វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 13388 នាក់
ម្សិលមិញ 5095 នាក់
សរុប 16682478 នាក់
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចយល់ថា ការដំឡើងអត្រារបស់ធនាគារមួយចំនួនក្នុងគ្រានេះ នឹងបន្ថែមបន្ទុកកាន់តែខ្លាំងដល់ជាប់កម្ចី ខណៈបច្ចុប្បន្ននេះវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យពួកគេរងផលប៉ះពាល់ពីការរកចំណូល ប្រសិនបើធនាគារដំឡើងអត្រាការប្រាក់ទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសងត្រឡប់ និងផ្តល់ផលជះមិនល្អដល់វិស័យធនាគារ។លោក ង៉ែត ជូ អ្នកជំនាញខាងហិរញ្ញវត្ថុ បានប្រាប់កាសែត ថា ការដំឡើងអត្រាការប្រាក់មិនគួរធ្វើឡើង សម្រាប់អតិថិជនដែលខ្ចីស្រាប់នោះទេ បើទោះបីជាថ្លៃដើមមានការកើនឡើង ដោយសារការកើនឡើងនៃអត្រាការប្រាក់ នៅលើទីផ្សារអន្តរជាតិ នាពេលបច្ចុប្បន្ននេះក៏ដោយ ព្រោះកម្ចីដែលមានស្រាប់ គឺជាកម្ចីដែលបានខ្ចី ក្នុងស្ថានភាពសេដ្ឋកិច្ចល្អ មានថ្លៃដើមមិនខ្ពស់ដូចបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ក្នុងស្ថានភាពលំបាកអតិថិជនខ្លះ មិនទាំងមានប្រាក់បង់ផង។ បើចង់ដំឡើងការប្រាក់ គួរដំឡើងលើកម្ចីបញ្ចេញថ្មី។
លោកថា «កាលណាសេដ្ឋកិច្ចមិនសូវមានភាពអំណោយផល និងមិនមានភាពប្រាកដប្រជា នឹងធ្វើឱ្យការប្រកបរបរអាជីវកម្មនានា មានការលំបាក ការរកចំណូលធ្លាក់ចុះ ហើយស្របពេលធនាគារ ចាប់ផ្តើមដំឡើងអត្រាការប្រាក់នឹងធ្វើឱ្យប៉ះពាល់អតិថិជន ពោលគឺលទ្ធភាពសងត្រឡប់របស់ពួកគេនឹងកាន់តែលំបាកជាងមុន»។លោកបន្តថា បើទោះបីជាការដំឡើងអត្រាការប្រាក់ ០.៥% មិនមែនសញ្ញាអាក្រក់ក៏ដោយ ប៉ុន្តែចំណុចនេះបានផ្ទុយនឹងការប្រកាសរបស់ធនាគារជាតិ ដែលហាមឱ្យមានការដំឡើងអត្រាប្រាក់ ចំពោះអតិថិជន ឬកម្ចីដែលមានស្រាប់ ដោយមិនមានការឯកភាពពីអតិថិជននោះទេ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការដំឡើងអត្រាការប្រាក់របស់ធនាគារមួយចំនួននាពេលនេះ ហាក់មិនឆ្លើយតបនឹងកាលៈទេសៈនោះទេ ខណៈបច្ចុប្បន្ននេះពលរដ្ឋ និងជាប់កម្ចី កំពុងតែជួបបញ្ហាផ្សេង ដូចជាបញ្ហាអតិផរណា អត្រាអត់ការងារធ្វើ និងការថយចុះនៃចំណូលពីការប្រកបអាជីវកម្ម។ ការដំឡើងអត្រាការប្រាក់ ប្រៀបដូចជាការបន្ថែមបន្ទុកកាន់តែធ្ងន់ដល់អ្នកខ្ចី។លោកមានប្រសាសន៍ថា «ខ្ញុំយល់ឃើញថា វាជាបញ្ហាមួយពិបាកទៅដល់អ្នកខ្ចីទាំងចាស់ទាំងថ្មី ។ បើជាទស្សនៈខ្ញុំវិញ គួរតែយើងចាប់ផ្តើមគិតដំឡើងអត្រាការប្រាក់ សម្រាប់អ្នកខ្ចីថ្មី ដោយសារតែវិវត្តថ្មីៗ ដែលកំពុងតែកើតមាននៅក្នុងពិភពលោក។ បញ្ហានេះ គឺជាការងារមួយគួររួមគ្នាដោះស្រាយ ហើយជៀសវាងការសម្រេច ក្នុងនាមជាអ្នកផ្តល់កម្ចី ពីព្រោះថា អ្នកខ្ចីគាត់ក៏រងគ្រោះ ចំណែកអ្នកឱ្យខ្ចីក៏មានបញ្ហាខ្លះដែរ ប៉ុន្តែបញ្ហារបស់គាត់ជាបញ្ហា ដែលអាចដោះស្រាយបាន។ ចំណែកបញ្ហារបស់អ្នកខ្ចី គឺជាបញ្ហាពិតប្រាកដជាក់ស្តែង ដែលគាត់ជួបការលំបាក ព្រោះក្នុងដំណាក់កាលនេះ គឺពិបាកណាស់ក្នុងការរកប្រាក់មកសងការប្រាក់ និងសងថ្លៃដើម»។
ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានបន្ទោសថា ការប្រកាសដំឡើងអត្រាការប្រាក់ របស់ធនាគារមួយចំនួននៅកម្ពុជា ដោយសារការរងឥទ្ធិពល ដែលកម្ពុជាទទួលបានពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាសហរដ្ឋអាមេរិក។លោកស្រីជាសេរីបន្តថា ការកើនឡើងនៃអត្រាការប្រាក់នេះ ដោយសារតែកម្ពុជាមានកម្រិតដុល្លាររូបនីយកម្មខ្ពស់ និងបានផ្តល់ជាឥណទានច្រើន ជាប្រាក់ដុល្លារអាមេរិក។
លោកស្រីមានប្រសាសន៍ថា ចាប់ពីខែមីនា ឆ្នាំ២០២២មក ធនាគារកណ្តាល បានបង្កើនអត្រាការប្រាក់គោល ដើម្បីបន្ទាបអត្រាអតិផរណា ដែលបានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលទសវត្សចុងក្រោយនេះ បានបង្កើននេះ បាននាំឱ្យអត្រាការប្រាក់នៅទីផ្សារអន្តរជាតិ កើនឡើងផងដែរ នៅដើមឆ្នាំ២០២៣ ហើយឥទ្ធិពលនេះបានចាប់ផ្តើមឡើងនៅកម្ពុជា ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានបង្កើនអត្រាការប្រាក់ជាដុល្លារអាមេរិករបស់អតិថិជន។លោកស្រីបន្តថា «ចំណុចនេះ ក៏ជាចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ នៅពេលយើងចាយលុយដុល្លារអាមេរិក ធនាគារកណ្តាលអាមេរិក និងរដ្ឋាបាលអាមេរិក គេសម្រេចចិត្តធ្វើឱ្យលុយគេថោក ឬថ្លៃ គឺយើងអត់មានលទ្ធភាពទៅតវ៉ាទៅអីទាំងអស់ គឺថាយើងត្រូវទទួលយក»។
លោកស្រីទេសាភិបាលរងបាន អំពាវនាវដល់ក្រសួង ស្ថាប័នសាធារណៈ គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រក្រុមហ៊ុនសហគ្រាស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបន្តប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើន។ ប្រសិនប្រាក់រៀលប្រើប្រាស់ ក្នុងបរិមាណច្រើនវិញនោះ ធនាគារជាតិនៃកម្ពុជានឹងអាចមានលទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងអត្រាការប្រាក់លើទីផ្សារ។
សូមបញ្ជាក់ថា៖នៅកម្ពុជាមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណជាង១០០ កំពុងប្រតិបត្តិការផ្តល់កម្ចីដល់ពលរដ្ឋ ក្នុងរួមមានធនាគារពាណិជ្ជ៥៥ ធនាគារឯកទេស១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧៩ រួមនឹងគ្រឹះស្ថានហិរវត្ថុផ្សេងៗទៀត។ថ្លែងក្នុងនៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ប្រារព្ធធ្វើនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៣ ក្នុងស្រុកថ្មគោលឆ្នាំង ខេត្តបាត់ដំបងលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យនេះក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គ ដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុខ្លះៗ ដែលត្រូវយកចិត្តទុកដាក់ និងជួយដល់វិស័យនេះ ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុហើយបញ្ហាទាំងនោះរួមមានដូចជា៖ ការចងការប្រាក់ក្រៅប្រព័ន្ធ ដោយគ្មានច្បាប់អនុញ្ញាត, ការគិតកម្រៃសេវាឥណទានខ្ពស់, ការខ្ចីប្រាក់ច្រើនលើសលុប, ការប្រមូលប្រាក់របស់ជនខិលខូចក្នុងរូបភាពសន្សំ ឬការវិនិយោគ និងការអនុវត្តការងាររបស់បុគ្គលិកឥណទាន ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈជាដើម។
លោក រ័ត្ន សុវណ្ណនរៈបានបន្ដថា ជាក់ស្ដែងគិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមាន៤៤.៤ ទ្រីលានរៀល (ស្មើនឹង១០.៨ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមាន៣៨.៩ ទ្រីលានរៀល (ស្មើនឹង ៩.៥ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង ២.១លានគណនី។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានទទួលប្រាក់បញ្ញើសរុបប្រមាណ១៩.៤ទ្រីលានរៀល (ស្មើនឹង ៤.៧ ប៊ីលានដុល្លារអាមេរិក) ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២.៧ លានគណនី។
សម្រាប់ការតម្លើងការប្រាក់ដុល្លារនេះដែរប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិក លោកស្រី Loretta Mester បាននិយាយកាលពីថ្ងៃអង្គារ៍ទី៣មេសាថា ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ទំនងជានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខនេះ ក្នុងគ្រាដែលមានសញ្ញាថា បញ្ហាក្នុងវិស័យធនាគារនាពេលថ្មីៗនេះត្រូវបានគ្រប់គ្រងបាន។
ដើម្បីរក្សានិរន្តរភាពអតិផរណាឲ្យធ្លាក់ចុះដល់កម្រិត ២% និងរក្សាលំនឹងអតិផរណាទៅតាមការរំពឹងទុក លោកស្រីបានមើលឃើញថា គោលនយោបាយនឹងមានការផ្លាស់ប្តូរ ពោលគឺនាពេលខាងមុខនេះធនាគារកណ្តាលនឹងមានការដំឡើងអត្រាការប្រាក់លើសពី ៥% និងអត្រាមូលនិធិដែលផ្តល់ឲ្យពិតប្រាកដស្ថិតនៅចំណុចវិជ្ជមានមួយរយៈពេល។សូមរំលឹកថា កាលពីខែមីនា ធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានដំឡើងអត្រាការប្រាក់គោល ២៥ពិន្ទុ (០,២៥%) រហូតដល់ចន្លោះ ៤,៧៥% និង ៥%។លោកស្រីបាននិយាយថា៖ «ប្រព័ន្ធធនាគាររបស់សហរដ្ឋអាម៉េរិកគឺល្អ និងមានភាពធន់។ ភាពតានតឹងដែលបានជួបប្រទះនៅក្នុងប្រព័ន្ធធនាគារក្នុងខែមីនាបានធូរស្រាលហើយ ប៉ុន្តែធនាគារកណ្តាលនៅតែបន្តត្រួតពិនិត្យលក្ខខណ្ឌដោយប្រុងប្រយ័ត្ន ហើយត្រូវបានរៀបចំដើម្បីចាត់វិធានការបន្ថែមទៀតតាមការចាំបាច់ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាប្រធានគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា (ABC) បានប្រាប់ឲ្យ CNC កាលពីម្សិលមិញថា គិតមកទល់នឹងពេលនេះ ការប្រកាសដំឡើងអត្រាការប្រាក់ឥណទានអតិថិជនរបស់គ្រឹះ ស្ថានធនាគារ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសមាគមមិនទាន់មានការដំឡើងអត្រាការប្រាក់ឥណទានអតិថិជននៅឡើយទេ។
លោកបានអះអាងថា ធនាគារដែលគ្រោងដំឡើងអត្រាការប្រាក់នេះ មានចំនួន ៣គ្រឹះស្ថាន ដែលដំឡើងក្នុងកម្រិតតិចតួចត្រឹមតែអត្រា ០,២៥% និង ០,៥% ក្នុងមួយឆ្នាំ ខណៈដែលអត្រាការប្រាក់នៅឡើងទីផ្សារអន្តរជាតិបានឡើងដល់ ៣% ទៅ ៤%ឯណោះ ដែលមានរយៈពេលជាងមួយឆ្នាំមកហើយ។ ទោះជាយ៉ាងណា លោក មិនបានបញ្ចេញអត្តសញ្ញាណធនាគារទាំងនេះឡើយ។យ៉ាងណាមិញ នៅក្នុងសប្តាហ៍នេះ សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ បានចេញសេចក្តីជូនដំណឹងប្រកាសដំឡើងអត្រាការប្រាក់បន្ថែមរបស់ខ្លួន ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖ ដោយមានការកើនឡើងលើថ្លៃដើមនៃដើមទុនរបស់ធនាគារនាពេលថ្មីៗនេះ អត្រាការប្រាក់ មូលដ្ឋាននៃអត្រាការប្រាក់ឥណទានរបស់អតិថិជនទាំងអស់នឹងត្រូវកើនឡើងបន្ថែម ០,៥% (សូន្យ ក្បៀសប្រាំភាគរយ) ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះនឹងចាប់អនុវត្តពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះតទៅ»។