វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1958 នាក់
ម្សិលមិញ 2791 នាក់
សរុប 13404483 នាក់
ប្រទេសកាណាដា៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុមិនស្គាល់សញ្ញាណមួយ ដែលស្ថិតនៅលើដែនអាកាសប្រទេសកាណាដា ពោលគឺមួយថ្ងៃបន្ទាប់ពីវត្ថុមិនស្គាល់អត្តសញ្ញាណផ្សេងមួយទៀត ត្រូវបានយោធាអាមេរិក បាញ់ទម្លាក់នៅលើរដ្ឋអាឡាស់ស្កា។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣បានផ្សាយថា៖នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា ការបាញ់ទម្លាក់វត្ថុខាងលើធ្វើឡើង នៅលើតំបន់យូកូន (Yukon) ភាគខាងជើងប្រទេសរបស់លោក ហើយកងកម្លាំងកាណាដានឹងទៅប្រមូលយកវត្ថុ ដែលត្រូវបានបាញ់ទម្លាក់នោះមកវិភាគ។ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណាន (Anita Anand) បានបង្ហើបឱ្យដឹងថា វត្ថុខាងលើមានរូបរាងជាលក្ខណៈស៉ីឡាំង ប៉ុន្តែលោកស្រីមិនបានធ្វើការសន្និដ្ឋានពីប្រភពនៃវត្ថុនោះ ឬហៅវាថាជាបាឡុងឡើយ។ យ៉ាងណាមិញ លោកស្រីបានគូសបញ្ជាក់ថា ដោយស្ថិតនៅរយៈកម្ពស់១២,២០០ម៉ែត្រ វត្ថុនោះបង្កហានិភ័យដល់ការធ្វើចរាចរណ៍ផ្លូវអាកាស របស់យន្តហោះស៉ីវិល។
មន្ទីរបញ្ចកោណអាមេរិក បាននិយាយថា ទីបញ្ជាការការពារជាតិតំបន់អាមេរិកខាងជើង ហៅកាត់ថា ណូរ៉ាដ (NORAD) ដែលជាទីបញ្ជាការរួមរវាងសហរដ្ឋអាមេរិកនិងកាណាដា បានប្រទះឃើញវត្ថុខាងលើនៅរដ្ឋអាឡាស់ស្កា កាលពីយប់ថ្ងៃសុក្រ។ យន្តហោះចម្បាំងអាមេរិក ក៏បានតាមឃ្លាំមើលវត្ថុនោះរហូតដល់វាឆ្លងចូលដែនអាកាសកាណាដា ជាទីដែលយន្តហោះចម្បាំង CF-18 និងយន្តហោះល្បាត CP-140 របស់កាណាដា បានចូលរួមក្នុងការតាមដានដែរ។លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានលើកឡើងថា យន្តហោះចម្បាំងអាមេរិក F-22 បានបាញ់ទម្លាក់វត្ថុនោះនៅលើទឹកដីកាណាដា ដោយប្រើមីស៉ីល AIM 9X បន្ទាប់ពីមានការសហការគ្នាយ៉ាងដិតដល់ រវាងអាជ្ញាធរអាមេរិកនិងកាណាដា។ បើតាមលោក រ៉ាយដឺ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យយោធាអាមេរិកធ្វើការជាមួយកាណាដា ដើម្បីបាញ់ទម្លាក់វត្ថុខាងលើ ក្រោយជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក បៃដិន និង លោក ទ្រូដូ។
កាលពីថ្ងៃសុក្រ យន្តហោះចម្បាំងអាមេរិក F-22 បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀត នៅលើរដ្ឋអាឡាស់ស្ការបស់អាមេរិកផ្ទាល់។ មន្ទីរបញ្ចកោណបានប្រាប់ថា វត្ថុនោះមានទំហំប៉ុនរថយន្តខ្នាតតូច ហោះនៅកម្ពស់១២,២០០ម៉ែត្រ មិនអាចបង្វែរទិសដៅធ្វើដំណើរដោយខ្លួនឯងបាន ហើយហាក់គ្មានមនុស្សបញ្ជាឡើយ។ វត្ថុនោះត្រូវបានប្រទះឃើញកាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា ការបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណទាំង២លើកខាងលើ នៅតំបន់អាមេរិកខាងជើង កើតមានឡើងបន្ទាប់ពី យោធាអាមេរិកបានប្រើប្រាស់ យន្តហោះចម្បាំង F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីបាញ់ទម្លាក់នូវអ្វីដែលរដ្ឋាភិបាលអាមេរិក អះអាងថាជាបាឡុងចារកម្មរបស់ចិន នៅលើផ្ទៃសមុទ្រក្បែររដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក្រោយពីវាបានហោះនៅលើសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃប្រទេសកាណាដា អស់រយៈពេលប្រហែលជា ១សប្តាហ៍។ ទីក្រុងប៉េកាំងវិញបានអះអាងថា វាគឺជាបាឡុងស៉ីវិលធម្មតា ដែលប្រើប្រាស់សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយមប៉ុណ្ណោះនិងបានរិះគន់ការសម្រេចចិត្តបាញ់ទម្លាក់របស់អាមេរិកថា ជាប្រតិកម្មជ្រុលហួសហេតុ៕