
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6655 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696826 នាក់
ប្រទេសថៃ៖លោក អនុធិន ឆានវីរ៉ាគុល នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងកាលពីម្សិលមិញ (២៣ មេសា) ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ បានសម្រេចយល់ព្រមលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ស្តីពីការទាមទារសិទ្ធិលើតំបន់ត្រួតស៊ីគ្នា ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០១ ឬហៅថា MOU 44 (ខ្មែរយើងហៅ MOU 2001) ហើយនឹងប្តូរទៅប្រើយន្តការតាមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ "UNCLOS" ជំនួសវិញ។ ក្រសួងការបរទេសថៃនឹងលើករឿងនេះដាក់ជូនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិចារណា។
បន្ថែមលើនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីលោកស្រី រ៉ាដា ដាណាឌីរ៉េក បញ្ជាក់ប្រាប់ពី មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសម្អាងលើហេតុផលបីយ៉ាង៖ការចរចារកផលប្រយោជន៍រួមនៅក្រោមសមុទ្ររវាងថៃ និងកម្ពុជា ក្រោមក្របខ័ណ្ឌ MOU 44 អស់រយៈពេលជាង ២០ ឆ្នាំមកហើយ នៅតែមិនទាន់សម្រេច ហើយថែមទាំងបង្ករហេតុនាំទៅរកជម្លោះព្រំដែនដែនសមុទ្រថែមទៀត។ថៃនៅតែបើកឱកាសឱ្យមានការរៀបចំក្របខ័ណ្ឌចរចាថ្មីនាពេលអនាគត ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងធនធានក្រោមសមុទ្ររួមគ្នា ដោយមិននាំឱ្យមានជម្លោះព្រំដែន។MOU 44 ខ្លួនឯងគឺជាផ្នែកមួយដែលធ្វើឱ្យការចរចារដោះស្រាយជម្លោះរវាងថៃ-កម្ពុជាមិនរីកចម្រើន ដោយតាមគោលការណ៍គួរតែយល់ព្រមលើព្រំដែនដែនសមុទ្រឱ្យបានមុនសិន ទើបរកវិធីអភិវឌ្ឍ និងគ្រប់គ្រងរួមគ្នា។ ដូច្នេះ គេយល់ឃើញថា គួរតែលុបចោល និងដាក់ក្របខ័ណ្ឌចរចាថ្មី។
MOU 44 គឺជាអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋថៃ និងរដ្ឋាភិបាលកម្ពុជា ស្តីពីតំបន់ដែលថៃ និងកម្ពុជាទាមទារសិទ្ធិលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ បានធ្វើឡើងកាលពីជំនាន់រដ្ឋាភិបាលលោក ថាក់ស៊ីន ស៊ិនណាវ៉ាត់ ដោយមានលោក ស៊ូរ៉ាគៀត សាថៀនថៃ ជារដ្ឋមន្ត្រីក្រសួងការបរទេសនាពេលនោះជាហត្ថលេខី ជាមួយនឹងសមភាគីខាងកម្ពុជាគឺលោកសុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរប្រេងកាត។ កាលបរិច្ឆេទនៃការចុះហត្ថលេខាលើ MOU នេះគឺនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០០១។
ចំណែក UNCLOS គឺជាអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលមានកំណត់លក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋនៅតំបន់សមុទ្រផ្សេងៗ សិទ្ធិក្នុងការធ្វើនាវាចរ ការធ្វើអាជីវកម្មចម្រាញ់ធនធានធម្មជាតិពីសមុទ្រ ការអភិរក្សបរិស្ថានសមុទ្រ ព្រមទាំងយន្តការដោះស្រាយជម្លោះ។ ថៃបានចុះហត្ថលេខាលើអនុសញ្ញានេះក្នុងខែធ្នូ ឆ្នាំ ១៩៨២ និងផ្តល់សច្ចាប័នក្នុងខែឧសភា ឆ្នាំ ២០១១។ ចំណែកកម្ពុជា ក៏បានចុះហត្ថលេខាលើអនុសញ្ញានេះតាំងពីឆ្នាំ ១៩៨៣ ប៉ុន្តែទើបតែផ្តល់សច្ចាប័ននាថ្ងៃទី ៦ កុម្ភៈ ២០២៦ កន្លងទៅនេះ។
BBC ថៃ បានប្រមូលមតិយោបល់ពីអ្នកសិក្សា និងអ្នកតាមដានករណីនេះ ថាតើការលុបចោល MOU 44 ហើយងាកមកប្រើយន្តការ UNCLOS ដើម្បីស្វែងរកការបញ្ចប់ជម្លោះជាមួយកម្ពុជានោះ អាចធ្វើបានឬទេ ហើយថៃនឹងទទួលបាន ឬបាត់បង់អត្ថប្រយោជន៍អ្វីខ្លះពីការលុបនេះ។
ថៃអាចលុបចោល MOU 44 ដោយឯកតោភាគីបានឬទេ?៖បណ្ឌិត ផាត់ថារ៉ាពង់ សែងក្រៃ សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យធម្មសាស្រ្ត បានថ្លែងថា ការលុបចោល MOU 44 ដោយឯកតោភាគីអាចធ្វើបានតាមអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញាឆ្នាំ ១៩៦៩។ ដោយនៅពេលដែលគណៈរដ្ឋមន្ត្រីមានសេចក្តីសម្រេចចិត្តរួច ជំហានបន្ទាប់គឺថៃត្រូវជូនដំណឹងទៅភាគីកម្ពុជាថានឹងសុំលុបចោល MOU 44។ បន្ទាប់មក កម្ពុជានឹងមានពេល ១២ ខែដើម្បីជំទាស់ ឬប្រឆាំងនឹងសំណើរបស់ថៃ មុនពេលការលុបចោលមានប្រសិទ្ធភាពតាមអនុសញ្ញានេះ។
សាស្ត្រាចារ្យជំនាញច្បាប់អន្តរជាតិរូបនេះបានវាយតម្លៃសេណារីយ៉ូធំៗចំនួនពីរ គឺករណីដែលកម្ពុជា "យល់ព្រម" ឬ "មិនយល់ព្រម" ចំពោះការលុបចោល MOU 44 ដូចតទៅ៖ករណីកម្ពុជាយល់ព្រម៖ កម្ពុជាមិនឆ្លើយតបនឹងសំណើរបស់ថៃក្នុងរយៈពេល ១២ ខែ ដែលនឹងត្រូវចាត់ទុកថាជាការទទួលយកការ លុបចោល MOU 44 ដោយប្រយោល ហើយនឹងត្រូវចូលទៅកាន់ដំណើរការក្រោម UNCLOS ដែលទាំងថៃ និងកម្ពុជាជាសមាជិក។ករណីកម្ពុជាមិនយល់ព្រម៖ កម្ពុជាអាចជំទាស់ថាថៃមិនអាចលុបចោលដោយឯកតោភាគីទេ ដែលនឹងកើតមានជម្លោះថ្មីត្រូវជជែកដេញដោលគ្នាបន្ត។
លោកបណ្ឌិត ផាត់ថារ៉ាពង់ ថ្លែងថា ប្រសិនបើករណីទីពីរកើតឡើង ដែលលោកយល់ថាអាចទៅរួចជាង អ្វីដែលថៃអាចធ្វើបានគឺស្នើសុំកែប្រែ MOU នៅក្នុងបញ្ហាមួយចំនួនដែលភាគីថៃព្រួយបារម្ភ ដូចជាបញ្ហាការចងភ្ជាប់ការបែងចែកខ្សែបន្ទាត់ព្រំដែនជាមួយការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍធនធានរួមគ្នា ដែលភាគីថៃយល់ថាមិនគួរធ្វើជា "កញ្ចប់តែមួយ" (single package) ប៉ុន្តែគួរតែបែងចែកខ្សែបន្ទាត់ព្រំដែនឱ្យរួចរាល់សិន ទើបចរចារការបែងចែកផលប្រយោជន៍ឡើងវិញ រហូតដល់បញ្ហាខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាទាមទារមកប៉ះនឹងកោះកុត។
លោកបណ្ឌិតបាននិយាយថា "វាជាអ្វីដែលគេអាចកែប្រែបានដោយមិនចាំបាច់លុបចោល... រឿងមួយដែលអាចកើតឡើងគឺ ថៃសុំកែប្រែដោយដាក់លក្ខខណ្ឌថានឹងមិនមានបំណងលុបចោល។ ប្រសិនបើកម្ពុជាយល់ព្រម នោះយើងអាចចរចាគ្នាបានថានឹងកែប្រែយ៉ាងណា ហើយដំណើរការចរចាក៏បន្តទៅមុខទៀត។"
លោកបានសន្និដ្ឋានថា "តែបើសិនជាកម្ពុជានៅតែមិនព្រម ខ្ញុំគិតថាកម្ពុជាក៏គង់តែយល់ឃើញថា ការចរចារវាងប្រទេសទាំងពីរនឹងមិនរីកចម្រើនទេ គេក៏អាចរកយន្តការផ្សេងទៀតដូចជា UNCLOS មកប្រើប្រាស់។"
ទោះយ៉ាងណា ការលុបចោល MOU ដោយឯកតោភាគីតាមអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញា អាចធ្វើបានតែក្នុងករណីមានការរំលោភបំពានសំខាន់ធ្ងន់ធ្ងរលើសន្ធិសញ្ញា ឬនៅពេលដែលស្ថានភាពជុំវិញបានផ្លាស់ប្តូរជាមូលដ្ឋាន រហូតមិនអាចអនុវត្តសន្ធិសញ្ញានោះបាន។ នេះតាមការពន្យល់របស់លោក ស៊ុបផាឡាក់ កាញ្ញាណា ឃុនឌី អ្នកជំនាញសន្តិសុខព្រំដែន និងអ្នកស្រាវជ្រាវឯករាជ្យ។
តើយន្តការក្រោម UNCLOS មានអ្វីខ្លះ ហើយថៃមានទំនោរត្រូវប្រើយន្តការណាដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា?៖បណ្ឌិត ផាត់ថារ៉ាពង់ បានប្រាប់ BBC ថៃ ថា "ចំណុចគួរឱ្យចាប់អារម្មណ៍" របស់ UNCLOS គឺការបើកឱកាសឱ្យភាគីជម្លោះអាចប្តឹងទៅតុលាការបាន ក្នុងករណីដែលមិនអាចព្រមព្រៀងគ្នាដោយខ្លួនឯង ដោយអាចប្រើទាំងយន្តការតុលាការអន្តរជាតិ ឬតុលាការយុត្តិធម៌អន្តរជាតិ (ICJ), តុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) រហូតដល់អាជ្ញាកណ្តាល។
មតិនេះស្របគ្នានឹងលោក ស៊ុបផាឡាក់ ដែលបានផ្តល់បទសម្ភាសន៍ថា នៅពេលមានជម្លោះដែលការចរចាទ្វេភាគីមិនអាចរកដំណោះស្រាយបាន UNCLOS បានបើកផ្លូវឱ្យនាំរឿងទៅតុលាការខាងលើ រួមទាំង "អាជ្ញាកណ្តាលទូទៅ" និង "អាជ្ញាកណ្តាលពិសេស" ដែលនឹងធ្វើការសម្រេចវិនិច្ឆ័យលើជម្លោះ។
ទោះយ៉ាងណាក៏ដោយ បណ្ឌិត ផាត់ថារ៉ាពង់ បានបង្ហាញដែរថា UNCLOS ក៏ផ្តល់សិទ្ធិឱ្យរដ្ឋធ្វើករណីលើកលែងលើបញ្ហាមួយចំនួនដែលមិនយកទៅតុលាការ ដូចជាបញ្ហាការបែងចែកព្រំដែន ដែលថៃបានធ្វើករណីលើកលែងផ្នែកនេះរួចហើយ។ ដូច្នេះ បញ្ហាការបែងចែកព្រំដែននឹងមិនត្រូវបាននាំយកទៅតុលាការ ឬអាជ្ញាកណ្តាលទេ ដោយបានកំណត់ថាត្រូវប្រើ "យន្តការសម្របសម្រួលដោយបង្ខំ" (compulsory conciliation) ជំនួសវិញ។
លោកពន្យល់ថា "ការសម្របសម្រួលគឺ បង្កើតគណៈកម្មការមួយមាន ៥ នាក់ ដើម្បីឱ្យមកស្តាប់ជំហរ ភស្តុតាង ច្បាប់ ការអះអាងផ្សេងៗពីភាគីទាំងពីរ។ បន្ទាប់មក គណៈកម្មការនេះធ្វើរបាយការណ៍ចេញមក ដើម្បីស្នើឱ្យភាគីជម្លោះយកទៅចរចាគ្នាបន្ត។" លោកបានបញ្ជាក់បន្ថែមថា សមាសភាពគណៈកម្មការ ៥ នាក់នេះ UNCLOS កំណត់ឱ្យភាគីទាំងពីរតែងតាំងតំណាងរបស់ខ្លួនភាគីនីមួយៗ ២ នាក់ រួចរួមគ្នាជ្រើសរើសប្រធាន ១ នាក់ដែលភាគីទាំងពីរទទួលយក។ ប្រសិនបើមិនអាចជ្រើសរើសប្រធានរួមគ្នាបានទេ អគ្គលេខាធិការសហប្រជាជាតិនឹងជាអ្នកកំណត់។
លោកវិភាគថា "ឧទាហរណ៍ដែលបានកើតឡើងពិតប្រាកដមានតែមួយគត់គឺករណីទីម័រខាងកើត និងអូស្ត្រាលី ស្ថានភាពដូចថៃដែរ... ចំណុចគួរឱ្យចាប់អារម្មណ៍គឺក្របខ័ណ្ឌពេលវេលា។ UNCLOS កំណត់ក្របខ័ណ្ឌពេលវេលាខ្លីណាស់ គឺបន្ទាប់ពីបង្កើតគណៈកម្មការសម្របសម្រួលរួច គណៈកម្មការត្រូវធ្វើរបាយការណ៍ឱ្យរួចរាល់ក្នុងរយៈពេល ១២ ខែ។ នោះមានន័យថា វានឹងជួយពន្លឿនដំណើរការបានច្រើនផងដែរ។"
ប្រើ UNCLOS ជំនួស MOU 44 តើថៃចំណេញ ឬខាត?៖លោកសាស្ត្រាចារ្យជំនួយ អាក់រ៉ាពង់ ខាំឃុន មកពីមហាវិទ្យាល័យអន្តរជាតិ ប្រ៊ីឌី ភ្នំយ៉ុង នៃសាកលវិទ្យាល័យធម្មសាស្រ្ត បានបញ្ចេញមតិតដោយវាយតម្លៃអ្វីដែលនឹងកើតឡើងប្រសិនបើមានការលុបចោល MOU 44 ចំនួនបីចំណុច៖
១. ប៉ះពាល់ដោយផ្ទាល់ដល់ភាពជឿជាក់របស់រដ្ឋាភិបាលថៃក្នុងការធ្វើសន្ធិសញ្ញាអន្តរជាតិជាមួយប្រទេសដៃគូដទៃទៀត។២. ប្រសិនបើភាគីកម្ពុជាមិនព្រម នឹងកើតមានជម្លោះថ្មីអំពី "ការលុបចោលសន្ធិសញ្ញាអន្តរជាតិ" ដែលអាចរាលដាលទៅដល់បញ្ហាផ្សេងទៀត។
៣. ប្រសិនបើប្រកាន់យក UNCLOS ថៃមានទំនោរនឹងបាត់បង់អធិបតេយ្យភាព (sovereign rights) នៅក្នុងតំបន់អភិវឌ្ឍន៍រួមតាម MOU 44 ដែលជាតំបន់ស្ថិតនៅក្រោមរយៈទទឹង ១១ អង្សារខាងជើង។ ពីមួយដែលធ្លាប់មានឱកាសស្វែងរកផលប្រយោជន៍ ថៃនឹងត្រូវទាញទៅរកការបង្ខំឱ្យទទួលយកការកំណត់ព្រំដែនដែនសមុទ្រដោយ "អ្នកដទៃ"។
នៅពេលដែល BBC ថៃ យកបញ្ហានេះទៅសួរបណ្ឌិត ផាត់ថារ៉ាពង់ លោកទទួលស្គាល់ថា ទោះបីជាមូលដ្ឋានច្បាប់ក្រោម UNCLOS "អំណោយផលដល់ថៃ" ក្តី ក៏ប៉ុន្តែការមានភាគីទីបីចូលមកក្នុងការដោះស្រាយជម្លោះ ដូចដែលបានកំណត់ក្នុងអនុសញ្ញានេះ ធ្វើឱ្យថៃមិនអាចវាយតម្លៃលទ្ធផលច្បាស់លាស់បានថានឹងទៅជាយ៉ាងណា មិនដូចការចរចាទ្វេរភាគីនោះទេ។
លោកក៏បានផ្តល់ការកត់សម្គាល់ផងដែរថា ទោះបីថៃបានធ្វើករណីលើកលែងមិនយកបញ្ហាការបែងចែកព្រំដែនទៅតុលាការ ឬអាជ្ញាកណ្តាលក៏ដោយ ក៏នៅមានបញ្ហាផ្សេងទៀតដែលអាចត្រូវបាននាំយកទៅឱ្យអាជ្ញាកណ្តាលពិចារណាបាន។
លោកបានលើកឧទាហរណ៍ករណីហ្វីលីពីន និងចិន ដោយថ្លែងថា "ក៏ប៉ុន្តែការលើកលែងនោះប្រើបានតែបញ្ហាការបែងចែកព្រំដែនដែនសមុទ្រ និងសកម្មភាពយោធាប៉ុណ្ណោះ ដូច្នេះបញ្ហាផ្សេងទៀតដូចជា បរិស្ថានសមុទ្រ ការធ្វើនាវាចរ ទាំងនេះនៅតែអាចនាំទៅអាជ្ញាកណ្តាលបាន។"
លោកបានបញ្ជាក់ថា "ការយកភាគីទីបីចូលមកដោះស្រាយជម្លោះ គឺវាមិនអាចទាយទុកជាមុនបាន (unpredictable)។ ជាពិសេសបញ្ហាការបែងចែកព្រំដែនដែនសមុទ្រ វាកាន់តែមិនអាចទាយទុកបាន ព្រោះគោលការណ៍ច្បាប់បានសរសេរត្រឹមតែថា ត្រូវរកដំណោះស្រាយដែលសមធម៌ (equitable) ... ត្រឹមហ្នឹងតែប៉ុណ្ណោះ។ ដូច្នេះត្រង់ចំណុចនេះវាមិនអាចទាយទុកជាមុនបានទេថាថៃនឹងបាត់បង់អ្វី។ វាអាស្រ័យលើម្នាក់ៗ លោកអ្នកទាំងនោះគិតថាថៃគួរតែបានប៉ុន្មាន។"
សាស្ត្រាចារ្យជំនាញច្បាប់អន្តរជាតិរូបនេះ យល់ថាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជម្លោះនេះគឺការចរចាទ្វេភាគី។ ជំនួសឱ្យការសុំលុបចោល MOU 44 ទាំងស្រុង គួរតែប្តូរទៅសុំកែប្រែអនុស្សរណៈនេះវិញ ដែលគួរតែជាវិធីទន់ភ្លន់ និងស្ថាបនាជាង។
ទោះយ៉ាងណា ប្រសិនបើការចរចាដោយខ្លួនឯងមិនអាចទទួលបានលទ្ធផលទេនោះ លោកបណ្ឌិត ផាត់ថារ៉ាពង់ ក៏នៅតែយល់ថាការងាកទៅប្រើយន្តការសម្របសម្រួលតាមអនុសញ្ញា UNCLOS ក៏អាចចាត់ទុកជា "ជម្រើសទីពីរដ៏ល្អបំផុត" (second best)។
រីឯលោក សរៈសាក់ សំរ៉ៃក្រៃសោន សមាជិកសភាមកពីគណបក្សប្រជាជន ក៏បានផ្តល់មតិដែរ ដោយលោកយល់ថាថៃនៅតែគួរប្រើទាំង UNCLOS និង MOU 44 ផ្សំគ្នា ដោយហេតុផល ៥ យ៉ាង៖១. របបកោះ (Regime of Islands)៖ លោក សរៈសាក់ បានបញ្ជាក់ថា UNCLOS មាត្រា ១២១ ស្តីពីរបបកោះ បានបញ្ជាក់យ៉ាងច្បាស់ថា កោះដែលមានមនុស្សរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន មានសិទ្ធិលើដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងជ្រោយទ្វីបផ្ទាល់ខ្លួនយ៉ាងពេញលេញ។ កោះកុតរបស់ថៃជាកោះដែលពេញលេញទាំងផ្នែករូបវន្ត និងសេដ្ឋកិច្ច។ ដូច្នេះ តាមច្បាប់អន្តរជាតិ កោះកុតត្រូវតែទទួលបានសិទ្ធិសមុទ្រយ៉ាងពេញលេញ។ ការដែលកម្ពុជាទាញខ្សែបន្ទាត់ត្រួតស៊ីគ្នាក្នុងឆ្នាំ ១៩៧២ កាត់តាមកោះកុត គឺជាសកម្មភាពដែល "គ្មានមូលដ្ឋានច្បាប់អន្តរជាតិគាំទ្រ" ដូច្នេះថៃត្រូវតែប្រើក្របខ័ណ្ឌ MOU 44 សង្កត់លើកម្ពុជាឱ្យគោរពច្បាប់នេះមុនពេលចរចាជំហានបន្ទាប់។
២. UNCLOS មិនគ្របដណ្តប់យន្តការបែងចែកធនធាន៖ លោក សរៈសាក់ ពន្យល់ថាកិច្ចព្រមព្រៀងទាំងពីរមានប្រធានបទពិភាក្សាខុសគ្នា។ UNCLOS គឺនិយាយអំពី "ខ្សែបន្ទាត់ព្រំដែនដែនសមុទ្រ" ជាច្បាប់សកលដែលប្រាប់ថាការទាញខ្សែបន្ទាត់ព្រំដែនដែនសមុទ្រឲ្យបានត្រឹមត្រូវគួរធ្វើយ៉ាងណា។ រីឯ MOU 44 គឺនិយាយអំពី "ខ្សែបន្ទាត់ព្រំដែនដែនសមុទ្រ និងធនធាន"។ លោកបានបញ្ជាក់ថានេះជាមូលហេតុដែលត្រូវតែមាន MOU 44 ព្រោះវាត្រូវបានរចនាឡើងសម្រាប់ "ការចរចាចែករំលែកផលប្រយោជន៍សមុទ្រ" ក្នុងពេលដំណាលគ្នា ក្នុងទម្រង់ជាតំបន់អភិវឌ្ឍន៍រួមគ្នា។ ប្រសិនបើបោះបង់វាចោល នៅសល់តែជម្លោះអំពីខ្សែបន្ទាត់ព្រំដែនដែនសមុទ្រដែលពិបាករកដំណោះស្រាយ ប៉ុន្តែគ្មានយន្តការដើម្បីនាំយកថាមពលដ៏ច្រើនសម្បើមក្រោមសមុទ្រមកចែករំលែកដើម្បីប្រយោជន៍ប្រជាពលរដ្ឋឡើយ។
៣. MOU 44 មិនមែនជាការទទួលស្គាល់ខ្សែបន្ទាត់របស់កម្ពុជាទេ៖ លោក សរៈសាក់ បានលើកឡើងពីប្រការ ៥ នៃ MOU 44 ដែលបានបញ្ជាក់ថាជា "ឃ្លាមិនធ្វើឱ្យខូចសិទ្ធិ" (without prejudice clause) ពោលគឺការធ្វើកិច្ចព្រមព្រៀងគ្នាដើម្បីបង្កកអ្វីៗទាំងអស់ជាបណ្តោះអាសន្ន ដើម្បីឱ្យថៃមានសិទ្ធិប្រើប្រាស់អាវុធផ្លូវច្បាប់ត្រួតពិនិត្យខ្សែបន្ទាត់ទាមទារសិទ្ធិដែលខុសពីគោលការណ៍របស់កម្ពុជា ដោយមិនបានទទួលស្គាល់ខ្សែបន្ទាត់បែងចែកដែលកម្ពុជាគូសនៅឆ្នាំ ១៩៧២។
៤. ហានិភ័យពីការកេងប្រវ័ញ្ចធនធានដោយឯកតោភាគី៖ សមាជិកសភារូបនេះបានវាយតម្លៃថា ប្រសិនបើរដ្ឋាភិបាលថៃជ្រើសរើសលុបចោល MOU 44 ហើយបន្តអាជីវកម្មថាមពលដោយខ្លួនឯង នឹងប្រឈមមុខនឹងហានិភ័យភ្លាមៗ។ តាមបទដ្ឋានករណីអន្តរជាតិ ធ្លាប់មានបញ្ជាតុលាការបញ្ជាឱ្យផ្អាកសកម្មភាពទាំងអស់ភ្លាមៗនៅពេលមានពាក្យប្តឹង។ នេះនឹងធ្វើឱ្យធនធានត្រូវបានបង្កក វិនិយោគិនបរទេសភៀសខ្លួន ហើយថៃអាចនឹងត្រូវប្តឹងទាមទារសំណងដ៏ធំធេងពីក្រុមហ៊ុនអ្នកទទួលសម្បទាន។
៥. ប្រើ MOU 44 សង្កត់លើកម្ពុជាឱ្យកែសម្រួលខ្សែបន្ទាត់ព្រំដែនដែនសមុទ្របាន៖ លោក សរៈសាក់ វាយតម្លៃថាស្ថានភាពបច្ចុប្បន្នបានផ្លាស់ប្តូរទៅហើយ បន្ទាប់ពីកម្ពុជាបានក្លាយជាសមាជិកពេញលេញនៃ UNCLOS ព្រោះនោះធ្វើឱ្យកម្ពុជាត្រូវតែគោរពតាមកាតព្វកិច្ចមួយចំនួននៃអនុសញ្ញានេះ។ ការរក្សា MOU 44 ទុក គឺជាការសង្កត់លើកម្ពុជាឱ្យកែសម្រួលខ្សែបន្ទាត់ព្រំដែនដែនសមុទ្រឱ្យបានត្រឹមត្រូវតាមគោលការណ៍សកលជាមុនសិន ទើបអាចពិភាក្សាអំពីការចែករំលែកផលប្រយោជន៍បាន។ លោកយល់ថានេះជា "យុទ្ធសាស្ត្រសមស្របក្នុងស្ថានភាពបច្ចុប្បន្ន" ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ថៃលើកោះកុត ឱ្យកម្ពុជាកែសម្រួលខ្សែបន្ទាត់ព្រំដែនដែនសមុទ្រតាមច្បាប់ និងបើកទ្វារឆ្ពោះទៅកាន់ការគ្រប់គ្រងធនធានថាមពលរួមគ្នាប្រកបដោយយុត្តិធម៌។(ប្រភពហ្វេសប៊ុកvutha mao)