វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2232 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059021 នាក់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖អធិការងខណ្ឌចំការមន លោកវរសេនីយ៍ទោ ហ៊ុត គង់ ដែលប្រើអំពើហឹង្សាលើបុរសម្នាក់ក្នុងករណីឈ្លោះប្រកែកគ្នា កាលពីយប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៤សីហា ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ ហ៊ុត គង់ អធិការរងខណ្ឌចំការមនរហស្សនាមបាសាក់១៤ទទួលផែនការងារជំនាញកោសល្យវិច្ឆ័យ នៃអធិការដ្ឋានខណ្ឌចំការមន សង្ស័យស្រវឹងស្រា បានជិះម៉ូតូទៅឃាត់រថយន្ត១គ្រឿងបន្ទាប់ពីគ្រោះថ្នាក់ចរាចរដោយរថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV -5390បើកលឿន ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋ រហូតបង្កជាជម្លោះតឹងសសៃកដាក់គ្នា ឈានដល់ការប្រើហិង្សាវាយបុរសម្ចាស់រថយន្តបណ្តាលឲ្យសន្លប់ កាលពីវេលាម៉ោង ១២:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលមានហ្វេសប៊ុកឈ្មោះគង់សម្បត្តិ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ដើម្បីសុំវិធានការពីសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។ក្រៅលោកអធិការរងនគរបាលដែលស្រានាំមុខបង្កបទល្មើសច្បាប់សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវលើករណីបុរសម្នាក់ សង្ស័យជាជនឆ្លៀតឱកាសបន្លំយកទូរសព្ទ និងនាឡិការបស់ជនរងគ្រោះក្នុងករណីហឹង្សាបង្កដោយលោកវរសេនីយ៍ទោ ហ៊ុត គង់ ផងដែរ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឱ្យដឹងថា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ តែក៏មិនទាន់ចោទប្រកាន់ទៅលើនរណាម្នាក់នៅឡើយ ដោយសារមិនទាន់មានភស្តុតាង។
ប៉ុន្តែបើយោងតាមការបង្ហោះតាមបណ្តាញសង្គម ជនសង្ស័យដែលឆ្លៀតឱកាសលួចយកទូរសព្ទ និងនាឡិការបស់ជនរងគ្រោះដែលត្រូវលោកអធិការរងខណ្ឌចំការមនប្រើហិង្សានោះ មិនទាន់ចេញមុខយកទូរសព្ទឱ្យជនរងគ្រោះវិញនៅឡើយទេ ព្រោះទូរសព្ទនោះជនសង្ស័យបានយកទៅលក់បាត់ហើយក្នុងតំលៃ ៣៧៥ដុល្លារ ទើបមិនហ៊ានចេញមកជួបជនរងគ្រោះ ដើម្បីនាំជនរងគ្រោះទៅលួសយកទូរសព្ទនោះវិញ។ លុះដល់ល្ងាចឡើងជនសង្ស័យក៏បានឱ្យប្រពន្ធទាក់ទងទៅជនរងគ្រោះដើម្បីប្រាប់លេខទូរសព្ទ និងកន្លែងបញ្ចាំ ហើយជនរងគ្រោះក៏បានទំនាក់ទំនងទៅកន្លែងបញ្ចាំនោះដោយគេបានយល់ព្រមលក់ទូរសព្ទនោះឱ្យក្នុងតម្លៃតំលៃ ៥០០ដុល្លារ។
ពាក់ព័ន្ធនឹងករណីនេះ ក្នុងច្បាប់បានចាត់ទុកជាអំពើលួច។ ការយកទ្រព្យគេនៅពេលដែលម្ចាស់ទ្រព្យកំពុងមានអាសន្ន ជាទោសធ្ងន់លើសពីទោសលួច។យោងមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌចែងថា អំពើលួចគឺ ជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ចំពោះមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌនេះដែរ ក៏ចែងថា អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ៣(បី)ឆ្នាំនិងពិន័យជាប្រាក់ពី១ 000 000(មួយលាន)រៀល ទៅ៦ ០០០ ០០០(ប្រាំមួយលាន) រៀល។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឲ្យសន្លប់នៅកន្លែងកើតហេតុ៕