
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6201 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696372 នាក់
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានរាយការណ៍ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាជាតិ ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំស្តីពី «ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឲ្យដឹងថា ទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានីខេត្ត ចំនួនជាង១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨សញ្ជាតិ។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អះអាងថា ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬ អគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្រ្កាបបានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនឆបោកដែលនៅសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗទៅធ្វើលបលួចធ្វើសកម្មជួលនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែក ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានពន្យល់អំពីរូបភាព និងទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូល និងចងក្រងជាភស្តុតាង រួមមានការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើកម្មវិធីឈ្នះរង្វាន់ជាធ្នាក់ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់, និង ការបោកប្រាស់ការងារដែលផ្តល់ប្រាក់ខែច្រើនជាដើម។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិលត្រលប់មកកម្ពុជាវិញឡើយ។
លោក ធន់ វឌ្ឍនា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបង្ក្រាបបទល្មើស Online Scam នៅកម្ពុជានាពេលកន្លងមក ដោយកិច្ចខិតខំទាំងនេះត្រូវបានអន្តរជាតិទទួលស្គាល់។ ទន្ទឹមនេះយុទ្ធនាការបោសសម្អាតការឆបោកអនឡាញ បានស្ដារ និងការពារមុខមាត់ប្រទេសជាតិឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជនមកពីក្រៅប្រទេស បានយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសនេះ។លោកបានបន្តថា កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែរ គឺជាអ្នករងគ្រោះដោយសារបញ្ហាឆបោកអនឡាញនេះ?។