ពលការិនី​រងគ្រោះ​ម្នាក់​ទៀតហើយ​ត្រូវបាន​ក្រសួង​ការងារ​ជួយសង្គ្រោះ​

fn-2018-01-11-14-43-47-01

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​បាន​ជួយសង្គ្រោះ​ពល​ការិនី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់ ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រូវបាន​ចាញ់បោក ក្រុមហ៊ុន​ខុសច្បាប់​ក្នុងស្រុក​មួយ បញ្ជូនទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​បាត់

​ដំណឹង​ជាង​១៣​ឆ្នាំ ។ ស្ត្រី រងគ្រោះ​បាន​មកដល់​កម្ពុជា ដោយ​សុវត្ថិភាព ហើយ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ។​
​ស្ត្រី​រងគ្រោះ ឈ្មោះ អេង ពៅ អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ចាញ់បោក​ក្រុមហ៊ុន​មិន​ស្របច្បាប់ ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​។ ស្ត្រី​រូបនោះ​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​នាង​ចាញ់បោក​នោះ​ជា​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ដែល​ត្រូវ​ដកចេញ​ពី​តំណែង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ ។​
​លោក សា ឡុ​ក​ម៉ាន អាយុ​៦១​ឆ្នាំ ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ដើម្បី​ជួយសង្គ្រោះ ដល់​ប្រពន្ធ​ដែល​រងគ្រោះ​ជាង​១៣​ឆ្នាំនេះ លោក​បាន​រិះរក​គ្រប់​មធ្យោបាយ ប៉ុន្តែ​គ្មាន​តំរុយ​ទាល់តែសោះ ។ លោក​ថា កាលពី​ឆ្នាំ​២០០៤​នោះ រូបលោក​ក៏បាន​ចេញទៅ​ធ្វើការ តាម​ក្រុមហ៊ុន​ខាងលើ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​អ្នកបើកបរ​រថយន្ត​ផងដែរ ។ ប៉ុន្តែ​នៅ​ផ្សេងគ្នា​ពី​ប្រពន្ធ តែ​ក្រោយមក​ក៏​បាត់​ដំណឹង​សូន្យ រហូត​ចប់​កុងត្រា ក៏​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ដើម្បី​រក មធ្យោបាយ​ជួយ​រកប្រពន្ធ ព្រោះ​កាល​ខ្លួន នៅ​បម្រើ​ការងារ​នៅ​ប្រទេស​នេះ គឺ​បាន​ខំប្រឹង​រក មធ្យោបាយ​ជួយ​ដែរ តែ​គ្មាន​លទ្ធផល​។​
​លោក សា ឡុ​ក​ម៉ាន បាន​បន្ថែមថា ដើម្បី​បន្ត​ស្វែងរក​ប្រពន្ធ​នោះ​លោក​សន្សំ​ប្រាក់ ហើយ​ចេញ ទៅធ្វើ​ការ​នៅ​ម្ចាស់ផ្ទះ​ដដែល​កាលពី​ឆ្នាំ​២០១២ ហើយ​ទីបំផុត ក៏បាន​ជួប​ប្រពន្ធ ប៉ុន្តែ​លោក​គ្មាន លទ្ធភាព ជួយសង្គ្រោះ​ប្រពន្ធ​នោះទេ ព្រោះ​ប្រពន្ធ​គ្មាន​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​អ្វី​ឡើយ ។​
​លោក ឡុ​ក​ម៉ាន បាន​បញ្ជាក់ថា លោក​បាន​ត្រឡប់មក​ស្រុក​ខ្មែរ កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ ហើយ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ។ ក្រោយមក​លោក​ក៏​ទទួលបាន​ការណែនាំ​ពី​មន្ត្រី​នៅ តាម​មូលដ្ឋាន ឲ្យ​មក​ទំនាក់ទំនង​សុំ​អន្តរាគមន៍ ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយដោយ​មានការ​យក​ចិត្ត​ទុកដាក់​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ក្រសួងការបរទេស និង​មាន​លោក ស្មាន ម៉ា​ណាន ជា​ឯកអគ្គរាជទូត ប្រចាំ​នៅ​អេ​ហ្សី​ប​បាន​ស្វះ​ស្វែងរក​ការគាំទ្រ​និង​អន្តរាគមន៍ ពី​ភាគី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី សា​អូឌីត ហើយ​សម្រេចបាន​ការសង្គ្រោះ​ប្រពន្ធ​លោក​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ៕

fn-2018-01-11-14-43-47-01fn-2018-01-11-14-43-47-21