
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10074 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700245 នាក់
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅរសៀលថ្ងៃទី៣១មករាបានជូនដំណឹងអំពីការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន នៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង ដោយសារតែអង្គការជាដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានបង្ហាញសេចក្តីសោកស្តាយ និងបានឲ្យដឹងថាកម្លាំងអង្គភាពស៉ីម៉ាក់ ដែលកំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងអស់ខាងលើនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល ៨៥ថ្ងៃគិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។លោកបញ្ជាក់ថា ការផ្អាកប្រតិបត្តិការនេះ មូលហេតុអង្គការជាដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។
បើតាមលោកអគ្គនាយក ស៊ីម៉ាក់ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៉ីម៉ាក់ តាមរយៈអង្គការដៃគូក្នុងរយៈពេល ៤៥ខែ គិតចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦ ៣៥៥ ៧២០ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត ២០០នាក់។បើគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពស៉ីម៉ាក់ទិសខេត្តខាងលើ បានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន ៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន ១១ ១៩៥ហិកតា រុករកឃើញកម្ទេកចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ២៧ ០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន ១៧ ៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំចំនួន ៦៩គ្រាប់។
លោក ហេង រតនា បានអំពាវនាវ សូមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង ១ ០០០នាក់របស់អង្គភាពស៉ីម៉ាក់ និងកម្លាំងនគរបាលជាតិ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៉ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញ ពីគម្រោងផ្សេងទៅជួយគាំទ្រ ធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុត្ថិភាព របស់ប្រជាពលរដ្ឋតាមសំណើចាំបាច់។សូមបញ្ជាក់ថាក្នុងរដ្ឋការលោកដូណាល់ត្រាំបានប្រកាសបង្កកជំនួយអាមេរិកគ្រប់គ្រប់បណ្តាប្រទេសដែលធ្លាប់បានសម្រាប់រយៈពេល៩០ថ្ងៃ។ប្រសិនបើការផ្អាកនេះបន្តនៅក្រោយ៩០ថ្ងៃទៀតមិនដឹងថាតើកម្ពុជាបានជំនួយពីប្រទេសណាជំនួសនោះទេ?៕