
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7216 នាក់
ម្សិលមិញ 7641 នាក់
សរុប 18985907 នាក់
ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យជួបបញ្ហាទឹកលិច ដោយសារទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញមុនថ្ងៃប្រឡងតែ១ថ្ងៃប៉ុណ្ណោះ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤នៅទូទាំងប្រទេស មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
លោក កើត ឆែ អភិបាលស្តីទីអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌ-សង្កាត់នីមួយៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានអមដំណើរលោករដ្ឋមន្ត្រីចុះពិនិត្យការដោះស្រាយបញ្ហាទឹកភ្លើៀងជន់លិច នៅតាមមណ្ឌលប្រឡង ដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យ៖* វិទ្យាល័យហ៊ុនសែនជម្ពូវ័ន៖ បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន ១០០%។
វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី៖ បានដោះស្រាយចាក់ខ្សាច់ ភ្ជាប់ពីអគារមួយទៅអគារមួយ និងក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%។* សាលាបឋមសិក្សាភ្នំពេញថ្មី៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច ១០០%។* វិទ្យាល័យឫស្សីកែវ៖ ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ ពីរដ្ឋបាលខណ្ឌឫស្សីកែវ បានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរ ក្នុងថ្ងៃប្រឡង។
លោកកាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះថា «ចំពោះមណ្ឌល ដែលរងផលប៉ះពាល់ ដោយទឹកភ្លៀងទាំង៤មណ្ឌល (នៅភ្នំពេញ) អត់មានការដោះដូរនោះទេ គឺបានដោះស្រាយ ក្នុងការគាំទ្រពីអាជ្ញាធរ ក៏ដូចជាសាលារាជធានី និងអាជ្ញាធរខណ្ឌ និងសាលាសាមីផ្ទាល់ ព្រមទាំងអ្នកពាក់ព័ន្ធ បានដោះស្រាយរួចហើយ នឹងអាចបន្ដដំណើរប្រឡងបាន ដោយមិនមានការដោះដូរ ហើយចំពោះខេត្ដផ្សេងៗ អត់មានប៉ះពាល់នោះទេ»។
ទាក់ទងការធ្វើឲ្យមានតម្លាភាពនៃការប្រឡងឆ្នាំនេះដែរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ។កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ២៩៧នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ទន្ទឹមគ្នានោះដែរក្រសួងទេសចរណ៍ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះផងដែរ។
តាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍ សូមជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។
អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួល ថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។នៅព្រឹកថ្ងៃទី០៧ ខែតុលា ក្រសួងអប់រំ យុវជន និងកីឡា នឹងបិទបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡងតាមមណ្ឌលប្រឡងចាប់ពីម៉ោង៩:០០ព្រឹកតទៅ៕