វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1687 នាក់
ម្សិលមិញ 2962 នាក់
សរុប 16505811 នាក់
ភ្នំពេញ៖ លោកកឹម សុខាប្រធានអតីតគណបក្សសង្គ្រោះជាតិ បដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស និងទាមទារឲ្យតុលាការទម្លាក់ចោល ជាស្ថាពរចំពោះបទចោទមកលើរូបលោក ។នេះបើតាមហ្វេសប៊ុកលោកមុតចន្ថា។
ការប្រកាសរបស់លោកមុតចន្ថានាយកខុទ្ទកាល័យលោកកឹម សុខា គឺក្រោយបញ្ចប់សវនាការ អស់រយៈពេញមួយព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០លើសំណុំរឿងលោក កឹម សុខា ពីបទក្បត់ជាតិជាមួយបរទេសនោះ ។បើតាមសាររបស់លោក កឹម សុខា បានបញ្ជាក់៖ “ខ្ញុំសូមជម្រាបជូនសាធារណជន ជាតិ និងអន្តរជាតិ ជ្រាប អំពីគោលជំហរ របស់ខ្ញុំ ដូចតទៅ៖ ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។ ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។
ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។ សកម្មភាពទាំងអស់របស់ខ្ញុំ គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់សកម្មភាពនយោបាយរបស់ខ្ញុំ គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ ខ្ញុំនៅតែទាមទារឲ្យតុលាការទម្លាក់ចោល ជាស្ថាពរចំពោះបទចោទមកលើរូបខ្ញុំ ដើម្បីខ្ញុំអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូល រួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ អ្នការទូត អង្គការសង្គម ស៊ីវិល អ្នកសារព័ត៌មានជាតិ-ជាតិ ដែលបានយកចិត្តទុកដាក់ចូលរួមឃ្លាំមើល និងសង្កេតការណ៍សវនាការនេះ”។
សេចក្តីប្រកាសព័ត៌មានសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាសវនាការលើសំណុំរឿងលោក កឹម សុខានៅតុលាការរាជធានីភ្នំពេញបាន ចាប់ផ្តើមបើកនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលសវនាការទី១ ។សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។ ចំណែកមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច។សវនាការនេះឲ្យមនុស្សចូលសង្កេតការណ៍ប្រមាណ៣០នាក់តែប៉ុណ្ណោះភាគច្រើនតំណាងអង្គទូត។
ក្រោយបញ្ចប់សវនាការ លោក ចាន់ ចេន សហមេធាវីការពារក្តីលោកកឹម សុខា បានលើកឡើងថា សវនាការនេះ មិនបានស៊ីជម្រៅខ្លាំងទេ គ្រាន់តែស្ថិតក្នុងការសួរដេញដោលតែប៉ុណ្ណោះ។ ក្នុងនោះតឹងរ៉ឹងគឺរឿងភស្តុតាង ដោយតុលាការបានដាក់ភស្តុតាងដាក់បន្ទុក។ ចំណែកមេធាវី វិញមានភស្តុតាងដោះបន្ទុក។ លោក ចាន់ ចេន អះអាងថា គឺជាវីដេអូលោក កឹម សុខា និយាយនៅចំពោះមុខពលរដ្ឋអូស្ត្រាលី កាលពីអតីតកាល មានរយៈពេលជាង១ម៉ោង ប៉ុន្តែមិនទាន់បានចាក់វីដេអូទេ គឺរង់ចាំសប្តាហ៍ក្រោយ។
លោកស្រី ម៉េង សុភារី មេធាវីលោកកឹម សុខាដែរ បានថ្លែងថា លោកកឹម សុខា ក៏បានឆ្លើយសំណួរខ្លះៗផងដែរ នៅចំពោះមុខតុលាការ ចំពោះវីដេអូដែលបានលើកមកចោទប្រកាន់លោក ដោយលោកថា វីដេអូនេះមិនពេញលេញទេ តែលោកបានទទួលស្គាល់ជាសំឡេង និងរូបភាពរបស់លោកមែន តែលោកស្នើឲ្យមានការចាក់វីដេអូវែងនេះ ។
ឯលោក គី តិច បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ ភ័ស្ដុតាងដែលជាវីដេអូឃ្លឹបសំខាន់ដែលមានប្រសាសន៍របស់ លោក កឹម សុខា ពេលនោះលោក កឹម សុខា បានសម្រេចនៅចំពោះមុខក្រុមប្រឹក្សា នៅក្នុងសវនាការ គឺលោកទទួលស្គាល់សំឡេងរូបរបស់លោកនៅក្នុងឃ្លឹប ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺលោកទទួលស្គាល់សំឡេង រូបរបស់គាត់ពិតប្រាកដមែន»។
ទន្ទឹងនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលបានកាត់ជាកំណាត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ។ នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លឹប។ លោក កឹម សុខា ឲ្យផ្លាស់( USB) ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លីបទាំងស្រុងរបស់លោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មាន ជម្រាបដល់សាធារណជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានសម្រេចកំណត់ដាក់កាលបរិច្ឆេទ ជំនុំជម្រះលើសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។សវនាការអាចត្រូវការពេល៣ខែ។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកតាំង ស៊ុនឡាយ បានអះអាងឱ្យដឹងថា មូលហេតុដែលតុលាការត្រូវប្រើប្រាស់ពេលវេលាដល់ទៅ៣ខែ ដើម្បីដំណើរការរឿងក្តីលោកកឹម សុខានេះ គឺដោយសារតែករណីនេះជាសំណុំរឿងធំដែលមាននូវសំណុំឯកសារជាច្រើនត្រូវពិនិត្យ និង ជជែកវែកញែក។ ម្យ៉ាងវិញទៀត សំណុំរឿងនេះក៏ត្រូវការសួរដេញដោលលើសាក្សីជាច្រើននាក់ថែមទៀត។ បើតាមលោកតាំង ស៊ុនឡាយ តុលាការនឹងប្រើពេលពីរថ្ងៃក្នុងសប្តាហ៍ ដើម្បីដំណើរការរឿងក្តីលោកកឹម សុខានេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ដោយចោទថា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ក្បត់ជាតិ ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី៕