអី។ តែក្នុងពេលជាមួយគ្នានេះ លោក Phumtham Wechayachai បានប្រាប់អ្នកកាសែតនៅវិមានរដ្ឋាភិបាលថៃថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានចេញសេចក្តីសម្រេចមួយដើម្បីដំណើរការបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌនៅតុលាការថៃ ប្រឆាំងនឹងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពីបទឧក្រិដ្ឋកម្មសង្គ្រាម៕