វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8447 នាក់
ម្សិលមិញ 3974 នាក់
សរុប 15883973 នាក់
ភ្នំពេញ៖អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលរួចផុតពីទោសទណ្ឌនៃការចោទប្រការប្រព្រឹត្តពុករលួយបានចូលទៅរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនហើយ
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានប្រាប់កាសែតថា គណបក្សភ្លើងទៀនបានទទួលលិខិតរបស់អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សនេះរួចហើយ ប៉ុន្តែខាងគណបក្ស មិនទាន់សម្រេចផ្ដល់តំណែងណាមួយឱ្យលោក នៅឡើយទេ ដោយរង់ចាំជួបជជែកផ្ទាល់សិន។លោកថាច់សេដ្ឋាសង្ឃឹមថា ការចូលរួមជីវភាពនយោបាយរបស់លោក ស៊ុត ឌីណា ជាមួយបក្សក្រៅរដ្ឋាភិបាលមួយនេះ អាចនឹងធ្វើឱ្យគណបក្សភ្លើងទៀនកាន់តែមានកម្លាំងខ្លាំង ហើយឈានទៅរកឈ្នះការបោះឆ្នោតនាពេលខាងមុខ។
លោកមានប្រសាសន៍ថា៖«យើងមានជំនឿបែបហ្នឹង ដោយសារ អ្នកនយោបាយ និងប្រជាពលរដ្ឋជាច្រើនបានមើលឃើញជំហរការដឹកនាំគណបក្សភ្លើងទៀន កំពុងតែដើរទៅលើផ្លូវត្រូវ ហើយជាអ្នកស្នេហាជាតិពិតប្រាកដ ប្រជាធិបតេយ្យពិតប្រាកដ មានគោលដៅក្នុងការផ្លាស់ប្ដូរពិតប្រាកដ មិនមែនជាសួនលម្អប្រជាធិបតេយ្យឬកំដរគេទេ។ ដូច្នេះ ប្រជាពលរដ្ឋក្ដី អ្នកនយោបាយផ្សេងៗក៏បានចូលរួមយ៉ាងច្រើន ជាមួយគណបក្សភ្លើងទៀន ។ អ៊ីចឹងយើងសង្ឃឹមថា មានការគាំទ្រកាន់តែទូលំទូលាយ ធ្វើឱ្យកម្លាំងកាន់តែខ្លាំង រឹងមាំ ដោយមានការប្រមូលអ្នកស្នេហាជាតិគ្រប់ទិសទី។ អ៊ីចឹងហើយសង្ឃឹមថា នឹងអាចទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ទោះបីជាគណបក្សភ្លើងទៀនទទួលយក លោក ស៊ុត ឌីណា ចូលរួមជីវភាពនយោបាយជាមួយក្តី ក៏មិនអាចយកឈ្នះគណបក្សកាន់អំណាចបានដែរ។ លោកថា លោក ស៊ុត ឌីណា ត្រូវបានគណបក្សប្រជាជនកម្ពុជាបណ្ដេញចេញពីបក្ស ក្រោយពីរកឃើញមានកំហុសកាលពីពេលកន្លងទៅ។តាមរយៈហ្វេសប៊ុកឈ្មោះ ឌីណា ស៊ុត(Dina Suth) ដែលមានរូបថតលោក ស៊ុត ឌីណា ឈរជាមួយព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី២៥ ខែសីហា បានសរសេរថា កាលពីថ្ងៃព្រហស្បតិ៍នោះលោក បានទៅស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដើម្បីដាក់ពាក្យសុំចូលបំរើសកម្មភាពនយោបាយជាមួយគ្នាប្រឆាំងមួយនេះ។
សូមបញ្ជាក់ថាកាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែនៅខែមេសា ឆ្នាំ២០១៦ លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចនាំខ្លួនពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ហើយនៅខែធ្នូ ឆ្នាំដដែលលោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ក្រោមបទចោទពីរបទល្មើសធំៗ រួមមានបទ«បទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ»។អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោយពីបានជាប់ក្នុងពន្ធនាគារព្រៃស អស់រយៈពេលជាង ៤ឆ្នាំ។ក្នុងរយៈពេលជាប់គុកធ្លាក់បុណ្យសក្តិលោកស៊ុតឌីណាត្រូវបានប្រពន្ធដែលគេស្គាល់ថាជាម្តាយក្មេកតារ៉ាកំប្លែងវ៉ានីឡាបានលែងចោលហើយទៅយកប្រុសថ្មីដែលជាអតីតតារាភាពយន្ត។