
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12064 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702235 នាក់
ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើក ការស្រាវជ្រាវ និងបង្ក្រាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមអនឡាញ ដោយអះអាងថាទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។
ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ប.ច ភេទប្រុស ជនជាតិខ្មែរ។ តាមរយ:ការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីធនាគារដើម្បីទទួលប្រាក់ពីជនរងគ្រោះ ដែលជាផលនៃបទល្មើស និងបានផ្ទេរប្រាក់បន្ដទៅកាន់គណនីផ្សេងៗទៀត ព្រមទាំងបានប្តូរទៅជារូបបីយប័ណ្ណឌីជីថល(USDT)ថែមទៀតផង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ។ដោយឡែកទាក់ទងការបោកប្រាស់តាមបណ្តាញសង្គមនេះខាងធនាគារជាតិនៃកម្ពុជាក៏ បានចេញសេចក្ដីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែនាពេលថ្មីៗនេះ មានជនអនាមិកមួយចំនួន បានក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិតដូចជា រៃអង្គាសប្រាក់ ផ្ទេរប្រាក់ ផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬការទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ។
តាមការជម្រាបជូនរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះទង្វើរបស់បុគ្គលទុច្ចរិតទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកណាមួយ ដែលអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ និងបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន»។អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនសហការជូនដំណឹងពាក់ព័ន្ធនឹងករណីបែបនេះ និងផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយធនាគារជាតិនៃកម្ពុជាតាមរយៈទូរស័ព្ទ៖(៨៥៥) ២៣ ៩៩០ ១៩៦Email: nbccommunication@nbc.gov.kh