
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10446 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700617 នាក់
អាមេរិក៖ ការដាក់ទណ្ឌទណ្ឌកម្មថ្មីដ៏តឹងតែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ក្រុមហ៊ុន និងកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ត្រូវបានគេព្យាករណ៍ថា វានឹងធ្វើឲ្យតម្លៃប្រេងកើនឡើងនៅអាស៊ីព្រោះវារារាំងលំហូរប្រេងទៅកាន់ទីផ្សារអាស៊ី ជាពិសេសទៅកាន់អតិថិជនកំពូល គឺចិននិងឥណ្ឌា។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥បានឲ្យដឹងថា៖អ្នកជំនួញនិងអ្នកវិភាគបានព្រមាន ពីលទ្ធភាពដែលតម្លៃប្រេងនិងថ្លៃដឹកជញ្ជូន អាចនឹងកើនឡើងខ្ពស់ ខណៈប្រទេសទាំងពីរ នឹងត្រូវបង្ខំចិត្តស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។គោលដៅនៃទណ្ឌកម្ម ដែលប្រកាសដោយរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ រួមមាន ក្រុមហ៊ុនប្រេងរុស្ស៊ី ខ្នាតយក្ស ដូចជា Gazprom Neft និង Surgutneftegas ព្រមទាំងនាវាដឹកប្រេង ចំនួន ១៨៣ គ្រឿង។ វិធានការនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងប្រាក់ចំណូលរបស់រុស្ស៊ីដែលទីក្រុងម៉ូស្គូ ត្រូវបានគេចោទប្រកាន់ថា កំពុងប្រើប្រាស់ដើម្បីទ្រទ្រង់សង្គ្រាមនៅអ៊ុយក្រែន។
ចាប់តាំងពីមានការដាក់ទណ្ឌកម្មពីលោកខាងលិច និងការកំណត់តម្លៃ ដោយក្រុមប្រទេស G7 កាលពីឆ្នាំ ២០២២ មក នាវាដឹកប្រេងដែលរងទណ្ឌកម្មជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ សម្រាប់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសឥណ្ឌានិងចិន។ ចឹងការដាក់ទណ្ឌកម្មថ្មីនេះវានឹង ធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៃលំហូរពាណិជ្ជកម្មប្រេងរបស់រុស្ស៊ីពីអឺរ៉ុប ទៅកាន់អាស៊ី។
គួរបញ្ជាក់ថា ឥណ្ឌានិងចិន សុទ្ធតែបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីយ៉ាងខ្លាំងកាលពីឆ្នាំមុន។ អ្នកវិភាគ Vortexa លោក Emma Li ព្យាករណ៍ថា ការនាំចេញប្រេងឆៅ ESPO Blend របស់រុស្ស៊ី ដែលចិននិយមទិញអាចនឹងត្រូវបញ្ឈប់ ប្រសិនបើទណ្ឌកម្មត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ទោះយ៉ាងណា លទ្ធផលចុងក្រោយគេនឹងចាំអ៊ុតមើលចំណាត់ការរបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ថាតើលោកដូណាល់ត្រាំនឹងបន្ធូរបន្ថយឬរឹតបន្តឹងការហាមឃាត់ និងជំហររបស់ចិន ថាតើ នឹងទទួលស្គាល់ទណ្ឌកម្មទាំងនេះដែរឬទេ?៕