
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5035 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695206 នាក់
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថា ត្រូវមានការធានាចំពោះការអះអាងនេះ ហើយថ្ងៃណាមួយ សម្ដេចនឹងទៅដល់មុខផ្ទះ ដើម្បីហៅចុះទៅពិនិត្យដោយផ្ទាល់តាមមណ្ឌលសុខភាព ថាតើពិតជាបានបើកដំណើរការ២៤ម៉ោងមែនឬអត់។ ការបង្ហើបរបស់សម្ដេចធិបតីបែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «មន្ទីរពេទ្យហ្លួងម៉ែ» គឺជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈ ការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ។
សម្តេចធិបតី បានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិទី៧ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើន ហើយក្នុងនោះសម្រាប់វិស័យសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅផ្តល់សេវាថែទាំសុខភាព ២៤ម៉ោងនៅតាមមណ្ឌលសុខភាព។ ជាមួយនឹងការដាក់ឱ្យដំណើរការសេវា២៤ម៉ោងនៅតាមមណ្ឌលសុខភាព ក៏បានជ្រើសរើស និងដាក់ពង្រាយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងឆ្មបផងដែរ ដោយបានសរុប៥២២នាក់។ ក្នុងនោះរួមមានមន្ត្រីក្របខណ្ឌចំនួន៨២នាក់ និងមន្ត្រីកិច្ចព្រមព្រៀងការងារចំនួន៤៤០នាក់។
បើតាមសម្ដេចធិបតី ដោយផ្អែកលើរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល មណ្ឌលសុខភាពដែលបានបើក២៤ម៉ោង មានដល់៩៩.៣ភាគរយ នៅទូទាំងប្រទេស ពោលគឺកើន៤៧.៧ភាគរយ បើធៀបនឹងអាណត្តិមុន ដែលមានជាង៥០ភាគរយ ដែលបានបើក២៤ម៉ោង។
ដោយឡែកមណ្ឌលសុខភាពដែលសល់ប្រមាណ០.៧ភាគរយ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បញ្ជាក់ឱ្យដឹងថា ជាមណ្ឌលសុខភាពដែលកំពុងរងផលប៉ះពាល់ដោយសារសង្គ្រាមតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលមិនទាន់អាចដំណើរការបាននៅឡើយ។
«មន្ទីរពេទ្យហ្លួងម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ ដើមឡើយជាមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ដែលជាការផ្តួចផ្តើមគំនិតរបស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានទិញយកមន្ទីពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ព្រមទាំងបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ក្រោយបញ្ចប់ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមលើកយោបល់ជូនសម្តេចតេជោ ហ៊ុន សែន ប្រែក្លាយ «មន្ទីរពេទ្យហ្លួងម៉ែ» ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។
តាមរយៈការលើកយោបល់នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មន្ទីរពេទ្យហ្លួងម៉ែង» ជាគ្រឹះស្ថានផ្តល់សេវាសុខាភិបាលសាធារណៈ តាមរយៈអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
«មន្ទីរពេទ្យហ្លួងម៉ែ» មានអគារមន្ទីរពេទ្យចំនួន ១ខ្នង កម្ពស់ ៥ជាន់ និងអគារអាហារដ្ឋានចំនួន ១ខ្នង ចំណតយានយន្ត រួមជាមួយសួនច្បារទំហំជាង២ពាន់ម៉ែត្រក្រឡា។ មន្ទីរពេទ្យមានគ្រែសរុបចំនួន ២០០គ្រែ។«មន្ទីរពេទ្យហ្លួងម៉ែ» បានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយចាប់ផ្តើមដំណើរការផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបឋម មន្ទីរពិសោធន៍ និងឱសថស្ថាន ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ហើយក៏បានពង្រីកការផ្តល់សេវាផ្នែកសុខាភិបាលពាក់ព័ន្ធជំងឺមហារីកជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យមានផ្តល់សេវា ដូចជា៖ សេវា សង្គ្រោះបន្ទាន់ ពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យរកកោសិកាមហារីកមាត់ស្បូន មន្ទីរពិសោធន៍ និងវិភាគជាលិកា វះកាត់មហារីក អន្តរាគមន៍ឆ្លុះប្រព័ន្ធរំលាយអាហារ និងសេវាអន្តរាគមន៍រូបភាពសាស្ត្រ ព្រមទាំងសេវាគាំទ្រផ្សេងទៀត។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យបានផ្តល់សេវា៖ ពិគ្រោះជំងឺក្រៅ (OPD) បានចំនួន ២៣៣ ៩២២នាក់ ស្រី ១៧៧ ០៤៧ ស្មើ ៧៥.៦៨ភាគរយ, សម្រាកពេទ្យ (IPD) ចំនួន ២១ ៩៧៥នាក់ ស្រី ១៥ ១១៨ នាក់ ស្មើ ៦៨.៧៩ភាគរយ, ស្រាវជ្រាវរកឃើញអ្នកជំងឺមហារីកថ្មី ចំនួន ៣ ៤២០នាក់ ស្រី ២ ២១៨នាក់ ស្មើនឹង ៦៥ភាគរយ, ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន បានចំនួន ៥ ៥៥៧ដូស ក្នុងនោះ ចាក់ជូនកុមារី អាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃ បានចំនួន ៥៧០ដូស។
ដោយមានកិច្ចសហការពីអង្គការនគរទេព មន្ទីរពេទ្យបានផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ បានចំនួន ១០ ៤៥៥ករណី។ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ការព្យាបាលដុំមហារីកដោយបញ្ចាំងកាំរស្មី Linac Accelerator បានចំនួន ២៨៩ករណី ក្នុងនោះ គូសប្លង់ បានចំនួន ៣៨២។
មន្ទីរពេទ្យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ លើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវដូចជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រទេសបារាំង អូស្ត្រាលី និងកូរ៉េខាងត្បូងជាដើម។មន្ទីរពេទ្យ មានផែនការសម្រាប់ដំណាក់កាលទីពីរ ក្នុងការពង្រីកវិសាលភាពនៃការព្យាបាល គ្រប់ប្រភេទដុំមហារីក និងមហារីកគ្រាប់ឈាម ព្រមទាំងវេជ្ជសាស្ត្រនុយក្លេអែរ (Nuclear Medicine)។ បច្ចុប្បន្នមន្ទីរពេទ្យកំពុងសិក្សាជាមួយដៃគូអភិវឌ្ឍន៍ Global Infrastructure Facility (GIF) ដើម្បីសិក្សាសមិទ្ធិលទ្ធភាព (Pre-feasibility study) ដោយគាំទ្រថវិកាឥតសំណង ចំនួន ២៧៥ ០០០ដុល្លារសហរដ្ឋអាមេរិក ពីធនាគារ Asian Infrastructure Investment Bank (AIIB)