
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7268 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697439 នាក់
ភ្នំពេញ — តុលាការកំពូលបានសម្រេចកាលពីថ្ងៃសុក្រតម្កល់សាលក្រមផ្តន្ទាទោសលើអ្នកកាសែតម្នាក់ឲ្យជាប់ពន្ធនាគារចំនួន ៦ ខែ តែទោសត្រូវព្យួរពីបទបរិហារកេរ្តិ៍ជាសាធារណៈទៅតាមការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង។ តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការពារសិទ្ធិមនុស្សលីកាដូចុះថ្ងៃទី២៤ ខែមករាបានឲ្យដឹងថា អ្នកកាសែតលោក អ៊ុង ថាប់រាំង ក៏រងបទចោទប្រកាន់មួយទៀត គឺ«បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលសម្រេចដោយសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយត្រូវបានតម្កល់ទុកទាំងស្រុងដោយសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចំពោះការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការសង្ស័យនៃការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីពីររូបដោយយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ។
នៅក្នុងការផ្តន្ទាទោសលោក អ៊ុង ថាប់រាំង សាលាដំបូងខេត្តបន្ទាយមានជ័យបានបង្គាប់ឲ្យអ្នកកាសែតរូបនេះបង់ប្រាក់ពិន័យចំនួន ២ លានរៀល (ឬប្រមាណ ៥០០ ដុល្លារអាមេរិក)។
សេចក្តីប្រកាសរបស់អង្គការលីកាដូបានឲ្យដឹងទៀតថា បទចោទខាងលើនេះត្រូវបានធ្វើឡើងតាមរយៈបណ្តឹងរបស់ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងប្រធានសាខាពន្ធដារខេត្ត បន្ទាប់ពីអ្នកកាសែតរូបនេះបានចុះផ្សាយព័ត៌មានដោយផ្អែកលើប្រភពប្រជាពលរដ្ឋ ដែលបានលើកឡើងថា មន្ត្រីទាំងពីររូបបានប្រព្រឹត្តអំពើពុករលួយ។ អត្ថបទនោះត្រូវបានចុះផ្សាយតាមរយៈសារព័ត៌មានអនឡាញឈ្មោះ ខ្មែរជាយដែន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាតចាត់ទុក ការផ្តន្ទាទោសលើលោក អ៊ុង ថាប់រាំង គឺជាទម្រង់នៃការគំរាមកំហែង ក្រោមហេតុផលថា អ្នកសារព័ត៌មានអាចទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនតាមច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងការនាំខ្លួនមកទទួលការកាត់ទោសនៅចំពោះមុខតុលាការ។លោកថ្លែងថា៖ «ខ្ញុំយល់ថា នេះជាសារមួយធ្វើការគំរាមកំហែង ឬក៏បំភិតបំភ័យសម្រាប់អ្នកសារព័ត៌មានផងដែរ ពីព្រោះយើងមានច្បាប់ស្តីពីរបបសារព័ត៌មាន សម្រាប់ការអនុវត្តចំពោះអ្នកសារព័ត៌មានណា ដែលគាត់អនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈទាក់ទងនឹងបញ្ហាអ្នកសារព័ត៌មាន។ លើកលែងតែអ្នកសារព័ត៌មានហ្នឹងគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋ ឬក៏បទមជ្ឈិម ដែលវាខុសនឹងច្បាប់មិនមែនជាជំនាញឬក៏វិជ្ជាជីវៈរបស់គាត់»។
នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី យល់ឃើញថា អ្នកសារព័ត៌មាននៅតែប្រឈមនឹងការប្តឹងផ្តល់ ចំពោះការរាយការណ៍អំពីបញ្ហាមិនប្រក្រតីមួយចំនួន ដូចជាការរំលោភបំពានច្បាប់ ឬបទល្មើសផ្សេងៗ។ លោកបន្ថែមថា ទំនោរនៃការប្តឹងផ្តល់នៅបន្តកើនឡើង។លោកណុបវីកត់សម្គាល់ថា ច្បាប់ស្តីពីក្រមព្រហ្មទណ្ឌហ្នឹង នៅតែជាច្បាប់មួយដែលប្រើប្រាស់ពេញនិយម ដើម្បីធ្វើការចោទប្រកាន់ទៅលើអ្នកសារព័ត៌មាននៅក្នុងរយៈពេលនេះ»។
បើតាមលោក ណុប វី ភាគីពាក់ព័ន្ធក្នុងវិស័យសារព័ត៌មាន ជាពិសេសអ្នកកាសែតគួរអនុវត្តការងារប្រកបដោយវិជ្ជាជីវៈដើម្បីបញ្ចៀសការប្តឹងផ្តល់ ហើយគួរមានការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដូចជាក្រមព្រហ្មទណ្ឌដែលបានបង្កជាក្តីបារម្ភចំពោះការងាររបស់អ្នកកាសែត។អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា អ្នកសារព័ត៌មានដែលបានធ្វើខុសពីក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។លោកបញ្ជាក់ថា៖ «ច្បាប់ស្តីពីរបបសារព័ត៌មាន គឺមិនអាចការពារបានទេ ចំពោះអ្នកដែលបានចុះយកព័ត៌មាន ផលិត ឬក៏ផ្សាយព័ត៌មានដោយមិនបានគោរពក្រមសីលធម៌ និងមិនបានគោរពច្បាប់ត្រឹមត្រូវ»។
បើតាមលោក ទេព អស្នារិទ្ធ នៅកម្ពុជា អង្គភាពសារព័ត៌មានចំនួន ១.៦២០ អង្គភាពសមាគមសារព័ត៌មាន ២៦ និងអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបជាង ៨.០០០ នាក់ បាននិងកំពុងតែបំពេញការងាររបស់ខ្លួនដោយពេញលេញនិងមានសុវត្ថិភាព ដោយអនុវត្តតាមក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។
សូមបញ្ជាក់ថាក្រៅពីករណីយ៍ខាងលើលោក អ៊ុង ថាប់រាំង ហៅបារាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនធ្លាប់ ត្រូវបានសមត្ថកិច្ចនាំខ្លួនតាមដិកាបញ្ជាឲ្យចាប់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់៣ពាន់ដុល្លារ ដែលនាំខ្លួននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ដិកាបញ្ជាឲ្យនាំខ្លួនឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ភេទប្រុសអាយុ៥៦ឆ្នាំ មានស្រុកកំណើតភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ករណីនាំខ្លួនឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង នេះតាមដិកាបង្គាប់អោយនាំខ្លួនឈ្មោះខាងលើនេះចូលមកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណី ឆបោក កាលអំឡុងឆ្នាំ២០១៨ ស្ថិតចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កំណត់អោយបានមុនថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ការនាំខ្លួនឈ្មោះ អ៊ុង ថាប់រាំង ហៅ បារាំង នេះតាមដិការបង្គាប់ករណីឆបោកលុយចំនួន៣.០០០ដុល្លាទទួលយកទៅរត់ការធ្វើប្លង់ដីអោយគេនៅអំឡុងឆ្នាំ២០១៨ ដោយធ្វើមិនហើយមិនព្រមប្រគល់លុយអោយម្ចាស់វិញដោយសន្យាថ្ងៃនេះថ្ងៃនោះមិនបានទើបប្តឹងទៅតុលាការចេញដិការបញ្ជានាំខ្លួនលេខ០០១ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។