វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 352 នាក់
ម្សិលមិញ 4847 នាក់
សរុប 13418544 នាក់
ភ្នំពេញ ៖ តាមការអញ្ជើញរបស់លោក រ៉ូបឺតូ អាហ្សេវេដូអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញដំណើរទៅប្រទេសស្វិសដើម្បីចូលរួមកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ។
តាមប្រកាសពត៍របស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ ពាណិជ្ជកម្មឆ្នាំ២០១៩» នឹងប្រព្រឹត្តទៅក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
នៅក្នុងពិធីបើកកិច្ចប្រជុំសម្តេចនឹងថ្លែងសុន្ទរកថាគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការជម្នះឧបសគ្គនានា និងនាំមកនូវកំណើនសេដ្ឋកិច្ច គួរឲ្យកោតសរសើរដល់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គម ដែលរៀបចំដោយ WTO ផងដែរ។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោអាច នឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នា ជាមួយលោក វិល ស្គីនណារី រដ្ឋមន្ត្រីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់, លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្មពាណិជ្ជកម្មនៃ WTO, លោកស្រី មីសែល បាឆេឡេត ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រមទាំងជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។សម្តេចតេជោ ហ៊ុន សែន នឹងទទួលការចូលជួបសម្តែងការគួរសម ពីតំណាងក្រុមហ៊ុនអឺរ៉ុបមួយចំនួននិងឆ្លៀតឱកាសទទួលជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ ដែលរស់នៅប្រទេសស្វីស និងប្រទេសអឺរ៉ុបផ្សេងទៀត។
ទោះបីយ៉ាងណាប្រមុខរាជរដ្ឋាភិបាលខ្មែរនឹងប្រឈមជាមួយក្រុមប្រឆាំងនៅក្រៅប្រទេសផងដែរតែមិនដឹងថាពួកគេអាចប្រមូលគ្នាថ្វើបាតុកម្មបានប៉ុន្មាននោះទេ។ក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់ នៃអង្គការគ្រួសារថ្មី នៅថ្ងៃទី១ កក្កដា សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសថា ទោះជាមានបាតុកម្មប្រឆាំងវត្តមានលោកយ៉ាងណាក៏ដោយ ហើយបើទោះជាត្រូវឡើងភ្នំភ្លើង ក៏សម្តេចនៅតែទៅចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសនោះដែរ ។សម្តេចបានថ្លែងចំអកឲ្យក្រុមប្រឆាំងថាសូមចេញមុខមកឲ្យបានច្រើន ដើម្បីតទល់នឹងក្រុមដែលគេមកគាំទ្រលោក៖ «ខ្ញុំមិនដឹងថា មានបាតុកម្មប្រឆាំងនឹងខ្ញុំ ឬអត់តែបើទោះបីជាឡើងភ្នំភ្លើងក៏ខ្ញុំទៅហ្សឺណែវដែរ ម៉ោង ៤ល្ងាច នៅថ្ងៃទី៤ ខ្ញុំនឹងជួបជាមួយនឹងពលរដ្ឋខ្មែរប្រមាណ ៧០០នាក់ កន្លែងក៏ពិបាក ពីព្រោះចំថ្ងៃធ្វើការ ហើយខ្ញុំជួបពួកនិស្សិតនឹងពលរដ្ឋខ្មែរយើងរស់នៅអឺរ៉ុបប្រមាណ ៧០០នាក់»។
សូមបញ្ជាក់ថា៖ប្រធានគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងលីយ៉ុង ប្រទេសបារាំង លោក លី ពឿងបាន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១ កក្កដាថា ប្រជាពលរដ្ឋខ្មែរនៅបែកអឺរ៉ុបបានត្រៀមខ្លួនរួចហើយដើម្បីដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន នៅក្រៅប្រទេស។លោកលីពឿងបញ្ជាក់ថា៖ អ្នកចូលរួមធ្វើបាតុកម្មទាំងអស់ នឹងចង់បង្ហាញអោយពិភពលោកបានដឹងដែរថា កម្ពុជាត្រូវការសេរីភាព ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងចង់ឱ្យគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏មានឥទ្ធិពលបានចូលរួមបោះឆ្នោតឡើងវិញ៖ «សុខចិត្តទ្រាំធ្មេចភ្នែក យើងឈរដូចគេដូចឯងអ៊ីចឹងតាមអ្វីដែលយើងអាចធ្វើបាន។ យើងមិនបណ្ដោយអោយ ហ៊ុន សែន ទៅសប្បាយ តាមអំពើចិត្តហើយដើរអួតថា ៧០០នាក់។គេទៅច្រើនគ្នាហើយសប្បាយចំពោះលោកទេ គាត់ច្រឡំធំហើយ ច្រឡំធំមែនទែនតែម្ដង បាទ»។
សម្ដេចក៏បានរំលឹកថា កាលពីទៅចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកន្លងមក ក៏ពួកក្រុមប្រឆាំងនៅទីនោះ ថានឹងធ្វើបាតុកម្មប្រឆាំងសម្ដេចដែរ ប៉ុន្ដែជាក់ស្តែងពេលទៅដល់ បែរជាគ្មានឃើញវត្តមានរបស់ពួកគេទៅវិញ។ សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា កាលពីអំឡុងទៅទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមគាំទ្រអតីតបក្សប្រឆាំងបែរជាយកពងមាន់ទៅគប់លើក្រុមអ្នកចាំទទួលស្វាគមន៍សម្ដេចវិញ តែនេះមិនមែនជាបញ្ហាទេ ព្រោះជាសិទ្ធិសេរីភាពរបស់ពួកគេ។ សម្ដេចតេជោ បានអះអាងថា ក្រុមអ្នកគាំទ្រអតីត បក្សប្រឆាំងមានចំនួនតិចជាង ក្រុមអ្នកចាំទទួលសម្ដេចទេ។
សម្តេចនាយករដ្ឋមន្ដ្រីកម្ពុជា បានឌឺដងថា “ខ្ញុំបានឲ្យព័ត៌មាន ខ្ញុំទៅហ្សឺណែវនេះ ជាង៣អាទិត្យមុន។ អីចឹងល្មមរកមនុស្ស មកធ្វើបាតុកម្មបានហើយ បង្ករឿងឲ្យបានច្រើនតិច អាហ្នឹងកាន់តែល្អ ខ្ញុំមិនឌឺឲ្យអាណាទេ” ។សម្ដេចតេជោ បានលើកឡើងថា សិទ្ធិមនុស្សសំដៅដំបូងគេ គឺសិទ្ធិរស់រានមានជីវិត មិនមែនសិទ្ធិសរសេរ លើកាសែតនោះទេ ដូច្នេះកម្ពុជាមិនឱនក្បាល នឹងការប្រៀនប្រដៅ ពីប្រទេសដទៃ ឡើយ។
សម្ដេចតេជោ បញ្ជាក់ថា សិទ្ធិមនុស្សមិនបាន នៅក្នុងសង្គ្រាមជាមួយកម្ពុជាឡើយ ខណៈសិទ្ធិមនុស្សមិនបាន នៅក្រោមការសម្លាប់រៀងរាល់ថ្ងៃដែរ។ កម្ពុជាជាង៤០ឆ្នាំមុន ស្លាប់ជារៀងរាល់ថ្ងៃ បន្ទាប់មកទៀត សង្គ្រាមបានបន្ដមកទៀត ដែលបណ្ដាលឲ្យមនុស្ស កាន់តែច្រើនផងដែរ ហើយសិទ្ធិមនុស្សចាប់ផ្ដើម សិទ្ធិរស់រៀនមានជីវិត។ “ដូច្នេះហើយបានជាកម្ពុជា មិនព្រមឱនក្បាល ជានឹងការប្រៀនប្រដៅ របស់អ្នកដទៃ។ ព្រោះកន្លែងខ្លះសម្លាប់ ដោយគ្រាប់បែក គ្រាប់ប្លោង បាញ់ពីលើយន្ដហោះ មួយថ្ងៃៗងាប់អស់ប៉ុន្មាន? តើគេដែលគោរពសិទ្ធិដែរឬទេ? ស្គាល់សិទ្ធិមនុស្សទេ?”។
សម្ដេចបន្ដថា សព្វថ្ងៃនេះកម្ពុជា មានការរស់រានយ៉ាងខ្លាំង ពីប្រជាជន៥លាននាក់ឡើង ដល់១៦លាននាក់ ដូច្នេះកើនឡើងបែបនេះ ដោយសារតែកម្ពុជា មានសុខសន្ដិភាពពេញលេញ។
ទាកទងបញ្ហាសិទ្ធមនុស្សនេះតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN)វិញ បានឆ្លើយតបទៅគណៈប្រតិភូ សហភាពអឺរ៉ុប(EU) ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី ដែលបានចោទប្រកាន់ដោយ ខុសឆ្គងថា ការអនុវត្តច្បាប់ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យលំហូរនៃសិទ្ធិ សេរីភាពក្នុងការ បញ្ចេញមតិរួមតូច។
យោងតាមលិខិត របស់តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានតបថា “វាមិនមានអ្វីភ្ញាក់ផ្អើលឡើយ ដែលជាញឹកញាប់ ការអនុវត្តច្បាប់នៅកម្ពុជា ត្រូវបានគេសន្មតថា ជាវិធានការខុសរួចជាស្រេច លើកលែងតែរាជរដ្ឋាភិបាល បង្ហាញថា វិធានការទាំងនោះត្រឹមត្រូវជាមុនសិន ។
លិខិតបន្តថា “វាជារឿងវង្វេងវង្វាន់មួយ ដែលគណៈប្រតិភូទាំងនោះ ស្នើសុំឲ្យកម្ពុជា ពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរ មានសមត្ថកិច្ចអនុវត្តច្បាប់ និងបទបញ្ជា ដើម្បីធ្វើតាមការស្នើសុំនោះ ពួកគេបែរជាចោទប្រកាន់ថា រដ្ឋាភិបាលបានរឹតត្បិតសេរីភាព ក្នុងការបញ្ចេញមតិទៅវិញ។ ក្នុងន័យនេះ ជាទូទៅគេសង្កេតឃើញថា គណៈប្រតិភូទាំងនោះ តែងតែមើលមកកែវទឹកសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅកម្ពុជាថា ខ្វះតែកន្លះទៀតនោះកែវ ទឹកនឹងទៅជាកែវទទេ ខណៈដែលសាធារណជនជាទូទៅ មើលឃើញថា ខ្វះតែកន្លះទៀត នោះកែវនោះនឹងមានទឹកពេញ” ។
អ្វីដែលកាន់តែ ជាភាពអកុសលជាងនេះទៅទៀតនោះ ពួកគេបានយកសិទ្ធិមនុស្ស ធ្វើជាចំណាប់ខ្មាំង នៅពេលនិយាយពីការ ផ្តល់ប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ច ដល់ប្រទេសកម្ពុជា។
លិខិតបានលើកឡើងទៀតថា ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវការជំនួយ ដែលមានរួមទាំងគម្រោង អ្វីៗទាំងអស់ លើកលែងតែគ្រឿងសព្វាវុធ (EBA) របស់ EU ផងដែរ ហើយលក្ខណៈអនុគ្រោះទាំងនោះ កម្ពុជាពិតជាត្រូវការ និងឲ្យតម្លៃខ្ពស់។ ក៏ប៉ុន្តែដូចរដ្ឋដទៃផ្សេងទៀតផងដែរ អធិបតេយ្យភាពរបស់កម្ពុជា មិនអាចដោះដូរជាមួយជំនួយឡើយ។ ជំនួយ ក៏មិនគួរត្រូវបានគេយក មកធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរជាមួយអធិបតេយ្យភាពទេ។ ចំពោះកម្ពុជា ប្រសិនបើកម្តៅឡើង ខ្លាំងរហូតមិនអាចទ្រាំបាននោះ នឹងចាកចេញពីផ្ទះបាយនោះ៕