​ចិន​នឹងដាក់​ឲ្យ​ប្រើប្រាស់​ឥន្ធនៈ​អេតាណុល​នៅ​ឆ្នាំ​២០២០

fn-2017-09-13-10-46-02-1

​ប៉េកាំង ៖ ដើម្បី​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស ដោយសារ​ការប្រើប្រាស់​ធ្យូងថ្ម និង​ប្រេងឥន្ធនៈ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ឥន្ធនៈ​អេតាណុល ឬ​អាល់កុល នៅ​ទូទាំងប្រទេស​យ៉ាងយូរ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។

នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​ការប្រកាស​ពី​គំរោង​អនាគត​របស់​ចិន​នេះ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រទេស​ឥណ្ឌា​បានបង្ហាញ​គំរោង​ធំ​មួយ​របស់ខ្លួន​ដែរ នោះ​គឺ​ការធ្វើ​ឲ្យ​មាន​រថយន្ត​ប្រើប្រាស់​ហ្គាស និង​អគ្គិសនី​កាន់តែច្រើន​ក្នុងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ចាប់ពី​ឆ្នាំ​២០៣០​ឡើងទៅ​។​
​បើតាម​សារព័ត៌មាន​រដ្ឋ​ចិន រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក៏មាន​គំរោង​ជំ​រុញឱ្យ​ប្រជាជន​របស់ខ្លួន​ប្រើប្រាស់​ឥន្ធនៈ​ជីវសាស្ត្រ ដែល​បានមកពី​កា​រប​ម្លែ​ង​កាកសំណល់​នៅក្នុង​ផ្ទះ ដូចជា​ខ្លាញ់ ព្រមទាំង​កាកសំណល់​ស្លឹកឈើ​ផងដែរ​នៅ​ឆ្នាំ​២០២៥​។ ម្យ៉ាងវិញទៀត​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រដ្ឋាភិបាល​ចិន បានកំណត់​ពេលវេលា​ជាក់លាក់​ក្នុងការ​ប្រើប្រាស់​ឥន្ធនៈ​ជីវសាស្ត្រ ត្រូវបាន​គេ​ស្គាល់​ក្រោម​គំរោង E10 សំដៅ​ចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស​។​
​សូមជម្រាបថា ចិន​ត្រូវបាន​ចាត់ទុកជា​ប្រទេស ដែលមាន​ការបំពុល​បរិយាកាស​កម្រិត​ខ្ពស់​ក្នុង​លោក ដោយសារតែ​ការអភិវឌ្ឍ​ខ្លាំងក្លា​បំផុត លើ​វិស័យ​ឧស្សាហកម្ម​គ្រប់​ទម្រង់​៕

fn-2017-09-13-10-46-02-1