នារី​ខ្មែរ​មាន​ប្តី​កូរ៉េ​ក្លាយជា​អ្នកលេង​ស្នូកឃ័រ​ល្បី​រន្ទឺ​នៅ​កូរ៉េ និង​អន្តរជាតិ​

g-snooker

​ប្រទេស​កូរ៉េ​៖​នារី​ខ្មែរ​ដែលមាន​ដើមកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាការិនី​ស្នូកឃ័រ​អាជីព​កម្រិត​ពិភពលោក និង​ទទួលបាន​ជយលាភី​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង ។​ស្រី​ខ្មែរ​ដែល​ល្បីឈ្មោះ​នៅ​កូ​រ៉​នោះ​ឈ្មោះ​ស្រួ​ង ភា​វី អាយុ​២៦​ឆ្នាំ មាន​ដើមកំណើត​ភូមិ​ថ្ម​ពេជ្រ​៣ ឃុំ​ថ្ម​ពេជ្រ​៣ ខេត្ត​ត្បូងឃ្មុំ​នាង​បាន​រៀបការ​នឹង​បានមក​រស់នៅ​ជាមួយ​ស្វាមី​

ជនជាតិ​កូរ៉េ​កាលពី​ឆ្នាំ​២០១០ ។ រស់នៅ​ជាមួយ​ស្វាមី​នាង​មិនមាន​ការងារ​អ្វី​ទេ ប៉ុន្តែ​ធ្វើជា​មេផ្ទះ​។ ក្រៅពីនេះ នាង​ឧស្សាហ៍​ចេញ​ក្រៅ​ជាមួយ​ស្វាមី​ដែល​ចូលចិត្ត​លេង​កីឡា​ស្នូកឃ័រ​ហើយ នាង​ក៏​លេង​ដែរ​ដើម្បី​កម្សាន្ត​សប្បាយ​ជាមួយ​តាំងពី​ឆ្នាំ​២០១១​។​
 

បន្ទាប់ពី​លេង​មួយរយៈ​ពេល​មក នាង​កាន់​តែមាន​ទេពកោសល្យ និង​កាន់តែ​ស្រលាញ់​ពេញចិត្ត ។ រយៈពេល​ប្រហែលជា​២​ឆ្នាំ​ក្រោយមក នាង​បាន​ក្លាយជា​អ្នកលេង​ដ៏​ខ្លាំងពូកែ​ម្នាក់​ដែល​ធ្វើ​ឲ្យ​ក្លឹប​ស្នូកឃ័រ​នានា​នៅ​ទីក្រុង​សេ​អ៊ួ​ល​ស្គាល់​នាង​កាន់តែច្រើន​។ ចន្លោះ​ឆ្នាំ​២០១៣​ដល់​២០១៥​នាង​បាន​ចូលរួម​ប្រកួត​ពានរង្វាន់​ផ្សេងៗ​ជាច្រើន​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​បន្តបន្ទាប់​។ ប៉ុន្តែ​នាង​មិនអាច​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់​កូរ៉េ​បានឡើយ ពីព្រោះ​នាង​មិនទាន់​ចូល​សហព័ន្ធ​របស់​កូរ៉េ និង​មិនមាន​សញ្ជាតិ​កូរ៉េ​។​

កីឡា​ការ​នី​ស្រួ​ង​ភា​វី បាន​ឲ្យ​កាសែត​ដឹងថា នៅ​ឆ្នាំ​២០១៦​នាង​បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​សហព័ន្ធ​កីឡា​ស្នូកឃ័រ​នៅ​ទីក្រុង​សេ​អ៊ួ​ល និង​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​ពានរង្វាន់​ធំៗ​ជា​បន្តបន្ទាប់​។ ឆ្នាំ​២០១៧​នេះ​នាង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ពោលគឺ​ជើងឯក​៣​ដង​ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​កូរ៉េ​។​
​នាង​ធ្លាប់បាន​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​២​ដង​នៅ​សហរដ្ឋអាមេរិក​។ លើក​ទី​១​ឆ្នាំ​២០១៥ កីឡាការិនី​រូបនេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាការិនី​មកពី​តំបន់​អឺរ៉ុប​បាន​លេខ​១ និង​កីឡាការិនី​ជប៉ុន​បាន​លេខ​៣​។

លើក​ទី​២​ឆ្នាំ​២០១៧ កាលពី​ខែសីហា​កន្លងទៅ នាង​បាន​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ទៀត ប៉ុន្តែ​បាន​ធ្លាក់​ត្រឹម​ជុំ​ទី​២​។​
​សព្វថ្ងៃ​ក្រៅពី​លេង​ជា​អាជីព ស្រួ​ង ភា​វី​មាន​ភារកិច្ច​២​ផ្សេងទៀត​គឺ​ទី​១​ធ្វើជា​គ្រូបង្ហាត់​ស្នូកឃ័រ​នៅតាម​ក្លឹប និង​ទី​២​ធ្វើជា​ទូត​សុ​ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន​ផលិតផល​ស្នូកឃ័រ​នៅ​កូរ៉េ​មួយ​ដែល​នាង​នឹង​ទទួលបាន​ការជួយឧបត្ថម្ភ​សម្រាប់​ការចេញ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជាដើម​។​

​រហូតដល់​ពេលនេះ​ទាំង​នៅ​កូរ៉េ និង​ប្រទេស​មួយចំនួន​បាន​ស្គាល់​រូបនាង​ថា​ជា​កីឡាការិនី​កម្ពុជា​ដ៏​ល្អ​ម្នាក់ ដោយសារ​រាល់​ការប្រកួត​ម្តងៗ នាង​តែងតែ​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ជា​ខ្មែរ​។ ជាពិសេស​អ្នកសារព័ត៌មាន​នៅ​កូរ៉េ​តែងតែ​ចុះផ្សាយ​ពី​នាង​ជា​បន្តបន្ទាប់​៕

g-snookerg-snooker1