វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 80 នាក់
ម្សិលមិញ 3355 នាក់
សរុប 13408956 នាក់
ភ្នំពេញ ៖ បុរសប្តីប្រពន្ធពីរនាក់ បានបាត់បង់ជីវិតភ្លាមៗនៅលើទ្រូងផ្លូវជាតិលេង៦A ដោយសារថយន្តទំនើបមួយគ្រឿងបុកចំពីក្រោយ។ សាច់ញាតិគ្រួសារសព បានឲ្យដឹងថា បុរសជាប្តីដែលរស់នៅចាំចម្ការឲ្យគេ បានទៅយកប្រពន្ធពីស្រុកចម្ការលើ ដើម្បីមករួមរស់ជាមួយគ្នា ប៉ុន្តែជាអកុសល ធ្វើដំណើរមិនទាន់ដល់គោលដៅផង ក៏ត្រូវរថយន្តបុកស្លាប់តាមដងផ្លូវគួរឲ្យសង្វេគទៅវិញ។ហេតុអីទេវតាមិនជួយអ្នកក្រចឹង?។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិសំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក HONDA WAVE មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-6138 បើកបរដោយប្ដីប្រពន្ធ២នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើត។ លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក MERCEDES BENZ G500 ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា-800 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅស្របគ្នា ក្នុងស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន បុកចំពីក្រោយម៉ូតូពេញទំហឹង ខ្ទាតមនុស្សចេញពីម៉ូតូហោះផ្លោងទៅបុកបង្គោលបន្ទះសូឡា ធ្លាក់ចុះមកក្រោមបាក់ក (ស្លាប់) ភ្លាមៗ។ ចំណែកឯស្ត្រីជាប្រពន្ធត្រូវបានរថយន្តកិនអូស ប្រមាណជា៣០ ម៉ែត្រ (ស្លាប់)។សពស្ត្រីប្រពន្ធរងគ្រោះមានឈ្មោះ ភួងស្រី យ័ន អាយុ៤៨ឆ្នាំ រីឯសពបុរសប្ដីរងគ្រោះមានឈ្មោះ អន អន់ អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រៃថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
រថយន្តនៅមិនបញ្ឈប់ត្រឹមហ្នឹងទេតែបាន បន្តទៅបុកពីក្រោយរថយន្តម៉ាក Hyundai ប្រភេទដឹកអីវ៉ាន់ចំនួន២ គ្រឿងដែលចតសម្រាកក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាត។ រីឯរថយន្តស៊េរីទំនើបម៉ាក MERCEDES BENZ G500 ទទួលរងការខូចខាតរួញផ្នែកខាងមុខខ្ទិចស្ទើរតែទាំងស្រុងតែម្ដង ចំណែកបុរសជាតៃកុងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពីកើតហេតុ។ ក្មួយស្រី របស់សពបានប្រាប់ ថា បុរសជាប្ដីធ្វើដំណើរពីស្រុកចម្ការលើ តាមផ្លូវជាតិលេខ៦A ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីយកប្រពន្ធទៅរស់នៅជាមួយនៅកន្លែងចម្ការ បន្ទាប់ពីទៅយកប្រពន្ធរួចហើយ ក៏ត្រឡប់ទៅចម្ការវិញជាមួយប្រពន្ធ ដោយមិនទាន់បានទៅដល់គោលដៅផង អកុសលត្រូវរថយន្តស៊េរីទំនើប ឆក់យកអាយុជីវិតប្ដីប្រពន្ធ (ស្លាប់) យ៉ាងអនោចអធម៍។ បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងកុសលវិច័យ សព រួចធ្វើរបាយការណ៍កំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយក សពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការរង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕