វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1036 នាក់
ម្សិលមិញ 6068 នាក់
សរុប 15037244 នាក់
ប្រទេសថៃ៖លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា (Wan Muhamad Noor Matha) ប្រធានសភាថៃ បានសម្រេចពន្យារពេល ដោយគ្មានការកំណត់ ចំពោះគម្រោងបោះឆ្នោតនាយករដ្ឋមន្ដ្រី នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា។ សភាថៃ នឹងរង់ចាំ រហូតដល់មានការសម្រេចរបស់តុលាការធម្មនុញ្ញ សិនជុំវិញការបដិសេធតែងតាំងជាថ្មីរបស់សភា សម្រាប់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ឈរឈ្មោះជានាយករដ្ឋមន្ដ្រីទី៣០របស់ប្រទេសថៃ។នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី២៥ ខែកក្កដា ។
លោកប្រធានសភា និង អតីតប្រធានសភា បានបញ្ជាក់ ថា ពួកគេបានបង្ហាញនូវទស្សនៈ ថា ប្រសិនបើការបោះឆ្នោតនាយករដ្ឋមន្ត្រី នឹងបន្តធ្វើ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ខាងមុខនេះ វាអាចនាំឱ្យមានបញ្ហា ខណៈតុលាការធម្មនុញ្ញ ធ្វើសេចក្តីសម្រេចរបស់ខ្លួន នៅពេលក្រោយ។ ក្រៅពីហេតុផងខាងលើលោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា បានបន្ថែម ថា សម្រាប់ការពន្យារពេលកិច្ចប្រជុំរួមគ្នា ក៏ដោយសារតែសមាជិកសភាជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភាជាច្រើន មានការព្រួយបារម្ភ ថា ពួកគេនឹងមិនអាចចូលរួមអបអរសារទរ នៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ នៅក្នុងខេត្តរៀងៗរបស់ពួកគេ នៅថ្ងៃសុក្រ ខាងមុខ ប្រសិនបើការអង្គុយប្រជុំយូរ នៅក្នុងរដ្ឋសភា។ ប៉ុន្ដែក្រោយការសម្រេចរបស់តុលាការធម្មនុញ្ញ រួចមក សមាជិកសភា និង ព្រឹទ្ធសភា អាចនឹងវិលត្រឡប់ មកអង្គុយប្រជុំរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រីជាថ្មី។
ក្រោយពេលសភាបានខកខានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រីថ្មីលើកទី២ កាលពីថ្ងៃទី១៩ ខែកក្កដា រួចមក ប្រធានសភាថៃ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា សម្រាប់តំណាងរាស្ដ្រជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភា វិលត្រឡប់មកប្រជុំរួមគ្នា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មី ដោយបេក្ខជន អាចនឹងមកពីគណបក្សភឿថៃ ដែលជាគណបក្សធំលំដាប់ទី២ នៅក្នុងចំណោមសម្ពន្ធភាពចម្រុះទាំង៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) របស់លោក ភីថា។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
មេដឹកនាំគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានរារាំងដោយក្រុមសមាជិករដ្ឋសភាអភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា ដោយសារតែគោលនយោបាយកំណែទម្រង់ដ៏ចម្រូងចម្រាស របស់ Move Forward។ ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវលើកទៅពេលណាវិញនោះឡើយ។តាមគម្រោងលើកមុនគណបក្សភឿថៃ (Pheu Thai) ដែលជាប់លេខ២ ក្នុងការបោះឆ្នោតសកល និងស្ថិតក្នុងក្រុមចម្រុះដែលមាន៨គណបក្ស ជាមួយ Move Forward ដែរនោះ ត្រូវគេរំពឹងនឹងតែងតាំងបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសប្តាហ៍នេះ បន្ទាប់ពីត្រូវបានគណបក្ស Move Forward ប្រកាសបើកផ្លូវឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលថ្មីវិញម្តង។សមាជិកសភារបស់ Pheu Thai លោក ស៊ូទីន ក្លាងសែង (Sutin Klangsaeng) បាននិយាយថា កិច្ចពិភាក្សារវាងគណបក្សទាំង៨ កំពុងបន្តស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។
សារព័ត៌មានរបស់ថៃ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែកក្កដា ថា សម្ពន្ធភាពគណបក្សចំនួន៨ នឹងជួបប្រជុំគ្នា នៅថ្ងៃអង្គារ ដើម្បីសម្រេច ថាតើគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP នឹងនៅតែចូលរួមជាមួយគ្នា នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពេលគណបក្សផ្សេងទៀត ច្រានចោលនូវការគាំទ្រដល់សម្ពន្ធភាពចម្រុះទាំង៨គណបក្សនេះ នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ដ្រីថ្មីរបស់ប្រទេសថៃ ប្រសិនបើគណបក្ស MFP នៅតែបន្ដរួបរួមជាមួយគណបក្សភឿថៃ។ទោះបីយ៉ាងណាកិច្ចប្រជុំមួយរវាងក្រុមចម្រុះខាងលើ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ក៏ត្រូវបានលុបចោលផងដែរ ។សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការសភាកំពុងសាកសួរ ជាឯកច្ឆ័ន្ទលើតុលាការអំពីធម្មនុញ្ញភាព នៃសមាជិកសភាដែលរារាំងមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ពីការបន្តតែងតាំងជាបេក្ខជន នាយករដ្ឋមន្ត្រីក្នុងសម័យប្រជុំកាលពីថ្ងៃពុធ (១៩កក្កដា)។
ទាក់ទងនិងការពន្យានេះដែរ លោក Somchai Sawaengkarn ព្រឹទ្ធសមាជិក និងជាទីប្រឹក្សាព្រឹទ្ធសភា បាននិយាយថា សមាជិកព្រឹទ្ធសភាមិនជំទាស់ទេ ប្រសិនបើការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសនេះ ត្រូវពន្យារពេល។លោក Somchai បានប៉ាន់ស្មានថា កាលបរិច្ឆេទបោះឆ្នោតថ្មីអាចត្រូវបាន កំណត់ឱ្យបានឆាប់នៅថ្ងៃទី៣ ខែសីហា ឬបន្ទាប់ពីតុលាការធម្មនុញ្ញ ចេញសាលក្រមលើបណ្តឹងឧទ្ធរណ៍ របស់គណៈកម្មាធិការសភា ។គណបក្សភឿថៃ (Pheu Thai Party) ហៅកាត់ PT ដែលកំពុងតែដឹកនាំនូវកិច្ចខិតខំប្រឹងប្រែង រួមគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយ ក្រោយពេលមេដឹកនាំគណបក្ស MFP មិនបានទទួលនូវសំឡេងគាំទ្រ ភាគច្រើនគ្រប់គ្រាន់តាមច្បាប់កំណត់ ពីសភាទាំង២របស់ប្រទេសថៃ សម្រាប់ឈានទៅការកាន់កាប់តំណែងនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈសភាបានច្រានចោលនូវការតែងតាំងជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា។
លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) មេដឹកនាំគណបក្សភឿថៃ បានបញ្ជាក់ ថា ការឆ្លើយតបជាទូទៅ ត្រង់ថា គណបក្សនយោបាយទាំងនោះ អាចមិនព្រមធ្វើការជាមួយនឹងគណបក្សភឿថៃ ប្រសិនបើគណបក្សឆ្ពោះទៅមុខ ក្លាយជាដៃគូសម្ពន្ធមិត្តដ៏ធំរបស់គណបក្សខ្លួន។ គណបក្សឆ្ពោះទៅមុខ នៅតែប្រកាន់គោលជំហររបស់ខ្លួន ធ្វើវិសោធនកម្មមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ ថា វាជាច្បាប់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។មេដឹកនាំគណបក្សភឿថៃ បានសង្កត់ធ្ងន់ ថា គាត់កំពុងតែនិយាយ អំពីបញ្ហានេះ ក្រោយចរចាជាមួយនឹងគណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP កាលពីថ្ងៃអាទិត្យ។ ជំហរនេះនឹងត្រូវបានរាយការណ៍ ត្រឡប់ទៅសម្ពន្ធភាពរបស់ខ្លួនវិញ នៅមុនពេលការសម្រេចចិត្តបន្ថែមទៀត នឹងត្រូវធ្វើឡើង ទាក់ទងនឹងសមាសភាព នៃក្រុមដៃគូចម្រុះនេះ។
លោក ឆូលណាន់ ស្រីកែវ ប្រធានគណបក្សភឿថៃ បានបន្ថែម ថា «នៅមុនពេលគណបក្សភឿថៃ តែងតាំងបេក្ខជននាយករដ្ឋមន្ដ្រីនោះ សម្ពន្ធភាពមួយនេះ នឹងត្រូវតែសន្និដ្ឋាន អំពីវិធីសាស្ដ្រ ដែលគណបក្សភឿថៃ អាចធានាដល់សំឡេងគាំទ្រយ៉ាងតិច ចំនួន៣៧៥សំឡេង សម្រាប់ការគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្ដ្រី។ គណបក្សភឿថៃ ក៏បានសម្រេចចិត្តបញ្ជូនអតីតរដ្ឋមន្ត្រីឧស្សាហកម្ម លោក ស៊ូរីយ៉ា ចាំងគ្រុងគ្រាងគីត (Suriya Jungrungreangkit) ទៅដឹកនាំកិច្ចពិភាក្សានេះ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ជាមួយនឹងសមាជិកព្រឹទ្ធសភាមួយចំនួន ជំនួសឱ្យការធ្វើឱ្យក្លាយជាកិច្ចប្រជុំផ្លូវការ ជាមួយនឹងព្រឹទ្ធសភា។
លោក សានទី ប្រ៊ុមផាត (Santi Promphat) អគ្គលេខាធិការគណបក្សប៉ាឡាំងប្រាឆារ៉ាត ដឹកនាំដោយលោកប្រាវីតវង់សូវ៉ាន់ឱបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោកប្រាយុទ្ធបានបញ្ជាក់ ថា គណបក្សរបស់ខ្លួន យល់ឃើញ ថា គោលបំណងរបស់គណបក្សឆ្ពោះទៅមុខ ចង់ធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ជាការមិនអាចទទួលយកបាន ហើយខ្លួនមានគោលជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងសកម្មភាពបែបនេះ។លោកអគ្គលេខាធិការគណបក្សប៉ាឡាំងប្រាឆារ៉ាត បានសង្កត់ធ្ងន់ ថា «គណបក្ស PPRPរបស់ខ្លួន ក៏បានប្រាប់ទៅដល់គណបក្សភឿថៃ អំពីបញ្ហានេះផងដែរ។ គោលបំណងរបស់គណបក្សឆ្ពោះទៅមុខ ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ក្លាយជាកត្តាដ៏សំខាន់ដែលអាចបញ្ចុះបញ្ចូលគណបក្ស PPRP នេះ ឱ្យបដិសេធនូវការផ្តល់កិច្ចគាំទ្រ ដល់គណបក្សភឿថៃ ព្រោះតែគណបក្សនេះ បានចូលរួមជាមួយសម្ពន្ធភាពចម្រុះថ្មី»។
លោក ថាម៉ាណាត ប្រ៊ុមប៉ាវ (Thamanat Prompow) សមាជិកសភា មកពីគណបក្ស PPRP សម្រាប់ខេត្តផាយ៉ាវ (Phayao) បានលើកឡើង ថា គណបក្ស PPRP នឹងមិនតែងតាំងលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwon) សម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ដ្រី នោះឡើយ ព្រោះតែគណបក្សមួយនេះ ខកខាតមិនបានដល់គោលដៅរបស់ខ្លួន សម្រាប់ការឈ្នះ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ យ៉ាងតិច ចំនួន២៥០អាសនៈ នៅក្នុងរដ្ឋសភា។ស្របពេលកំពុងតែរង់ចាំគណបក្សភឿថៃ បង្កើតរដ្ឋាភិបាលចម្រុះនោះ ព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យ បានស្នើ ថា គណបក្សភឿថៃ អាចពិចារណាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ថ្មី រហូតដល់ដើមខែសីហា ប្រសិនបើគណបក្សនេះ នៅតែមិនទាន់ប្រមូលសំឡេងគាំទ្រឲ្យបានចំនួនគ្រប់គ្រាន់ សម្រាប់បេក្ខជនរបស់ខ្លួន ហើយនៅតែមិនទាន់ត្រៀមខ្លួន សម្រាប់ការបោះឆ្នោតបន្ទាប់។
សូមបញ្ជាក់ថាគណបក្សរបស់ពួកយោធាជាច្រើន ដែលបានប្រកាស អំពីការមិនចូលរួមជាមួយនឹងគណបក្សភឿថៃ ដោយសារតែមានគណបក្សឆ្ពោះទៅមុខ នៅក្នុងសម្ពន្ធភាពរបស់ពួកគេ។ គណបក្សរបស់ពួកយោធាទាំងនោះ រួមមាន ទី១-គណបក្សភូមិចៃថៃ (Bhumjaithai) ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាគូល (Anutin Charnvirakul) រដ្ឋមន្ដ្រីក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) , ទី២-គណបក្សរួបរួមជាតិថៃ (United Thai Nation) របស់លោកនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់-អូ-ចា, ទី៣-គណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP ដឹកនាំដោយលោក ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ដ្រីរបស់លោក ប្រាយុទ្ធ, ទី៤-គណបក្សឆាតថៃផាតថាណា (Chartthaipattana) ដឹកនាំ ដោយលោក វ៉ារ៉ាវុត ស៊ីលផា-អាចា (Varawut Silpa-archa) រដ្ឋមន្ដ្រីក្រសួងធនធានធម្មជាតិ-បរិស្ថាន នៅក្នុងអាណត្ដិទី២របស់លោកប្រាយុទ្ធ និង ទី៥-គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ឆាលឿមឆៃ ស្រ៊ី-អន (Chalermchai Sri-on) រដ្ឋមន្ដ្រីក្រសួងកសិកម្ម នៅក្នុងអាណត្ដិទី២របស់លោក ប្រាយុទ្ធ៕