
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9424 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699595 នាក់
ភ្នំពេញ៖ លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន៤ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។
ជនបរទេសដែលតុលាការាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួននោះមាន៖ ទី១-ឈ្មោះ LIN DONGPING ភេទប្រុស, ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១), ចំណែកទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។
ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ ។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួមទាំងវត្ថុតាង រួមមានៈ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិន ចំនួន ០៣ច្បាប់។
សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថាក្រៅពីដាក់គុកក្នុងរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី ២១, ២២, ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសចំនួន ១,០៩០នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានស្រី្តចំនួន ១៣៥នាក់) មាន១៧សញ្ជាតិ។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនបរទេសចំនួន ១,០៩០នាក់ (ស្រី ១៣៥នាក់) មាន១៧សញ្ជាតិ ដែលត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជានោះ រួមមាន៖ ចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដេស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តហោះពិសេស ក្នុងនោះ ២សញ្ជាតិ មានជនជាតចិន ចំនួន ៤៩៤នាក់ ករណីឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន ១៦៨នាក់ និងមួយចំនួនទៀតត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។