វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2171 នាក់
ម្សិលមិញ 2568 នាក់
សរុប 12587233 នាក់
ខេត្តកំពង់ធំ៖លោក សុខ ឧត្តម ចៅក្រមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសាលក្រមសម្រេចឲ្យបេក្ខជនមេឃុំចំណាលើ ស្រុកស្ទោង មកពីគណបក្សភ្លើងទៀន នៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនាម្សិលមិញ ពាក់ព័ន្ធបទល្មើសប្លន់ កាលពី២០ឆ្នាំមុន។
ក្នុងសាលក្រមដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា «មិនឃុំខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ ហៅ ឌុប រ៉ុម ភេទប្រុស កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ (សវតាជាតិខាងលើ) ពីបទអំពើប្លន់ ប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ តាមមាត្រា៦ នៃ ច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ចំពោះមុខជនជាប់ចោទទុកសិទ្ធិប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់»។អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង ប្រាប់វិទ្យុវិថាលោកឌុសារ៉ុមពិតតជាត្រូវបានសមត្ថកិច្ចដោះលែងវិញប្រាកដមែន។
ទាក់ទងនិងការចាប់ហើយដោះលែងនេះដែរលោក សយ សុភាពអ្នកកាសែតជើងចាស់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា តើជនរងគ្រោះ ដែលរងពីការចាប់ខុសនិតិវិធី នេះគាត់ទទួល នូវភាពអយុត្តិធ៌មប៉ុណ្ណា តើយល់ពីអារម្មណ៏គាត់ និង ក្រុមគ្រួសាររបស់គាត់ទេ?។លោក សយ សុភាព បានចាត់ទុកករណីនេះ បានធ្វើឱ្យអាម៉ាស់ ស្ថាប័នតុលាការ និង ប៉ះពាល់កិត្តិយស ខ្លាំងណាស់ ដល់មុខមាត់គណបក្សកាន់អំណាច រាជរដ្ឋាភិបាល។ ពោលប្រៀប បានទៅនឹងបើកក្លៀក ឱ្យអ្នកនៅក្រៅវាយប្រហារយ៉ាងខ្លាំង។លោក សយ សុភាព បានផ្ដាំឱ្យពិចារណាឡើងវិញ កុំអាងមានអំណាច ធ្វើស្រេចនឹងចិត្ត និង ធ្វើដើម្បីគាប់គន់។លោកថា នេះប្រហែលមន្ត្រីគ្រាប់ល្ពៅប្រភេទទី១ ហើយមើលទៅ។
ទាក់ទងនិងការដោះលែងនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយទៀតផងដែរ ពាក់ព័ន្ធនីតិវិធីនៃសវនាការ និងការចាប់ខ្លួនលោក ញឹម សារ៉ុម ដែលជាមេឃុំទើបជាប់ឆ្នោត តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនលេខ ១៣៣ ដ.ច/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ ពីបទ «ប្លន់»?។សូមបញ្ជាក់ថានគរបាលខេត្តកំពង់ធំកាលពីថ្ងៃទី២១មិថុនាបានចាប់ខ្លួនមេឃុំភ្លើងទៀនដែលជាប់ឆ្នោតដោយចោទប្រកាន់ថាបានប្រព្រឹត្ត “ប្លន់” ក្នុងឆ្នាំ ២០០២ ហើយបានរត់ចេញពីកន្លែងកើតហេតុនៃឧក្រិដ្ឋកម្ម ប៉ុន្តែមនុស្សមួយចំនួនអះអាងថាការចាប់ខ្លួននេះគឺមានហេតុផលនយោបាយ។ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ញឹម សារ៉ុម តាមបទចោទប្រកាន់«ប្លន់»ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។ ករណីនេះ ប្រធានពន្ធនាគារខេត្តកំពង់ធំ ត្រូវទទួលយកលោក ញឹម សារ៉ុម រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
លោកឧត្តមសេនីយ៍ទោ ទិត្យ សំណាល់ ស្នងការរងនគរបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ជនសង្ស័យមានឈ្មោះ ញឹម សារ៉ុម អាយុ៥២ឆ្នាំ ជាមេឃុំចំណារលើ ជាប់ឆ្នោត។លោកបាននិយាយថា សារ៉ុមត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១រសៀលនៅផ្ទះរបស់លោក ក្នុងភូមិត្រពាំងជោរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកបន្តថា ក្រោយការចាប់ខ្លួន លោក សារ៉ុមកំពុងត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។លោកបន្តថា៖ « លោកត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ»។
លោកត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ ចោទប្រកាន់កំបាំងមុខក្នុងឆ្នាំ ២០០៧ ពីបទប្លន់ (លួចមានស្ថានទម្ងន់ទោស)។ ចៅក្រមស៊ើបសួរបានចេញដីកាចាប់ខ្លួន ប៉ុន្តែលោក សារ៉ុម បានរត់គេចខ្លួន។លោកបានកត់សម្គាល់ថា៖ «សារ៉ុមនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃពុធ»។ប៉ុន្តែបញ្ហាវានៅត្រង់ថាតាំងពីពេលចុះឈ្មោះជាបេក្ខជននិងចេញឃោសនាបោះឆ្នោតហេតុអីបានជាសមត្តកិច្ចមិនចាប់ខ្លួន?។លោកបានបន្ថែមថា លោក សារ៉ុម និងជនសង្ស័យផ្សេងទៀតត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារម្នាក់ៗ ៥ ឆ្នាំក្នុងឆ្នាំ ២០១៣ ពីបទ «លួចមានស្ថានទម្ងន់ទោស»។តុលាការក៏បានបញ្ជាឲ្យចាប់ខ្លួនពួកគេដែរ។
អនុប្រធានបក្សភ្លើងទៀន លោក ជេត គឹមអ៊ាង មានប្រសាសន៍ថា ការចាប់ខ្លួនលោក សារ៉ុម ជារឿងនយោបាយ មិនមែនទាក់ទងនឹងការអនុវត្តច្បាប់នោះទេ។លោកបានមានប្រសាសន៍ថា “ខ្ញុំឆ្ងល់ថារឿងក្តីលោក សារ៉ុម បានកើតឡើងក្នុងឆ្នាំ ២០០២ ប៉ុន្តែចាប់តាំងពីពេលនោះមក ទាំងប៉ូលិស និងតុលាការមិនបានចាប់ខ្លួនគាត់ទេ ពួកគេរង់ចាំរហូតដល់គាត់ជាប់ឆ្នោតជាមេឃុំនៅឆ្នាំនេះ។បើតាមអនុប្រធានក្រុមការងារមកពីគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង ឱ្យដឹងថា នៅឆ្នាំ២០១២ លោក ញឹម សារ៉ុម បានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំមកពីគណបក្ស សម រង្ស៊ី ហើយឆ្នាំ២០១៧ លោកជាប់ជាជំទប់ទី១ មកពីគណបក្សសង្គ្រោះជាតិ ខណៈឆ្នាំ២០២២ លោកគឺជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្រៅពីការចាប់ខ្លួនលោក ញឹម សារ៉ុមហើយដោះលែងវិញ បេក្ខភាពចៅសង្កាត់រងទី២ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធនេះបាន ស្នើទៅក្រសួងសុខាភិបាលឱ្យពិនិត្យមើលចំពោះការសម្រេចលុបឈ្មោះខ្លួនចេញក្របខណ្ឌក្រសួង ក្រោមហេតុផលថាបានធ្វើខុសវិន័យនោះឡើងវិញ។លិខិតបញ្ជាក់ថា រូបលោកបានធ្វើការរយៈពេល២៧ឆ្នាំហើយ ប៉ុន្តែពេលនេះ ក្រសួងសុខាភិបាលលុបឈ្មោះលោកចេញពីក្របខណ្ឌក្រសួង ក្រោមហេតុផលថាធ្វើខុសវិន័យ។លោក កែវ សុមុនីស្នើទៅក្រសួងសុខាភិបាលឱ្យបញ្ជាក់ចំពោះវិធានការវិន័យឱ្យបានច្បាស់លាស់ ស្របទៅតាមមាត្រា៤០នៃច្បាប់ស្ដីពីសហលក្ខនិ្តកៈមន្ត្រីរាជការស៊ីវិលកម្ពុជា ដោយសារការលុបនេះ ក្រសួងមិនបានបញ្ជាក់ទេ។
លោក កែវ សុមុនី ថាក្រសួងបានលុបឈ្មោះរបស់លោកចេញពីក្របខណ្ឌភ្លាមៗ ដោយមិនបានហៅទៅណែនាំ និងបង្ហាញពីវិន័យដែលលោកធ្វើខុសនោះឱ្យបានច្បាស់លាស់ឡើយ។ លោកថា៖ «ខ្ញុំមិនប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលទេ ប៉ុន្តែជាការស្នើ សុំឱ្យពិនិត្យករណីនេះឡើងវិញ ពីព្រោះករណីនេះ គាត់ថាមានភាពមិនច្បាស់លាស់ គាត់ថាយើងខុសខាងវិន័យ វាអត់ច្បាស់លាស់ ព្រោះគាត់សរសេរខ្លីពេក មិនដឹងខុសវិន័យយ៉ាងម៉េច! ព្រោះជាធម្មតា ក្នុងតួនាទីក្របខណ្ឌមន្ត្រីរាជការ គេត្រូវហៅណែនាំដោយផ្ទាល់មាត់ឬណែនាំដោយលាយលក្ខណ៍អក្សរ តែនេះ គាត់អត់មានបានហៅណែនាំយើងទាំងអស់»។
ក្រៅពីលោក កែវ សុមុនី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ លោក អេង ស្រូយ ក៏ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការដែរ។
លោក អេង ស្រូយ បានបដិសេធចំពោះការលើកឡើងរបស់ក្រសួងមហាផ្ទៃដែលថា លោកបោះបង់ការងារពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ លោកបន្តថា រូបលោកតែងតែមកធ្វើការ ទោះបីជាមិនបានរាល់ថ្ងៃក៏ដោយ ប៉ុន្តែមិនដែលបោះបង់ឡើយ។ចំណែកអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំម្នាក់ទៀត គឺលោក ថាន់ ណារិន ក៏ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លុបឈ្មោះចេញពីក្របខណ្ឌក្រសួងដែរ។ លោក ថាន់ ណារិន មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ការលុបឈ្មោះបេក្ខភាពគណបក្សភ្លើងទៀនចេញពីក្របខណ្ឌមន្ត្រីរាជការមួយរយៈចុងក្រោយ ដែលក្រសួងសម្រេចនោះ មិនបានបង្ហាញហេតុផលណាមួយឱ្យបានសមរម្យនៅឡើយ។ មួយវិញទៀត លោកសង្កេតឃើញថា អ្នកដែលទៅឈរជាបេក្ខភាពបក្សភ្លើងទៀននោះ ពួកគេបានដាក់ពាក្យសុំច្បាប់ត្រឹមត្រូវដែរ។
លោកថា៖ «ចំណុចទាំងអស់ហ្នឹង វាស្ថិតនៅក្នុងភាពស្រពេចស្រពិល ដែលគេយល់ឃើញថា វាអាចជាប់ពាក់ព័ន្ធជាមួយនឹងការចូលរួមជីវភាពនយោបាយរបស់គាត់ជាមួយគណបក្សភ្លើងទៀន បានជាមានការលុបឈ្មោះពួកគាត់ អាហ្នឹងបើសិនជាគ្មានហេតុផលណាពន្យល់ឱ្យបានច្បាស់លាស់នោះទេ។ យើងឃើញក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មក វាមានករណីផ្ទួនៗ ដែលនាំឱ្យមានការរិះគន់ជាច្រើន ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សភ្លើងទៀន»។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា បើសិនជាបេក្ខភាពដែលត្រូវបានក្រសួងលុបឈ្មោះចេញ បានសុំច្បាប់ត្រឹមត្រូវនោះ ការលុបឈ្មោះពួកគេចេញ វាខុសពីបែបបទរដ្ឋបាល ហើយវាជាការរើសអើងផ្នែកនយោបាយផងដែរ។លោកថា៖ «អាហ្នឹងជាការគាបសង្កត់ផ្នែកនយោបាយ គ្រាន់តែគេមកចូលរួមផ្នែកនយោបាយ គេបានរៀបចំឯកសាររួចហើយ។ យើងទៅគាបសង្កត់ដាក់សម្ពាធលើគេ ដោយដកក្របខណ្ឌជាមូលដ្ឋានដើម្បីបញ្ឈប់ហ្នឹង»។