
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12345 នាក់
ម្សិលមិញ 25341 នាក់
សរុប 21319839 នាក់
ប្រទេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ប្រទេសនៅក្នុងតំបន់អាស៊ាន ទាំងមូលគឺត្រូវធ្វើការរួមគ្នា ក្នុងការពង្រីកទីផ្សារក្នុងតំបន់ឲ្យកាន់តែធំឡើងជាងការសម្លឹងមើលនៅទីផ្សារដែលឆ្ងាយពេក ប៉ុន្តែទីផ្សារនៅជិតខាងនេះគឺមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណា ថែរក្សាបាននូវពាណិជ្ជកម្ម ឬក៏សេដ្ឋកិច្ចល្អរបស់អាស៊ានបន្តទៅមុខទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទសន្សកិច្ចការងារនៅឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ ដែលបានជួប ឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា សាជាថ្មី ដោយសម្ដេច ចាត់ទុកឯកឧត្តម មហាមេដ គឺជាមិត្តចាស់ ហើយសម្ដេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តម មហាមេដ យូសុសកាឡា បានសម្តែងនៅក្តីអំណរអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម ក៏ដូចជាសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញមកទស្សនកិច្ចការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។សម្ដេចតេជោ បានចែករំលែកជាមួយនឹងឯកឧត្តម មហាមេដ ពីស្ថានការណ៍ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងបរិបទនៃពាណិជ្ជកម្ម ដែលសម្ដេចតេជោ បានរំលេចថា បច្ចុប្បន្ន កម្ពុជា និងឥណ្ឌូនេស៊ី មានពាណិជ្ជកម្មត្រឹមតែ ១ពាន់លានដុល្លារ ដូច្នេះសម្ដេចចង់ឃើញប្រទេសទាំងពីរ មានកំណើនពាណិជ្ជកម្មជាមួយគ្នា កើនឡើងបន្ថែមទៀត ហើយកាន់តែពិសេសនោះ គឺក្នុងអំឡុងពេល នៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលភ្ជាប់ជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម រួមទាំងកិច្ចសហការគ្នានៅក្នុងតំបន់អាស៊ានផងដែរ ។
ឯកឧត្តម មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឯកឧត្តម បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ជាពិសេស គឺពាណិជ្ជកម្ម ក្នុងនោះ ឯកឧត្តម បានលើកឡើងដោយចង់ឃើញនូវការជួបគ្នាជាញឹកញាប់ រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្ដូរ និងជជែកគ្នា និងបង្កើនបរិយាកាស នៃការធ្វើវិនិយោគទៅវិញទៅមក រួមទាំងការជជែកគ្នា ដើម្បីស្វែងរកនូវការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ដោយឡែកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដែរក្នុងឱកាសទទួលជួប លោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតាសម្ដេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងប្រធានក្រុមហ៊ុនមួយចំនួន ដូចជា លោក រ៉ូណា គូម៉ាឡា ពុធកា ដែលជាប្រធានក្រុមហ៊ុន ប៊ី ប៊ី អិច គ្រឌីត យូនៀន និងលោក ប៊ីឌីសេ ទីវ៉ាន់ ដែលជាប្រធានក្រុមហ៊ុន ភីធី សូណា ធូផាស ធូរីសេមិន ដាសទ្រី ធីប៊ីខេ ។ សម្ដេចតេជោ បានសម្ដែងក្តីរីករាយលើការចែរំលែក អំពីស្ថានភាព នៃការធ្វើវិនិយោគនៅកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់លោកសាស្ត្រាចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះ កម្ពុជា ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្រ របស់ខ្លួន ដែលនៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រានៃភាពក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និងប្រែក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឆ្លើយតបទាក់ទងទៅនឹងការវិនិយោគ ដោយបានបង្ហាញប្រាប់ ថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការវិនិយោគទៅលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បានរំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ ។ សម្ដេចតេជោ បន្តថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគ
ការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។
លោកសាស្ត្រាចារ្យបណ្ឌិត បានសម្ដែងការពេញចិត្ត ចំពោះការបង្ហាញផ្លូវ របស់សម្ដេចតេជោ ដែលលោកបានចាប់អារម្មណ៍ទៅលើការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ហើយលោកក៏បានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរំពឹងថា លោកសាស្ត្រាចារ្យបណ្ឌិត នឹងអញ្ជើញទៅទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លី ហើយនិងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការរួមចំណែកមួយ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងការបង្កើតការងារដល់ប្រជាជនកម្ពុជាបន្ថែមទៀត ។