វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7904 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995262 នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្សនិទ្ទេស (A)ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។ ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៧១ នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរមួយគ្រឿង ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុង១សាលាទទួលបានថវិការ ៣លានរៀល។
សម្តេចតេជោ បានជូនពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកូនក្មួយ ព្រមទាំងចៅៗ សិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្ត ទៀតក្នុងការសិក្សារៀនសូត្រ និងក្នុងការអប់រំផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយជាបន្តទៀត។
សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់។